Ad Code

ជម្រុះ​ខ្សែក្រវាត់​Carabao ជុំ​ចុងក្រោយ ​៖​ យុគ យក្ស​ផ្លែ ជួប Theap Kao ខណៈ​ឡុង ជិន​ឈ្នះ​ដោយ​ស្វ័យប្រវត្តិ



ការប្រកួត​ជម្រុះ​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក​Carabao ទម្ងន់​៥៧ គីឡូក្រាម នៅ​សង្វៀន​ទូរទស្សន៍​SEATV នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី​២១​ ខែ​កក្កដា ឆ្នាំ​​២០១៨​នេះ ជា​ការ​ប្រកួត​ជុំ​ចុងក្រោយ​របស់ អ្នក​ប្រដាល់​កម្ពុជា ​យុគ យក្ស​ផ្លែ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ និង​អ្នក​ប្រដាល់​ថៃ Theap Kao ហើយ​អ្នក​ប្រដាល់​កម្ពុជា​ឡុង ជិន ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ជួប​អ្នក​ប្រដាល់​ថៃ Phach Yaksou។

សម្រាប់​ការប្រកួត​ជុំ​ចុង​ក្រោយនេះ អ្នក​ប្រដាល់​កម្ពុជា​ទាំង​២​រូប គឺ​យុគ យក្ស​ផ្លែ និង​ឡុង ជិន ត្រូវ​ប្រជែង​គ្នា​ដណ្ដើម​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ ក្នុងខណៈដែល​ឈុត សេរី​វ៉ាន់​ថង​ក្លិប​រា​ហ៊ូ​កីឡា​ក៏​កំពុង​តែមាន​ពិន្ទុ ដើរ​ទន្ទឹមគ្នា​ជាមួយ​អ្នកខ្លាំង​ទាំង​២​រូបនេះ​ដែរនោះ។

ជើង​ខ្លាំង​ទាំង​៣​រូបនេះ មាន​ពិន្ទុ​៩​ស្មើគ្នា​ដោយសារ​៣​ប្រកួត​ឈ្នះ ទាំង​៣​ប្រកួត​ដូចគ្នា​តែ​ឡុង ជិន​មានប្រៀប​ខ្លាំងជាងគេ ព្រោះ​ក្នុង​៣​ប្រកួត​នោះ មាន​មួយ​ប្រកួត​គេ​បាន​ផ្ដួល​គូប្រកួត នៅ​ទឹក​ទី​១ ឈ្នះ​ទឹក​៣ មួយ​ប្រកួត​និង​ឈ្នះ​ពិន្ទុ​១​ប្រកួត​។ ឯ យក្ស​ផ្លែ​៣​ប្រកួត​របស់គេ ឈ្នះ​ពិន្ទុ​មួយ​ប្រកួត ឈ្នះ​ទឹក​៣​មួយ​ប្រកួត​និង​ឈ្នះ​ស្វ័យប្រវត្តិ​១​ប្រកួត ចំពោះ​ឈុត សេរី​វ៉ាន់​ថង​វិញ ៣​ប្រកួត​របស់គេ​ឈ្នះ​ទឹក​១​មួយ​ប្រកួត​និង​ឈ្នះ​ដោយ​ពិន្ទុ​២ ប្រកួត។

ការប្រកួត​ជុំ​ចុងក្រោយ​នេះ យុគ​យក្ស​ផ្លែ​ត្រូវ​តស៊ូ​ជាមួយ​អ្នក​ប្រដាល់​ថៃ Theap Kao ដែល​អ្នក​ប្រដាល់​ថៃ​រូប​នេះ ៣​ប្រកួត ឈ្នះ​បាន​មួយ​ប្រកួត និង ចាញ់​ពីរ​ប្រកួត ។​ការប្រកួត​នេះ​ប្រសិនបើ​យក្ស​ផ្លែ ខិតខំ​ផ្ដួល​គូប្រកួត​ឲ្យ​បាន​កាន់តែ​រហ័ស​នោះ គេ​នឹង​មានឱកាស​ដើម្បី​ទទួលបាន​កៅអី​សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ កាន់តែ​ច្រើន​ដែរ។ Theap Kao ជា​អ្នក​ប្រដាល់​មួយរូប ដែល​មិន​ស្រួល​បង្ក្រាប​នោះទេ​គេ​មាន​កម្លាំង​ល្អ និង​កលល្បិច​វាយលុក​ល្អ។

អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៦០​លើក ឈ្នះ​៥១​លើក ចាញ់​៩​លើក ។ ចំពោះ​យុគ យក្ស​ផ្លែ​វិញ មាន​ប្រវត្តិ​ប្រកួត​ចំនួន​១៥៨​លើក ឈ្នះ​១៣៣​លើក ចាញ់​២៤​លើក​ស្មើ​ពិន្ទុ​៤​លើក ។​កណ្ដាប់ដៃ​ដ៏​ធ្ងន់​របស់​យក្ស​ផ្លែ អាច​ផ្ដួល​Theap Kao បាន​ឬទេ ?។

ចំពោះ​ឡុង ជិន ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Phach Yaksou ដែល​អ្នក​ប្រដាល់​ថៃ​រូបនេះ ៣​ប្រកួត​របស់គេ​ចាញ់​មួយ​ប្រកួត និង អវត្តមាន​ពីរ​ប្រកួត​នោះ ។​ឡុង ជិន គេ​មាន​កំនត់ត្រា​ប្រកួត​៦៨​លើក ឈ្នះ​៥២​លើក ចាញ់​១៤​លើក និង​ស្មើ​០១​លើក។
អ្នក​ប្រដាល់​របស់​កម្ពុជា​រូប​នេះ បាន​ទទួល​ជ័យជម្នះ​ដោយ​ស្វ័យប្រវត្តិ ដោយសារ Phach Yak sou អ​វត្ថ​មាន​បោះបង់​ការប្រកួត ដែល​នាំ​ឲ្យ​ឡុង ជិន ទទួលបាន​៣​ពិន្ទុ​បន្ថែម​ដោយ​មិនបាច់​ខំ ។​ដូច្នេះ ៤​ប្រកួត​របស់​ឡុង ជិន ឈ្នះ​ទាំង​៤​ប្រកួត គឺ​ឈ្នះ​ទឹក​១ មួយ​ប្រកួត ទឹក​៣​មួយ​ប្រកួត ឈ្នះ​ដោយ​ពិន្ទុ​១ ប្រកួត និង​ឈ្នះ​ដោយ​ស្វ័យប្រវត្តិ​១​ប្រកួត ។​តែ​យ៉ាងណា មិនទាន់​ដឹង​ច្បាស់​ថា គេ​បាន​ឡើងទៅ​ផ្តាច់ព្រ័ត្រ​ឬ​អត់​នោះទេ ព្រោះ​ត្រូវ​ប្រជែង​ជាមួយ​យុគ យក្ស​ផ្លែ និង​ឈុត សេរី​វ៉ាន់​ថង​ទៀត​។​

ទោះជា​មិនបាន​ប្រកួត​ក្នុង​ជម្រុះ​នេះ​ក៏ដោយ ក៏​ឡុង ជិន​ត្រូវ​គេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​Phat Chhumphun ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ដែរ។ ចាំ​មើល ជំនួប​លើក​នេះ តើន​រណា​ឈ្នះ នោះ​?៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu