Ad Code

KCNA៖ ជនជាតិ​កូរ៉េខាងជើង ​ចេញទៅ​បោះឆ្នោត​មាន​ចំនួន​៩៩,៩៩​ភាគរយ



ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​នៅ​ថ្ងៃ​អង្គា​រថា ចំនួន​អ្នក​ចេញទៅ​បោះឆ្នោត​នៅក្នុង​ការបោះឆ្នោត​របស់​ប្រទេស​កូរ៉េខាងជើង​បាន​ឈានដល់​៩៩,៩៩​ភាគរយ​នៅ​ឆ្នាំនេះ​ពោលគឺ​កើនឡើង​ពី​៩៩,៩៧​ភាគរយ​ពី​ការបោះឆ្នោត​លើកចុងក្រោយ​បំផុត។

ខណៈដែល​តួលេខ​នៃ​ការចូលរួម​នេះ​មិន​ដែលមាន​ប្រទេស​ប្រជាធិបតេយ្យ​លោកខាងលិច​ណា​អាច​សម្រេចបាន​នោះ​, ប្រជាជន​កូរ៉េខាងជើង​រាប់លាន​នាក់​បានធ្វើ​ដំណើរ​ទៅ​បោះឆ្នោត​នៅ​ទូទាំងប្រទេស​ជា​រៀងរាល់​៥​ឆ្នាំ​ម្តង​ដើម្បី​ជ្រើសរើស​អង្គនីតិបញ្ញត្តិ​ដែល​គេ​ស្គាល់​ថា សភា​ប្រជាជន​កំពូល (SPA)។

ប៉ុន្តែ​ដោយសារតែ​មានឈ្មោះ​តែមួយគត់​ដែល​ត្រូវបាន​គេ​អនុម័ត​នៅលើ​សន្លឹកឆ្នោត​នីមួយៗ​នៅក្នុង​ប្រទេស​ដាច់ស្រយាល​ដែល​ត្រូវបាន​គ្រប់គ្រង​ដោយ​គណបក្ស​កម្ម​កររ​បស់​លោក​គីម​ជុង​អ៊ុន​នោះ លទ្ធផល​គឺ​គ្មានអ្វី​ត្រូវ​សង្ស័យ​ឡើយ។

ទីភ្នាក់ងារ​ព័ត៌មាន KCNA ផ្លូវការ​របស់​កូរ៉េខាងជើង​បាន​រាយការណ៍​ថា អ្នកចូលរួម​បោះឆ្នោត​ក្នុងឆ្នាំនេះ​គឺ​ស្ថិតក្រោម​១០០​ភាគរយ​ខណៈ​អ្នក​ដែល​ស្ថិតនៅ​ក្រៅប្រទេស​ឬ​ធ្វើការ​ក្នុង​មហាសមុទ្រ​មិនអាច​ចូលរួមបាន។

KCNA បាន​រាយការណ៍​ដោយ​លើកឡើង​ពី​របាយការណ៍​មួយ​ដែល​ចេញ​ដោយ​គណៈកម្មាធិការ​បោះឆ្នោត​កណ្តាល​ថា “​អ្នកបោះឆ្នោត​ទាំងអស់​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​នេះ​ដើម្បី​ពង្រឹង​អំណាច​ប្រជាជន​របស់​យើង​ឲ្យ​រឹងមាំ​ដូច​ថ្ម”។

KCNA បាន​បន្ថែមថា “១០០​ភាគរយ​នៃ​ពួកគេ​បាន​បោះ​សន្លឹកឆ្នោត​របស់​ពួកគេ​ដល់​បេក្ខជន​សម្រាប់​តំណាងរាស្ដ្រ​នៅក្នុង SPA ដែល​បាន​ចុះបញ្ជី​នៅក្នុង​មណ្ឌលបោះឆ្នោត​ដែល​ពាក់ព័ន្ធ​”​។​

ទោះបីជា​យ៉ាងណាក៏ដោយ បញ្ជី​លម្អិត​នៃ​បេក្ខជន​ចំនួន​៦៨៧​នាក់​មិនត្រូវ​រកបាន​ភ្លាមៗ​ទេ​។​
​ប៉ុន្តែ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់​កូរ៉េខាងត្បូង​ដែល​លើកឡើង​ប្រភពពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​ឲ្យ​ដឹងថា ប្អូនស្រី​របស់​មេដឹកនាំ​គីម​ជុង​អ៊ុន​និង​ជំនួយការ​ជិតស្និទ្ធ​ឈ្មោះ Kim Yo Jong គឺ​ស្ថិត​ក្នុងចំណោម​អ្នក​ដែល​បាន​ជាប់ឆ្នោត​ថ្មីៗ​៕ AFP


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu