Ad Code

ខ្សែក្រវាត់​លី​អូ ៖ សេង ស្រឿ​ន ​ជួប​ សល់​ពិសិដ្ឋ ,​ឈឿន ឆៃ​ដែន ​ជួប ​ម៉ន​ លី​ហ៊ួ​រ

ភ្នំពេញ ៖ ក្នុង​ការ​ប្រកួត​ជម្រុះ​ជុំ​ទី​៣ ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​លី​អូ​ទម្ងន់​៦០​គីឡូក្រាម នា​រសៀល​ថ្ងៃ​សៅរ៍​ ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​លើ​សង្វៀន​រោង​សៀក​អតីត​មហោស្រព​ទន្លេបាសាក់​ទល់មុខ​រដ្ឋសភា​នោះ សេង ស្រឿ​ន អ្នក​ប្រដាល់​ក្លិប​ព្រះខ័នរាជ្យ ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់ ​សល់ ពិសិដ្ឋ ក្លិប​កុសល​កីឡា​។​
សេង ស្រឿ​ន ប្រកួត​ពីរ​ជុំ​កន្លង​មក​នេះ​ចាញ់​ទាំងពីរ​ប្រកួត មាន​២​ពិន្ទុ ឯ សល់ ពិសិដ្ឋ ពីរ​ប្រកួត​ដូចគ្នា ក៏​ចាញ់​ទាំងពីរ​ប្រកួត​មាន​២​ពិន្ទុ​ដែរ​។ សម្រាប់​ការ​ជួបគ្នា​រវាង​ សេង ស្រឿ​ន​ និង ​សល់ ពិសិដ្ឋ​នេះ គេ​មិន​ហ៊ាន​ទាយ​មុន​ថា​អ្នកណា​ឈ្នះ​អ្នកណា​ចាញ់​នោះ​ឡើយ ព្រោះថា​អ្នក​ប្រដាល់​ទាំង​ពីរ​នេះ​មិន​ធ្លាប់​ដែល​ជួបគ្នា​ទេ​កន្លងមក​។​
ពួកគេ​ពីរ​នាក់​នេះ បើ​តាម​ការ​កត់​សម្គាល់​ពី​បច្ចេកទេស​ក្នុង​ការ​ប្រកួត​កន្លងមក គឺ​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា​ទេ ដូច្នេះ​នរណា​ឈ្នះ នរណា​ចាញ់​នោះ គឺ​ស៊ីសង​លើ​កម្លាំង​ស៊ុ​ហ្វ​អ្នក​ណា​ខ្លាំង​រឹងមាំ​ជាង អ្នកនោះ​ឈ្នះ​ហើយ​។
សេង ស្រឿ​ន កាលពី​ជុំ​ទី​២​បាន​វាយ​ចាញ់ ​ម៉ន លី​ហ៊ួ​រ ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក​ដោយ​ពិន្ទុ​។ ចំណែក សល់ ពិសិដ្ឋ​វិញ គេ​បាន​វាយ​ចាញ់ ​ឈឿន ឆៃ​ដែន អ្នក​ប្រដាល់​ក្លិប​និរោធ​មាន​ជ័យ​ក្នុង​ទឹក​ទី​២​។
សម្រាប់​ការ​ជួប​គ្នា​រវាង ​សេង ស្រឿ​ន និង សល់ ពិសិដ្ឋ​នៅ​ជុំ​ទី​៣​នេះ មិន​ដឹង​ថា​នរណា​ជួប​សំណាងល្អ នរណា​ជួប​សំណាងអាក្រក់​នោះ​ទេ​? ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​ប្រដាល់​ក្នុងស្រុក ពួកគេ​មាន​ជំនឿ​ទុកចិត្ត​លើ​សេង ស្រឿ​ន ឈ្នះ​ច្រើនជាង ដោយហេតុថា ​ស្រឿ​ន​ គេ​មាន​កម្លាំង​ស៊ុ​ហ្វ​ល្អ​ជាង​ពិសិដ្ឋ​។​
ចំពោះ​ការប្រកួត​ជម្រុះ​មួយគូ​ទៀត​នោះ ឈឿន ឆៃ​ដែន អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ ត្រូវ​ជួប​ប្រកួត​ជាមួយ​ ម៉ន លី​ហ៊ួ​រ អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក​។ ពួកគេ​ពីរ​នាក់​នេះ ក៏​មិន​ធ្លាប់​ប៉ះ​គ្នា​ដែរ​កន្លងមក​។
រវាង​ពួកគេ​ទាំងពីរ​នាក់​នេះ ជា​អ្នក​ប្រដាល់​ខ្លាំង​ដូចគ្នា គ្រាន់តែ​ លី​ហ៊ួ​រ មាន​ស្នៀត​ប្រដាល់​អន់​ជាង ហើយ​ថែមទាំង​មាន​កម្ពស់​ទាប​ជាង​បន្តិច​ប៉ុណ្ណោះ​។ ឆៃ​ដែន ប្រកួត​សម្រុក​ខ្លាំង ហើយ​គេ​ខ្លាំង​និង​ល្អ​ជង្គង់ តែ​ក៏​ពិបាកធ្វើ​លី​ហ៊ួ​រ​ដែរ ព្រោះថា​គេ​មិនអាច​ចាប់​លី​ហ៊ួ​រ​ជាប់​នោះ​ទេ ដូច្នេះ​លទ្ធភាព​វាយ​ជង្គង់​គឺ​មាន​តិចតួច​ណាស់​។ ក្នុង​ការ​ប្រកួត​ជុំ​ទី​២​កន្លង​មក​នេះ ឈឿន ឆៃ​ដែន បាន​វាយ​សល់ ពិសិដ្ឋ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២​។​
ម៉ន លី​ហ៊ួ​រ គេ​មាន​ភាព​រហ័សរហួន ស្នៀតគុន​គេ​ក៏​មាន​លក្ខណៈ​ល្អ​ប្រសើរ​ដែរ​។​ ប៉ុន្តែ​សម្រាប់​ការប្រកួត​នេះ ក្រុម​អ្នក​វិភាគ​ប្រដាល់​គេ​មិន​ហ៊ាន​ទស្សន៍ទាយ​ថា អ្នកណា​ឈ្នះ​ និង​អ្នកណា​ចាញ់​ដែរ​។
ឈឿន ឆៃ​ដែន ពីរ​ប្រកួត​កន្លង​មក​នេះ​ឈ្នះ​ទាំង​២​ប្រកួត មាន​៦ ពិន្ទុ​ក្នុង​ដៃ​។ រីឯ ម៉ន លី​ហ៊ួ​រ ២​ប្រកួត​កន្លងមក ក៏​ឈ្នះ​ទាំងពីរ​ប្រកួត​បាន​៦​ពិន្ទុ​ដែរ​។ ចាំ​មើល ការប្រកួត​ជុំ​ទី​៣​នេះ តើ ​ឆៃ​ដែន​ឬ​លី​ហ៊ួ​រ ដែល​រកបាន​៣​ពិន្ទុ​បន្ថែម​នោះ​? ​
ចំពោះ​ការប្រកួត​ក្រៅពី​គូ​ខ្សែក្រវាត់​នេះ មាស សារិទ្ធ អ្នក​ប្រដាល់​ក្លិប​ភារ​ម្យ​គុន​ខ្មែរ ប្រកួត​ជា​មួយ​ ពុទ្ធ​ផន កុសល អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ក្នុង​ទម្ងន់​៦៩​គីឡូក្រាម ​ហើយ ផាន់ សា​រ៉ែ​ម អ្នក​ប្រដាល់​ក្លិប​គជសារ​កីឡា ប្រកួត​ជាមួយ ​ម៉ន គឹម​ឡុង អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កង​ទ័ព​ជើងគោក​៕​
វិ​សិទ្ធ ​
​ ​

​ ​




Post a Comment

0 Comments

Close Menu