Ad Code

UN និយាយថា ផលិតកម្ម​មេ​តំ​ហ្វេ​តា​មីន ​កំពុង​កើនឡើង​នៅ​តំបន់​អាស៊ីអាគ្នេយ៍



ភ្នាក់ងារ​ប្រឆាំង​គ្រឿងញៀន​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ផលិតកម្ម​មេ​តំ​ហ្វេ​តា​មីន​កំពុងតែ​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ខណៈ​តម្លៃ​បាន​ធ្លាក់ចុះ​ហើយ​ការប្រើប្រាស់​កំពុង​រីក​រា​ល​ដាល។

របាយការណ៍​មួយ​ដែល​ត្រូវបាន​ចេញផ្សាយ​ដោយ​ការិយាល័យ​អង្គការសហប្រជាជាតិ​ស្តីពី​គ្រឿងញៀន​និង​ឧក្រិដ្ឋកម្ម (UNODC) បាន​និយាយថា ថ្វីបើ​ការ​រឹបអូស​ថ្នាំញៀន​ដែល​គេ​ស្គាល់​ថា​ទឹកកក​និង​យ៉ាម៉ា​នៅក្នុង​ទម្រង់​ផ្សេងៗ​បាន​ឈានដល់​កម្រិត​ខ្ពស់​កាលពី​ឆ្នាំមុន​ក៏ដោយ​ក៏​តម្លៃ​តាម​ដងផ្លូវ​នៅតែ​ធ្លាក់ចុះ។

ទីភ្នាក់ងារ​នេះ​បាន​ឲ្យ​ដឹងថា មេ​តំ​ហ្វេ​តា​មីន​បាន​ក្លាយជា​ក្តីបារម្ភ​អំពី​គ្រឿងញៀន​ដ៏​ធំ​សម្រាប់​ប្រទេស​ចំនួន​១២​ក្នុងចំណោម​១៣​ប្រទេស​នៅ​តំបន់​អាស៊ី​បូព៌ា​និង​អាស៊ីអាគ្នេយ៍​ពោលគឺ​កើនឡើង​ពី​៥​ទសវត្សរ៍​មុន​។ ករណី​លើកលែងតែ​មួយគត់​គឺ​នៅ​ប្រទេស​វៀតណាម​ដែលជា​កន្លែង​ហេ​រ៉ូ​អ៊ី​ន​ត្រូវបាន​គេ​ចាត់ទុកថា​ជា​បញ្ហា​ចម្បង។

ទីភ្នាក់ងារ​របស់ UN បាន​និយាយថា គ្រាន់តែ​នៅក្នុង​ប្រទេស​ថៃ មេ​តំ​ហ្វេ​តា​មីន​ចំនួន​៥១៥​លាន​គ្រាប់​ត្រូវបាន​រឹបអូស​នៅក្នុង​ឆ្នាំ​២០១៨​ពោលគឺ​ស្មើនឹង​១៧​ដង​នៃ​បរិមាណ​គ្រឿងញៀន​សរុប​ដែល​ត្រូវ​រឹបអូស​បាន​កាល​ពីមួយ​ទសវត្សរ៍​មុន​នៅក្នុង​ប្រទេស​ចំនួន​១៣​រួមបញ្ចូល​គ្នា​។ ការផ្គត់ផ្គង់​ភាគច្រើន​គឺ​មកពី​ប្រទេស​មី​យ៉ាន់​ម៉ា​ដែល​ស្ថិតនៅ​ជិតខាង។

លោក Tun Nay Soe អ្នកសម្របសម្រួល​កម្ម​វិធី​អន្តរ​តំបន់​របស់​ទីភ្នាក់ងារ​នេះ​បាន​និយាយថា “​ទិន្នន័យ​ស្តីពី​ការ​រឹបអូស តម្លៃ ការប្រើប្រាស់​និង​សកម្មភាព​បានចង្អុលបង្ហាញ​អំពី​ការពង្រីក​ជា​បន្ត​នៃ​ទីផ្សារ​មេ​តំ​ហ្វេ​តា​មីន​នៅ​តំបន់​អាស៊ី​បូព៌ា​និង​អាស៊ីអាគ្នេយ៍”។

ស្របពេល​ជាមួយគ្នានេះដែរ របាយការណ៍​នេះ​បាន​ព្រមាន​ថា ក្រុម​ឧក្រិដ្ឋកម្ម​ដែលមាន​ការរៀបចំ​នៅក្នុង​តំបន់​បាន​បង្កើន​ការចូលរួម​របស់​ពួកគេ​ក្នុង​ការផលិត​និង​ការជួញដូរ​មេ​តំ​ហ្វេ​តា​មីន​និង​ថ្នាំ​ដទៃទៀត​នៅក្នុង​តំបន់ត្រីកោណមាស​ដែលជា​តំបន់​ព្រំដែន​រវាង​ប្រទេស​មី​យ៉ាន់​ម៉ា ឡាវ​និង​ថៃ​ដែល​ធ្លាប់ជា​ប្រភព​ដ៏​សំខាន់​នៃ​អាភៀន​និង​ហេ​រ៉ូ​អ៊ី​ន។

ភ្នាក់ងារ​គ្រឿងញៀន​នេះ​បាន​ព្រមាន​ថា ឱសថ​សំយោគ​ផ្សេងទៀត​ក៏​កំពុង​ទទួលបាន​ការអូសទាញ​នៅក្នុង​ទីផ្សារ​អាស៊ី​ផងដែរ។

លោក Jeremy Douglas តំណាង​ប្រចាំ​តំបន់​សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍​និង​ប៉ាស៊ីហ្វិក​របស់​អង្គការ UNODC បាន​និយាយថា ក្រៅពី​មេ​តំ​ហ្វេ​តា​មីន​ដែល​កំពុង​ទទួល​បានកា​រ​យកចិត្តទុកដាក់​បំ​ផុត​ដោយសារតែ​ការកើនឡើង​នៃ​ការ​រឹបអូស​និង​ការធ្លាក់​ថ្លៃ​តាម​ចិញ្ចើមផ្លូវ​នោះ ឱសថ​សំយោគ​និង​ថ្នាំ​ដទៃទៀត​ក៏ត្រូវ​បាន​គេ​រកឃើញ​ផងដែរ​នៅ​ទូទាំង​តំបន់​៕ AP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu