Ad Code

ធ្លាយ​រឿងអាស្រូវ​លោក​អធិការ​រង​ ទទួលបន្ទុក​អន្តោប្រវេសន៍​ស្រុក​សំរោង​ទង​ ជា​មេ​ឆ្នោត​វៀតណាម​ដ៏​ធំ



កំពង់ស្ពឺ​ ៖​ រឿងអាស្រូវ​របស់​លោក​អធិការរង នគរបាល​ស្រុក​សំរោង​ទង ត្រូវ​បាន​បែក​ធ្លាយ​បញ្ច្រាស​ខ្យល់​ថា ​បាន​នៅ​ពី​ក្រោយខ្នង​ល្បែងស៊ីសង​ដ៏​ធំ (​មេ​កន្ទុយលេខ​វៀតណាម​) ដោយ​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​ឱ្យ​កូនកញ្ច្រែង​ដាក់​លេខ​ឆ្នោត​ឱ្យ​ខ្លួន។

តាមពិត​មេ​ឆ្នោត​វៀតណាម​ដ៏​ធំ​ម្នាក់​នោះ ជា​មន្ត្រីនគរបាល​ពាក់​ស័ក្ដិ​ថ្នាក់​វរសេនីយ៍ និង​មាន​តួនាទី​ជា​អធិការរង ប៉ុន្តែ​បែរ​ជា​រកស៊ី​ល្មើសច្បាប់ (​ល្បែងស៊ីសង​) ទទួល​ស៊ី​លេខឆ្នោត​វៀតណាម​បែបនេះ ដែល​ប្រាសចាក​ពី​តួនាទី ភារកិច្ច​របស់​ខ្លួន​ជា​មន្ត្រី​អ្នក​អនុវត្តន៍​ច្បាប់ ព្រមទាំង​ផ្ទុយ​ពីបទ​បញ្ជា​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ឱ្យ​គ្រប់​កម្លាំង​នគរបាល​រាជធានី ខេត្ត អធិការ​នគរបាល​ក្រុង ស្រុក​ត្រូវ​លុបបំបាត់​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ក្នុង​ទឹកដី​ដែល​ខ្លួន​កំពុង​គ្រប់គ្រង​តែម្តង។

លោក​អធិការរង នគរបាល​ស្រុក​សំរោង​ទង ដែល​កំពុង​ធ្លាយ​រឿងអាស្រូវ​បញ្ច្រាស​ខ្យល់​ពាក់ព័ន្ធ​ល្បែងស៊ីសង​កន្ទុយលេខ​វៀតណាម​នោះ ត្រូវបាន​ប្រភព​បង្ហើប​ប្រាប់​ឱ្យដឹងថា មានឈ្មោះ ហង្ស សំរេច ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍​ទទួលបន្ទុក​អន្តោប្រវេសន៍ ត្រូវជា​ប្អូនថ្លៃ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ។



ពាក់ព័ន្ធ​មន្ត្រីនគរបាល​ម្នាក់ ដែល​រង​ការចោទប្រកាន់ថា​នៅ​ពី​ក្រោយខ្នង​ល្បែងស៊ីសង (​ឆ្នោត​វៀតណាម​) ជា​អធិការរង ស្រុក​សំរោង​ទង និង​ជា​ប្អូនថ្លៃ​ផង​​នោះ​ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ឆ្លើយ​វិញ​ថា «​លោក​មិន​គាំទ្រ អំពើ​ល្មើសច្បាប់ នៅក្នុង​ដែនដី​លោក​ទេ បើ​លោក​ស៊ើប​ដឹង លោក​នឹង​ចាត់​វិធានការណ៍ តាមផ្លូវ​ច្បាប់ បើទោះជា បុគ្គល​នោះ ជាប់សាច់​ឈាម​លោក​ក៏ដោយ​......»។

សេចក្តីរាយការណ៍​ពី​មហាជន បាន​លើកឡើងថា មេ​ឆ្នោត​វៀតណាម​ដ៏ធំ​ប្រចាំ​ស្រុក​សំរោង សព្វថ្ងៃនេះ​មាន​តួនាទី​ជា​ប៉ូលិស​ថ្នាក់​អធិការរង ប៉ុន្តែ​មិន​ដឹង​មាន​ខ្សែ​ខាង​ណា​ទេ បាន​ប្រើប្រាស់​គ្រប់​រូបភាព និង​មធ្យោបាយ​ដើម្បី​ប្រមូល​កូនកញ្ច្រែង (​អ្នកទទួល​កត់​ឆ្នោត​) ដាក់​លេខ​ឱ្យ​ខ្លួន​ដើម្បី​ស៊ីសង បើ​មិន​ដាក់ឱ្យ​ទេនោះ​ពិត​ជាមាន​បញ្ហា​មិន​ខាន។

នាយ​នគរបាល​ជាន់ខ្ពស់ ដែល​ទទួលរង ការរិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​ករណី​ល្បែងស៊ីសង គឺ​លោក​វរសេនីយ៍ ហង្ស សំរេច បាន​ប្រើ​ប្អូន​របស់ខ្លួន​ឈ្មោះ ហៀ​ង​ជា​អ្នកចាត់ចែង​ការងារ​លុយកាក់ និង​បញ្ជីស្នាម​ផ្សេងៗ។

ក្រៅតែពី​លោក ហង្ស សំរេច អធិការរង នគរបាល​ស្រុក​សំរោង ជា​មេ​ឆ្នោត​វៀតណាម​នោះ នៅ​មេ​ឆ្នោត​ផ្សេងៗ​ទៀត​ក៏​រកស៊ី​ដូចនេះ ប៉ុន្តែ​ការបង្ក្រាប​មិនចេះ​នោះទេ ព្រោះ​មានម​ន្ត្រី​ខិល​ខូច​ខ្លះ​ជួយ​បិទបាំង​ដើម្បី​លាភសក្ការៈ​ផ្ទាល់ខ្លួន​ផ្ទុយ​ពីបទ​បញ្ជា​ថ្នាក់លើ។

ជុំវិញ​ការរិះគន់​ខាងលើ​ពាក់ព័ន្ធ​នឹង​មន្ត្រីនគរបាល​ឈ្មោះ ហង្ស សំរេច នៅ​ពីក្រោយ​ល្បែង​កន្ទុយលេខ​វៀតណាម លោកស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន បាន​បកស្រាយ​ថា «​បើ​សរសេរ​សូម​ត្រឹម​បុគ្គល​អ្នកប្រព្រឹត្ត​បាន​ហើយ​! ខ្ញុំ​ទទួលស្គាល់​បុគ្គល​នោះ​ជា​ប្អូនថ្លៃ​ខ្ញុំ​មែន ប៉ុន្តែ​ទាក់ទិន​នឹង​មុខរបរ​ខុសច្បាប់​ខ្ញុំ​មិនមាន​ការពាក់ព័ន្ធ​ទេ។ ដូចនេះ​អ្នកមើល​អាច​នឹង​យល់ច្រឡំ។ ខ្ញុំ​នឹង​ចំណាត់ការ​ស្រាវជ្រាវ និង​សូម​សំណូមពរ​សមត្ថកិច្ច​នានា​ជួយ​ចំណាត់ការ​រឿងនេះ»។



លោកស្នងការ​បញ្ជាក់ថា «​បុគ្គល​រូបនេះ ត្រូវតែ​ទទួលទោស ប្រសិនបើ​រកឃើញថា​បាន​នៅ​ពីក្រោយ​ល្បែង​របៀបនេះ​ពិតមែន»។

ពាក់ព័ន្ធ​រឿងអាស្រូវ​របស់លោក​វរសេនីយ៍ ហង្ស សំរេច អធិការ​រង​នគរបាល​ស្រុក​សំរោង​ទង កាង​ល្បែង​កន្ទុយលេខ​នេះ ស្នងការដ្ឋាន នគរបាល​ខេត្តកំពង់ស្ពឺ បានចេញ​សេចក្តីបំភ្លឺ​ភ្លាមៗ​ថា «​ស្នងការដ្ឋាន នគរបាល​ខេត្តកំពង់ស្ពឺ សូម​ធ្វើការប្រកាស យ៉ាង​ដាច់អហង្ការ ចំពោះ​បុគ្គល​ណា​ដែល​បាន​យក​តួនាទី​និង​កំពុង​ប្រព្រឹត្ត​ខ្លួន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​បទ​ល្មើស ឬ​ស្ថិតនៅ​ពីក្រោយ​ខ្នង​នៃ​បទ​ល្មើស សូម​ធ្វើ​ការដកខ្លួន​ជាបន្ទាន់ និង​បញ្ឈប់​សកម្មភាព​ទាំងឡាយណា​ដែល​ផ្ទុយ​នឹង​ច្បាប់​រដ្ឋ មិនត្រូវ​យកឈ្មោះ​ថ្នាក់ដឹកនាំ​ស្នងការ ទៅ​ប្រើ​ប្រាស់​ជាដាច់ខាត​»​។​

ក្នុងនាម​ស្នងការដ្ឋាន​នគរបាល​ខេត្ត សូម​ធ្វើ​ការអំពាវនាវលើ​ក​ទឹកចិត្ត​ដល់​គ្រប់​ស្ថាប័ន​មាន​សមត្ថកិច្ច​អ្នក​អនុវត្ដ​ច្បាប់​ទាំងអស់ មេត្តា​ជួយ​សហការ និង​បង្ក្រាប​ករណី​មាន​ជន ឬ​បុគ្គល​ណា​ដែល​អះអាងថា ជា​បងប្អូន​ខ្សែស្រឡាយ​ថ្នាក់ដឹកនាំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ ត្រូវតែ​អនុវត្ត​ច្បាប់​មុនគេ និង​ត្រូវបញ្ជូន​ខ្លួន​ជន​នោះ​ទៅ​តុលាការ​ដើម្បី​ធ្វើការ​ផ្ដន្ទាទោស​តាមច្បាប់​ជា​ធរមាន៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu