Ad Code

គ​.​ជ​.​ប ​បង្ហាញ​ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ និង​បើក​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ស្តីពី​ការឃោសនា



ភ្នំពេញ​ ៖ ​នៅ​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៨​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បើក​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ស្តីពី​ដំណើរការ​ប្រព្រឹត្តទៅ​នៃ​ការឃោសនាបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ និង​ការ​បង្ហាញ​ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ នៅពេល​បោះឆ្នោត ដែល​កម្មវិធី​ទាំងពីរ​នេះ រៀបចំឡើង​ក្រោម​អធិបតីភាព​លោក ហ៊ែ​ល សារ៉ាត់ សមាជិក គ​.​ជ​.​ប នៅ​សាល​ប្រជុំ​ក្រសួងមហាផ្ទៃ ដោយមាន​ការចូលរួម​ពី តំណាង​ក្រុមប្រឹក្សាធម្មនុញ្ញ តំណាង​ក្រសួង ពាក់ព័ន្ធ​នានា តំណាង​គណបក្ស​នយោបាយ តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ តំណាង​ស្ថានទូត​ជប៉ុន ជំនាញ jica និង​អ្នកជំនាញ​កូរ៉េ ប្រចាំ​នៅ គ​.​ជ​.​ប និង​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ យ៉ាងច្រើន។

សូម​បញ្ជាក់​ថា ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ​ ហើយ​ការឃោសនា​រក​សំឡេងឆ្នោត មាន​រយៈពេល​២១​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃទី​០៧ ខែកក្កដា ដល់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨។

ជាមួយគ្នា​នេះ ការ​បោះពុម្ព​សន្លឹកឆ្នោត ក៏​ត្រូវ​បាន​បញ្ចប់​ផង​ដែរ ហើយនឹង​ដឹក​ចេញពី​រោង​ពុម្ព​ ទៅ​រក្សាទុក​នៅក្នុង​ឃ្លាំង​របស់ គ​.​ជ​.​ប នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៨ ហើយនឹង​ដឹក​បន្ត​ទៅកាន់​ការិយាល័យ​បោះឆ្នោត​ទាំង​២២៩៦៧ ការិយាល័យ ទូទាំង​ប្រទេស មិន​ឲ្យ​លើស​៣៦​ម៉ោង​មុន​ថ្ងៃ​បោះឆ្នោត។

ដំណើរការ​បោះឆ្នោត​នេះ មាន​គណបក្ស​នយោបាយ​ចំនួន​២០ បាន​ចូលរួម គឺ​គណបក្ស “​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​” លេខ​រៀង​ទី​១, គណបក្ស “​គណបក្ស​មាតុភូមិ​យើង​” លេខ​រៀង​ទី​២, គណបក្ស “​គណបក្ស​ពន្លឺ​ថ្មី​” លេខ​រៀង​ទី​៣, គណបក្ស “​សញ្ជាតិ​កម្ពុជា​” លេខ​រៀង​ ទី​៤, គណបក្ស “​ខ្មែរ​ក្រោក​” លេខ​រៀង​ទី​៥, គណបក្ស “​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​” លេខ​រៀង​ទី​៦, គណបក្ស “​ប្រជាធិបតេយ្យ​មូលដ្ឋាន​” លេខ​រៀង​ទី​៧, គណបក្ស “​ខ្មែរ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​” លេខ​រៀង​ទី​៨, គណបក្ស “​រស្មី​ខេមរា​” លេខ​រៀង​ទី​៩, គណបក្ស “​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​” លេខ​រៀង​ទី​១០, គណបក្ស “​ខ្មែរ​សាធារណរដ្ឋ​” លេខ​រៀង​ទី​១១, គណបក្ស “​ខ្មែរ​ឈប់​ក្រ​” លេខ​រៀង​ទី​១២, គណបក្ស “​ហ៊ុនស៊ិនប៉ិច​” លេខ​រៀង​ទី​១៣, គណបក្ស “​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​” លេខ​រៀង​ទី​១៤, គណបក្ស “​យុវជន​កម្ពុជា​” លេខ​រៀង​ទី​១៥, គណបក្ស “​ធម្មាធិបតេយ្យ​” លេខ​រៀង​ទី​១៦, គណបក្ស “​ឆ​ន្ទះ​ខ្មែរ​” លេខ​រៀង​ទី​១៧, គណបក្ស “​ជន​ជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា​” លេខ​រៀង​ទី​១៨, គណបក្ស “​ខ្មែរ​តែមួយ​” លេខ​រៀង​ទី​១៩ និង​គណបក្ស “​ប្រជាជន​កម្ពុជា​” លេខ​រៀង​ទី​២០៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu