ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការនិងសាសនាបានណែនាំដល់ទីវត្តអារាមទាំងអស់នៅទូទាំងប្រទេស ឲ្យរៀបចំសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានល្អ ដើម្បីឲ្យពុទ្ធបរិស័ទបានទៅធ្វើបុណ្យទាននាឱកាសពិធីបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌឆ្នាំនេះ បានប្រព្រឹត្តិទៅប្រកបដោយសទ្ធាជ្រះថ្លាមិនបារម្ភពីបញ្ហាណាមួយកើតឡើង។
លោកសេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការនិងសាសនា បានឲ្យដឹងថា ក្រសួងបានណែនាំដល់ទីវត្តអារាមនានាទាំងជាង៥ពាន់វត្ត នៅទូទាំងប្រទេសឲ្យមានកិច្ចសហការជាមួយអាជ្ញាធរដែនដី ដើម្បីដាក់កម្លាំងការពារទាំងសន្តិសុខសណ្តាប់ធ្នាប់ និង ការពារទ្រព្យសម្បត្តិរបស់ពុទ្ធបរិស័ទ។
ជាមួយគ្នានេះដែរ លោកសេង សុមុនី បន្តទៀតថា ទីវត្តអារាមទាំងអស់ ក៏ត្រូវរៀបចំសោភ័ណភាពអនាម័យបរិស្ថាន ឲ្យបានល្អរួមទាំងការដាក់តាំងលម្អផ្កាភ្ញី ទង់សាសនា ទង់ក្អែប ដើម្បីទទួលពុទ្ធបរិស័ទទៅធ្វើបុណ្យឲ្យស័ក្តិសមទៅនឹងប្រពៃណីវប្បធម៌ជាតិ។
លោកបានលើកទឹកចិត្តឲ្យគណៈកម្មការវត្តទាំងអស់ឲ្យបង្កើនការគ្រប់គ្រងអនាម័យម្ហូបអាហារកុំឲ្យមានរុយរោម និងបែងចែកចង្ហាន់ដែលលើសពីសេចក្តីត្រូវការរបស់ព្រះសង្ឃត្រូវចែកជូនទៅដល់ប្រជាពលរដ្ឋក្រីក្រចំណុះជើងវត្ត និងក្មេងកំព្រាជាដើម។
ព្រះតេជគុណព្រះធម្មធរ សោម ស៊ីម រាជាគណៈថ្នាក់កិត្តិយស អនុគុណខណ្ឌព្រែកព្នៅនិងជាព្រះចៅអធិការវត្តប្រាសាទបានមានសង្ឃដីកាឲ្យដឹងថា អារាមរបស់ព្រះអង្គបានរៀបចំសោភណ័ភាព អនាម័យបរិស្ថាន សន្តិសុខសណ្តាប់ធ្នាប់ រួចរាល់ហើយដើម្បីចាំទទួលពុទ្ធបរិស័ទមកធ្វើបុណ្យកាន់បិណ្ឌចាប់ពីថ្ងៃទី២៥ខែកញ្ញា ត្រូវនឹងបិណ្ឌវេនទីមួយខាងមុខនេះតទៅ។
ព្រះតេជគុណបានមានសង្ឃដីកាបន្តថា ការធានាសន្តិសុខសណ្តាប់ធ្នាប់បានល្អ ធ្វើឲ្យពុទ្ធបរិស័ទសប្បាយជ្រះថ្លាក្នុងការធ្វើបុណ្យទាន មិនបារម្ភពីការបាត់បង់អ្វីឡើយ។
សូមជម្រាបថា ពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌមានរយៈពេលចំនួន១៥ថ្ងៃ គឺចាប់ពីថ្ងៃ១រោច ខែ ភទ្របទ ដល់ថ្ងៃ១៥រោចខែភទ្របទ។
ប្រជារាស្ត្រខ្មែរបានឲ្យ តម្លៃ និងសារៈសំខាន់ទៅលើបុណ្យធំៗពីរ គឺបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នេះ និងពិធី បុណ្យចូលឆ្នាំថ្មី។ គេតែងតែនាំគ្នាទៅធ្វើ បុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ក្នុងទីវត្តអារាម ដែលត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ។ ក្នុងអំឡុង១៥ថ្ងៃនេះ គេតាំងចិត្តដាច់ខាតត្រូវតែ ទៅវត្តឲ្យបានម្តងយ៉ាងតិច ក្នុងថ្ងៃណាមួយមិនអាច ខកខានបានឡើយ ទោះជាមានការមមាញឹក ឬក្រីក្រ លំបាកយ៉ាងណាក៏ដោយ។ ពិសេសថ្ងៃ១៥រោច ជាថ្ងៃបង្ហើយ គេហៅថា “ភ្ជុំបិណ្ឌ”។
រឿងហេតុទាំងអស់នោះ ក៏ដោយសារគេមានជំនឿ យ៉ាងមុតមាំ តាមសណ្តាប់ចាស់ៗ ដែលពោលណែនាំ និងធ្វើតៗគ្នា ដោយអនុវត្តជារៀងរាល់ឆ្នាំ ជាយូរមកហើយ។ ផ្នត់ជំនឿនោះ គឺគេមានមនោសញ្ចេតនានឹកគិត និងអាណិតចំពោះ ញាតិសន្តាន ដែលបានចែកឋានទៅហើយ មានមាតាបិតា ជីដូនជីតា បងប្អូនកូនចៅ ដែលដល់រដូវអាចបាន មកទទួលយកភោគផល។ ព្រោះអ្នកដែលចែកឋានទៅនោះ ខ្លះមានបាបកម្មត្រូវទៅ សោយទុក្ខទោស នៅឋាននរក ប្រេត កើតក្នុងអបាយភូមិវេទនាណាស់។ ឋាននោះស្ថិតនៅ ជ្រៅឆ្ងាយពីឋានមនុស្ស មិនអាចងើបមកបាន ឃើញពន្លឺព្រះអាទិត្យទេ គ្មានសំលៀកបំពាក់ គ្មានអាហារបរិភោគឡើយ។
លុះដល់រដូវបុណ្យនេះ គេបានដោះលែងឲ្យមកទទួលយក ផលានិសង្សដែលញាតិ សាច់សាលោហិត ធ្វើបុណ្យឧទ្ទិសឲ្យ។ ម្យ៉ាងទៀតគេខ្លាចអ្នកទាំងអស់នោះ ដាក់ប្រទេចបណ្តាសារឲ្យគេហិនហោច ប្រសិនបើដើរស្វែងរកគ្រប់ ៧វត្តហើយ មិនឃើញសាច់ញាតិ ធ្វើបុណ្យបញ្ជូនកុសលឲ្យទេនោះ។
ជាមួយគ្នានេះដែរ ដែលគេមានក្តីសង្ឃឹមមួយទៀតថា អំពើកុសល ដែលគេមានសទ្ធាបានបរិច្ចាគឧទ្ទិសនោះ នឹងងាកបែរមកឲ្យសព្វសាធុការពរ ហើយគេនឹងត្រូវបានទទួលវិញ ដែរនូវសេចក្តីសុខ និងសេចក្តីចម្រើន៕
Source: Kampuchea Thmey Daily
0 Comments