Ad Code

ក្មេង​ប្រុស​ស្រី​៣​នាក់ ​នាំ​គ្នា​ចុះ​លេង​ទឹកទន្លេ​ បណ្ដាល​ឲ្យ​លង់​ស្លាប់​ម្នាក់​ និង ​ជួយ​សង្គ្រោះ​បាន​២​នាក់



ភ្នំពេញ​ ៖​ ក្មេងប្រុស ស្រី​៣​នាក់​ បាន​គ្នា​នាំគ្នា​ចុះទៅ​លេង​ទឹកទន្លេ ​ក៏​ស្រាប់តែ​ក្មេងស្រី​ម្នាក់​ត្រូវ​លង់ទឹក​ស្លាប់​ បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​១៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៥​ ខែ​កក្កដា​ ឆ្នាំ២០១៨ ​តាម​បណ្តោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ​នៅ​ចំណុច​មាត់ទន្លេ​ ស្ថិត​នៅក្នុង​សង្កាត់​ផ្សារកណ្តាល​១​ខណ្ឌដូនពេញ​។



សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ក្មេងស្រី​រងគ្រោះ ​ដែល​ស្លាប់​មានឈ្មោះ​ឃឿន លក្ខិណា អាយុ​១១​ឆ្នាំ ស្នាក់​នៅផ្ទះ​35E3 ផ្លូវ​១១០ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ មាន​ស្រុកកំណើត នៅ​ស្រុក​មេសាង ខេត្តព្រៃវែង មាន​ម្តាយ​ឈ្មោះ​ជា ចាន់នី ភេទ​ស្រី អាយុ​៤៨​ឆ្នាំ ស្នាក់នៅ​ជាមួយគ្នា​។



ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​ក្មេងប្រុស​ម្នាក់​រួម​នឹង​ក្មេងស្រី​២​នាក់​ទៀត ​បាន​នាំ​គ្នា​ទៅ​ចុះ​ទៅលេង​ទឹកទន្លេ​ ហើយ​មិនដឹង​ជា​យ៉ាងម៉េច​នោះ​ទេ​បានជា​ក្មេង​ទាំងនោះ​លង់ទឹក​ភ្លាមៗ​នោះ​។ ប៉ុន្តែ​ខណៈនោះ​ក៏​មាន​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​កំពុងតែ​ស្ទូចត្រី​ ដោយ​ឃើញ​ដូច្នេះ​ក៏​លោតទឹក​ចូល​ជួយ​បាន​ក្មេងស្រី​ម្នាក់​និង​ក្មេងប្រុស​ម្នាក់​ចំណែកឯ​ក្មេងស្រី​រងគ្រោះ​ខាងលើ​នេះ​ បាន​លង់ទឹក​បាត់​ទៅ​ហើយ ​ប្រហែលជា​១៥​នាទី​ក្រោយមក​ក៏​ផ្អើល​ទៅដល់​ប្រជាពលរដ្ឋ​ និង​លោក​សុខ ពេញ​វុ​ធ ​អភិបាល​ខណ្ឌដូនពេញ ​ចុះ​មក​កន្លែងកើតហេតុ​និង​បាន​ទំនាក់ទំនង​ហៅ​ខាង​បងប្អូន​ទូក​ឥស្លាម​ មក​ជួយ​រុករក​រហូត​ឃើញ​សព​ជនរងគ្រោះ​ស្រង់​មក​លើ​គោក​ដោយ​ក្រុម​ទូក​ឥស្លាម​ទាំងនោះ​ បាន​ទាមទារ​ថ្លៃ​រាវរក​សព​ឃើញ​ចំនួន​៣០០ដុល្លារ​ធ្វើ​ឲ្យ​ម្តាយ​របស់​ជនរងគ្រោះ​គាត់​គ្មាន​លទ្ធភាព​ចំនួន​៣០០ដុល្លារ​ឲ្យ​ទៅ​ក្រុម​ទូក​ឥស្លាម​នោះ ​ទើប​លោក​អភិបាលខណ្ឌ​ដូនពេញ​គាត់​ចេញមុខ​រ៉ាប់រង​ឲ្យ​ម្តាយ​ជនរងគ្រោះ​ ​នោះ​ផង​ដែរ។



ប្រភព​ព័ត៌មាន​បា​នប​ន្ត​ទៀត​ថា ​លោក​សុខ ពេញ​វុ​ធ ​អភិបាល​ខណ្ឌដូនពេញ​មិន​ត្រឹមតែ​ចេញថ្លៃ​រាវរក​សព​ចំនួន​៣០០ដុល្លារ​ឲ្យ​នោះ​ទេ​ គឺ​លោក​អភិបាលខណ្ឌ​បានចេ​ញ​ថ្លៃ​ឡាន​ដឹក​សព​ហើយក៏​ជូន​ថវិកា​ចំនួន​១​លាន​រៀល​ ដល់​ម្តាយ​របស់​ក្មេងស្រី​រងគ្រោះ​ បញ្ជូន​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ស្រុក​កំណើត​ផងដែរ​៕

    



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu