រតនគិរី ៖ បុរសវ័យចំណាស់ម្នាក់ បានខ្យល់គរស្លាប់ បន្ទាប់ពីទៅកំដរបុណ្យសពនៅផ្ទះបងប្អូន ហើយផឹកស្រាមួយយប់ទល់ភ្លឺ។
ជនរងគ្រោះ បានស្លាប់នៅវេលាម៉ោង១២នឹង៣០នាទីរសៀលថ្ងៃច័ន្ទ ១៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគីរី។
សពជនរងគ្រោះ ឈ្មោះ សៃ ហាន ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិទំពួន មានទីលំនៅបច្ចុប្បន្នភូមិឃុំកើតហេតុខាងលើ ។
បើតាមសាច់ញាតិបានរៀបរាប់ថា នៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៣ ខែកញ្ញា ជនរងគ្រោះ (សព) បានទៅកំដរបុណ្យសពបងប្អូន ហើយក៏បានផឹកស្រារហូតទល់ភ្លឺ លុះដល់វេលាកើតហេតុខាងលើ ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់តែម្ដង។
ក្រោយទទួលបានព័ត៌មានសមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច័យលើសាកសពឃើញថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ អាចបណ្ដាលមកពីផឹកស្រាច្រើនពេក។ ពិនិត្យរួចសមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments