ភ្នំពេញ ៖ ទីតាំង(Net២៤h)មួយកន្លែងទៀត ត្រូវបានអាជ្ញាធរខណ្ឌដូនពេញបន្តចុះផ្អាកអាជីវកម្មក្រោយពីគណៈកម្មការខណ្ឌចាប់ផ្តើមបន្តចុះត្រួតពិនិត្យឃើញថា មានការបង្កប់នូវល្បែងស៊ីសងគ្រប់ប្រភេទនោះ ជាពិសេសការចាក់ភ្នាល់បាល់តែម្តងនោះ។
អាជ្ញាធរបានឲ្យដឹងថាទីតាំង(Net២៤h)មួយកន្លែងទៀតដែលត្រូវបានចុះត្រួតពិនិត្យនោះបានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែភទ្របទ ឆ្នាំរច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង០៩និង៣០នាទីព្រឹក លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យ លោក អ៊ឹម ភា ប្រធានការិយាល័យវប្បធម៌ខណ្ឌ សហការជាមួយសង្កាត់ជ័យជំនះ និង ប៉ុស្តិ៍ជ័យជំនះ បានចុះត្រួតពិនិត្យ ទីតាំងអ៊ីនធើណេង២៤ម៉ោងយីហោVVIP-NER ដែលមានទីតាំងនៅផ្ទះលេខ១០៩E0 ផ្លូវលេខ១៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ម្ចាស់ទីតាំងឈ្មោះ ស៊ីន ស្រីម៉ុច ភេទស្រី អាយុ២៧ឆ្នាំ។
ក្នុងប្រតិបត្តិការនោះដែរ ក្រោយពីចុះត្រួតពិនិត្យរួចមកឃើញថា ទីតាំងមានកុំព្យូទ័រចំនួន១៥ទូ ជាប្រភេទទូដែលមានវេបសាយល្បែងស៊ីសង(AA2888) គណៈកម្មការបានបិទអាជីវកម្មខាងលើបណ្តោះអាសន្ន រង់ចាំម្ចាស់ទីតាំងអនុវត្តតាមការណែនាំទើបឲ្យបើកដំណើរការឡើងវិញ។
អាជ្ញាធរបញ្ជាក់ទៀតថា ប្រតិបត្តិការចុះពិនិត្យទីតាំងហាងNet២៤hទីលើកទី១នោះគឺដោយទទួលបានសេចក្តីរាយការណ៍ និង សំណូមពរពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ផ្សារកណ្តាលទី១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យមន្ត្រីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យទីតាំងប្រកបអាជីវកម្មហ្គេមបាញ់ត្រី មួយកន្លែង ស្ថិតនៅផ្ទះលេខ៩៣ ផ្លូវលេខ១៥ សង្កាត់ផ្សារកណ្តាល១ ជាប់សណ្ឋាគារអង្គរនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១២និង០០នាទីក្នុងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ បានបញ្ជាឲ្យមន្ត្រីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យទីតាំងខាងលើ ជាលទ្ធផល ក្រោយពីបានចុះត្រួតពិនិត្យរួចមកឃើញថា ពុំមានទូហ្គេមបាញ់ត្រីនោះទេ គឺមានតែប្រភេទទូរកុំព្យូទ័រ (NET-24H 5555) ប៉ុន្តែទីតាំងខាងលើពុំមានលិខិតអនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរពាក់ព័ន្ធឡើយ ហើយគណៈកម្មការក៏បានសម្រេចបិទអាជីវកម្មនេះទាំងស្រុង ដោយមិនអនុញ្ញាតឲ្យប្រកបអាជីវកម្មអ៊ីនធើណេតទៀតឡើយ។
ជាមួយគ្នានោះដែរ រដ្ឋបាលខណ្ឌក៏សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមសហការ រាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ ក្នុងករណីបានឃើញ ឬសង្ស័យថា មានករណីបើកទីតាំងល្បែងស៊ីសងខុសច្បាប់ ករណីជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនជាដើមនោះអាជ្ញាធរមានសមត្ថកិច្ចនឹងចុះទៅបង្ក្រាបឲ្យទាន់ពេលវេលាតែម្តង។
ចំណែកទីតាំងហ្គេមដែលបើកលួចលាក់វិញក៏ត្រូវបានកម្លាំងអាជ្ញាធរខណ្ឌដូនពេញចុះបង្ក្រាបបន្តបន្ទាប់បានជាច្រើនទូមកហើយជាក់ស្តែងនៅថ្ងៃសៅរ៍ ១៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១២និង០០នាទីរសៀល លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យ លោក ជឹម សុធី នាយករងរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះបង្ក្រាបទីតាំងល្បែងបាញ់ត្រីខុសច្បាប់ចំនួន០១ទីតាំង ផ្ទះលេខ៦៩E0 ផ្លូវលេខ៥៤ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ក្រោយចុះត្រួតពិនិត្យជាក់ស្តែងរួចមកឃើញថា មានទូហ្គេមបាញ់ត្រីចំនួន០២ទូ បន្ទាប់ពីធ្វើកំណត់ហេតុដកហូតរួចមក គណៈបញ្ជាការឯកភាពខណ្ឌបានដកហូតនូវទូហ្គេមបាញ់ត្រីខុសច្បាប់ចំនួន០២ទូ យកមករក្សាទុកនៅ សាលាខណ្ឌដូនពេញ ដើម្បីមានវិធានការបន្តទៀត៕
Source: Kampuchea Thmey Daily
0 Comments