ពោធិ៍សាត់ ៖ លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខា ប្រមាញ់និងនេសាទ រួមនឹងមន្ត្រីពាក់ព័ន្ធ កាលពីថ្ងៃអាទិត្យម្សិលមិញ បាន ពិនិត្យការអនុវត្តជាក់ស្តែង និងវឌ្ឍនភាពនៃការពិសោធន៍ ស្រែបង្ហាញ ក្នុងកសិដ្ឋានផលិតពូជស្រូវហាយប្រីដរបស់ក្រុមហ៊ុន ហាយប្រីដ រ៉ាយស៍ លៀនហ្វា នៅភូមិស្នាមព្រះ ឃុំស្នាមព្រះ ស្រុកបាកាន ក្នុងទឹកដីខេត្តពោធិ៍សាត់។
ក្រសួងកសិកម្ម បានឲ្យដឹងថា ក្រុមហ៊ុន ហាយប្រីដ រ៉ាយស៍ លៀនហ្វា បាន ធ្វើ ការពិសោធន៍ស្រែបង្ហាញក្នុងកសិដ្ឋានផលិតពូជស្រូវហាយប្រីដ លើផ្ទៃដីជាង ២០០ហិតតា សម្រាប់ធ្វើការផ្សាំពូជស្រូវហាយប្រីដនិងពូជស្រូវកន្តុល ការធ្វើស្រែបង្ហាញ ស្រាវជ្រាវ និងដាំកប្បាស់ផងដែរ ក្រៅពីនេះក្រុមហ៊ុនបានសាងសង់អាគាររដ្ឋបាល អាគារស្នាក់នៅ ឃ្លាំងស្តុកស្រូវពូជ រួមទាំងរោង ចក្រកាត់ដេរសំលៀកបំពាក់មួយទៀតផង។
ក្រុមហ៊ុនកំពុងស្រាវជ្រាវពូជស្រូវស៊ុបផើហាយប្រីដរ៉ាយស៍ដែលផ្តល់ទិន្នផលខ្ពស់ មានដើមរឹង ធន់ជំងឺ និងការ បម្រែបម្រួលអាកាសធាតុ។
នាក្នុងឱកាសនេះ លោករដ្ឋមន្ត្រីបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗជាច្រើនដែលក្រុមហ៊ុនសម្រេចបានកន្លងមកដែលសមិទ្ធផលទាំងអស់នេះបានបង្ហាញយ៉ាងច្បាស់ពីការចូលរួមពីវិស័យឯកជនក្នុងការវិនិយោគដើម្បីអភិវឌ្ឍវិស័យឧស្សាហកម្មកាត់ដេរ រួមទាំងវិស័យកសិកម្មផងដែរដើម្បីរួមចំណែកបង្កើតការងារជូនពលរដ្ឋនៅមូលដ្ឋាន បង្កើនចំណូលក្នុងគ្រួសារ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។ ជាថ្មីម្តងទៀតលោកបានសន្យាថា នឹងបន្តផ្តល់កិច្ចសហការ និងគាំទ្រលើសកម្មភាពវិនិយោគរបស់ក្រុមហ៊ុនដើម្បីផលិត ពូជស្រូវសុទ្ធល្អ មានទិន្នផលខ្ពស់ និងមានតម្រូវការទីផ្សារ ប្រយោជន៍បង្កើនផលិតកម្មដំណាំស្រូវ ឈានទៅធ្វើការ នាំចេញស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ផងដែរថា តបតាមការអញ្ជើញលោករដ្ឋមន្ត្រី និងប្រតិភូក្រសួង នឹងទៅធ្វើទស្សនកិច្ចក្រុមហ៊ុមនៅ ប្រទេសចិនក្នុងពេលឆាប់ៗនេះដើម្បីពិនិត្យនិងស្វែងយល់លើការងារស្រាវជ្រាវ កែច្នៃ ឡសម្ងួត និងការធ្វើកសិកម្មតាមកិច្ចសន្យារបស់ក្រុមហ៊ុន។ បន្ទាប់ពីដំណើរទស្សនកិច្ច ក្រសួងនិងក្រុមហ៊ុននឹងរៀបចំចុះអនុស្សរណៈនៃការ យោគយល់គ្នាដើម្បីអភិវឌ្ឍផលិតកម្មពូជស្រូវហាយប្រីដ នេះ៕
Source: Kampuchea Thmey Daily
0 Comments