Ad Code

កាត់ទោស​ស្រី​ស្អាត​ប្រុស​ស្អាត​២​នាក់​ ជួញដូរ​គ្រឿងញៀន​២​គីឡូក្រាម



ភ្នំពេញ ​៖ ​យុវជន​ប្រុស ស្រី ២​នាក់ ​ដែល​ទើប​មាន​អាយុ​២២​ឆ្នាំ​ប៉ុណ្ណោះ​ ដែល​ពាក់ព័ន្ធ​នឹង​ការលក់ដូរ​គ្រឿងញៀន​រហូត​ដល់​ទៅ​២​គីឡូក្រាម​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បាន​នាំ​ខ្លួន​មក​កាត់ទោស​នា​ថ្ងៃទី ១២​ខែ​មីនា ឆ្នាំ​២០១៩​នេះ ក្រោម​ការចោទប្រកាន់​ពីបទ​ជួញដូរ​គ្រឿងញៀន​តាម​មាត្រា​៤០​នៃ​ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន។

ជនជាប់ចោទ​ទី​១​ឈ្មោះ ផន ពិសី ភេទ​ស្រី អាយុ​២២​ឆ្នាំ និង​ជនជាប់ចោទ​ទី​២​ឈ្មោះ វិ​ន ច​ន្ធី ភេទ​ប្រុស អាយុ​២២​ឆ្នាំ។

ក្នុង​សវនាការ ឈ្មោះ​ ផន ពិសី បាន​សារភាព​ថា នាង​ជា​អ្នកស៊ី​ឈ្នួល​ទៅយក​គ្រឿងញៀន​នោះ​ពី​បុរស​ម្នាក់​ឈ្មោះ​ធី​បាន​ចំនួន​៥​ដង ដោយ​ក្នុង​មួយដងៗ​មាន​គ្រឿងញៀន​ប្រហែល​ជាង​១​គីឡូក្រាម យកមក​អោយ​ស្ត្រី​ម្នាក់​ឈ្មោះ​ទី​ដែល​អោយ​នាង​ស្នាក់នៅ​ជាមួយ​ដោយបាន​កម្រៃ​ក្នុង​មួយ​ជើង​ពី​៣០​ទៅ​៥០​ដុល្លារ។

ផន ពិសី បាន​សារភាព​ទៀតថា មុនដំបូង​ឡើយ​នាង​មិនដឹងថា​ឈ្មោះ​ទី​ធ្វើការ​អ្វី ឬ​រកស៊ី​អ្វី​ទេ ដោយ​ជួល​ផ្ទះ​រស់នៅ​គេ​ជា​អ្នកចេញលុយ តែ​ឈ្មោះ​នាង​ជា​អ្នក​ជួល។ លុះ​ក្រោយមក​ទើប​នាង​ដឹងថា​ឈ្មោះ​ទី​រក​ស៊ី​លក់​គ្រឿងញៀន ប៉ុន្តែ​នៅ​ថ្ងៃ​សមត្ថកិច្ច​ចាប់ខ្លួន​នាង​ឈ្មោះ​ទី​ បាន​គេចខ្លួនបាត់​ពី​ផ្ទះ​មិនដឹង​ទៅណា។

ចំណែក​ឈ្មោះ​វិ​ន ច​ន្ធី បាន​សារភាពថា ​នៅ​ថ្ងៃ​សមត្ថកិច្ច​ចាប់ខ្លួន​ខ្លួនគេ​ត្រូវបាន​ឈ្មោះ​ធី ជិះ​ម៉ូតូ​ណៃ​ហ​ត​ធំ​ជួល​ក្នុងតម្លៃ​៣០​ដុល្លារ​អោយទៅ​ឃ្លាំមើល​ឈ្មោះ​ផន ពិសី ពិតជា​បាន​ទៅយក​គ្រឿងញៀន​នៅ​កន្លែង​ណាត់គ្នា​ដែរ​ឬ​អត់ ភារកិច្ច​របស់ខ្លួន​គឺ​ឃ្លាំមើល​ផន ពិសី​តែប៉ុណ្ណោះ។

សូម​រំលឹកថា ​ការ​បង្ក្រាប​ករណី​ជួញដូរ​ថ្នាំញៀន​ធ្វើឡើង​នៅ​វេលា​ម៉ោង​១​និង​២០​នាទី ថ្ងៃ​១៣ ខែកក្កដា ឆ្នាំ​២០១៨​នៅត្រង់ចំណុច ផ្ទះជួល​លេខ​១៣​អា ផ្លូវ​៦១៤ សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។

ការ​បង្ក្រាប​នេះ ធ្វើឡើង​ដោយ​កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន (​ក​៣) សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដោយមាន​ការសម្របសម្រួល​ពី​លោក សឿ ឡងឌី ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ។
ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន មានឈ្មោះ ផន ពិសី ភេទ​ស្រី ជនជាតិខ្មែរ និង​វត្ថុតាង មាន​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់ ១​ពាន់​២៩​ក្រាម ៧៩​មី​លី​ក្រាម និង​ថ្នាំ​គ្រាប់​មេ​តំ​ហ្វេ​តា​មីន (WY) ១០៩​ក្រាម ៥​មិល្លីក្រាម។ ឆ្លងតាម​ការស្រាវជ្រាវ នៅវេលា​ម៉ោង​៥​និង​៣០​នាទី​ថ្ងៃទី​១៥ ខែកក្កដា សមត្ថកិច្ច​បាន​ចាប់ខ្លួន​បក្សពួក​ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ វិ​ន ច​ន្ធី ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ចំណុច​មុខ​បូរី​ឡាយ​គង់ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

ក្នុង​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​បាន​រឹបអូស​បាន​ថ្នាំញៀន មេ​តំ​ហ្វេ​តា​មីន (ICE) ៩៩៩​ក្រាម ៦៦​មី​លី​ក្រាម។

សរុប​ទាំងពីរ​ករណីនេះ សមត្ថកិច្ច​បាន​ចាប់​បាន​គ្រឿងញៀន​សរុប​ទម្ងន់ ២​ពាន់​១៣៨​ក្រាម ៥​មិល្លីក្រាម ក្នុងនោះ មេ​តំ​ហ្វេ​តា​មីន​(ICE) ២​ពាន់​២៩​ក្រាម​៤៥​មី​លី​ក្រាម និង WY ១០៩​ក្រាម ៥​មីលីលីត្រ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu