ភ្នំពេញ ៖ តាមប្រភពពីបងស្រី ជា ថារិន បច្ចុប្បន្នរស់នៅក្នុងភូមិក្បាលជ្រោយសង្កាត់ព្រែកឯងខណ្ឌច្បារអំពៅបានឲ្យកម្ពុជាថ្មីដឹងនាព្រឹក ថ្ងៃទី២៤ ខែកញ្ញាខណៈដែលបងស្រីកំពុងទិញផ្លែឈើនៅផ្សារបន្លែច្បារអំពៅថាសព្វថ្ងៃក្រុមគ្រួសាររបស់បងស្រីគឺនិយមចូលចិត្តទិញផ្លែឈើដែលកសិករក្នុងប្រទេសយកមកទទួលទាន ព្រោះពុំមានដាក់សារជាតិគីមីដូចផ្លែឈើដែលនាំមកពីប្រទេសជិតខាង។
បងស្រីបន្តថា កុំថាតែក្រុមគ្រួសាររបស់បងស្រីសូម្បីតែអ្នករស់នៅក្នុងរបស់បងស្រីក៏ពួកគាត់មិននាំគ្នាទិញយកទទួលទានទេព្រោះខ្លាចប៉ះពាល់ដល់សុខភាពហើយអាចរហូតដល់បាត់បង់ជីវិតទៀតផង។
ដោយឡែកស្ត្រីជាអាជីវករលក់ផ្លែឈើឈ្មោះ ម៉ៅ សុធិន បាននិយាយថា សព្វថ្ងៃអាជីវករលក់ដូរក្នុងផ្សារបន្លែច្បារអំពៅស្ថិតក្នុងភូមិកណ្តាលសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ គឺមិនយកផ្លែឈើដែលមានសារជាតិគីមីមកលក់ឡើយ ព្រោះពួកគាត់ក៏យកផ្លែឈើដែលគាត់លក់យកមកទទួលទានដែរ ដូច្នេះសូមម៉ូយដែលនិយមមកទិញផ្លែឈើនៅផ្សារបន្លែអំពៅ សូមអញ្ជើញមកទិញយកទៅទទួលទានទៅ ព្រោះអាជីវករក៏កំពុងតែរកមុខអ្នកដែលនាំចូលផ្លែឈើមានផ្ទុកសារជាតិគីមីមកលក់នៅលើទីផ្សារផងដែរ។
ជួបជាមួយភ្នាក់ងារកម្ពុជាថ្មីលោកសាន់ ប៊ុនណា ប្រធានគណៈកម្មការផ្សារបន្លែច្បារអំពៅបានមានប្រសាសន៍ថា បច្ចុប្បន្នបងប្អូនអាជីវករក្នុងផ្សាររបស់លោក បានយល់ដឹងគ្រប់ៗគ្នាក្នុងការយកផលិតផលដែលផ្ទុកសារជាតិគីមីមកលក់ឲ្យប្រជាពលរដ្ឋទៀតហើយព្រោះពួកគាត់បានស្វែងយល់ពីការយកផលិតផល ដែលមានផ្ទុកសារជាតិគីមីមកលក់តាមការណែនាំរបស់គណៈកម្មការផ្សារហើយការនាំយកផលិតផលបែបនេះយកមកលក់ គឺមិនត្រឹមតែគ្រោះថ្នាក់ដល់អ្នកដែលទិញយកទៅទទួលទាននោះទេសូម្បីតែពួកគាត់អង្គុយលក់ក៏ប៉ះពាល់ដល់សុខភាពផងដែរ។
លោកសាន់ ប៊ុនណា បានបញ្ជាក់រាល់ថ្ងៃនេះ លោកតែងតែចុះទៅធ្វើការណែនាំដល់បងប្អូនអាជីវករក្នុងផ្សារឲ្យបញ្ឈប់ការនាំយកបន្លែផ្លែឈើនិងម្ហូបចំណីដែលផ្ទុកសារជាតិគីមីមកលក់ដូរឲ្យសោះហើយបើសិនជាបងប្អូនមិនព្រមស្តាប់ គឺគណៈកម្មការផ្សារនិងចាត់ការតាមផ្លូវច្បាប់លែងអប់រំទៀតហើយ៕
Source: Kampuchea Thmey Daily
0 Comments