Ad Code

ក្មេងប្រុស​ជិះ​ម៉ូតូ​ចេញពី​សាលា ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត​បុក​ពេញទំហឹង របួសធ្ងន់​-​ស្រាល​២​នាក់​

ប៉ៃលិន ៖ ក្មេងប្រុស​ម្នាក់ បាន​ជិះ​ម៉ូតូ​ចេញពី​សាលារៀន​ឡើង​មក​ដល់​ផ្លូវ​ជាតិ ស្រាប់​តែ​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​បុក​ពេញទំហឹង បណ្ដាល​ឲ្យ​ម៉ូតូ​ទាំងពីរ​ដួល ចំណែក​ម្ចាស់​ម៉ូតូ​រង​របួស​ធ្ងន់​១ ស្រាល​១​។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៥ លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥៧ ស្ថិត​ក្នុង​ភូមិ​អូរ​ពើត សង្កាត់​ទូល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។​
ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​ក្មេងប្រុស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្កប់​ពី​ចេញពី​សាលា​តែម្នាក់ឯង លុះ​ឡើង​មកដល់​ផ្លូវ​ជាតិ​លេខ​៥៧ ស្រាប់​តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក់​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៣ បើកបរ​ដោយ​បុរស​ម្នាក់ ក្នុង​ល្បឿន​លឿន​ទំនងជា​ស្រវឹងស្រា ជិះ​រេ​ចង្កូត​ពេញ​ផ្លូវ ក្នុង​ទិសដៅ​ស្របគ្នា​ពី​កើត​ទៅ​លិច លុះ​មកដល់​ចំណុច​កើតហេតុ​ក៏​បុក​ជាមួយ​ម៉ូតូ​យុវសិស្ស​នោះ បណ្ដាល​ឲ្យ​ដួល​ទាំងពីរ​គ្រឿង ចំណែក​ម្ចាស់​ម៉ូតូ​បង្ក​សន្លប់​និង​កន្លែង​។​ ប្រភព​បន្ត​ថា ក្រោយ​ពេល​កើតហេតុ​គេ​ឃើញ​ប៉ូលិស​ចរាចរណ៍​ផ្លូវ​គោក​ខេត្ត​ចុះ​មក​វាស់វែង​។​
តាម​ប្រភព​ពី​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ អ្នក​បើកបរ​ម៉ូតូ​ស្កប់​ពី​ឈ្មោះ ម៉ៅ ភ​ត្រា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​សិស្ស (​រង​របួស​ស្រាល​) រស់នៅ​ភូមិ​បរ​ហ៊ុយ​ជើង សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ជិះ​ម៉ូតូ​ម៉ាក់​ស្កប់​ពី ពណ៌​ស ពាក់​ស្លាក​លេខ​ប៉ៃលិន​1A-1049 រង​ការខូចខាត​ម៉ាស៊ីន​ផ្នែក​ខាង​ឆ្វេង​។ ចំណែក​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ទៀត​មិន​ត្រួវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ គ្រាន់តែ​ដឹង​ថា​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ​ប៉ៃលិន​1A-2252 បើក​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ រង​របួស​សន្លប់​នឹង​កន្លែង​។
ក្នុង​ហេតុការណ៍​នេះ​ដែរ ម្ចាស់​ម៉ូតូ​ទាំងពីរ​បាន​សម្រួល​គ្នា​ដើម្បី​បញ្ចប់​រឿង​។ តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ចរាចរណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​មកពី​កត្តា​មនុស្ស​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​៕​
សេង សុវណ្ណារិទ្ធ​



Post a Comment

0 Comments

Close Menu