ភ្នំពេញ ៖ នាល្ងាចច័ន្ទ ១៥តើត ខែភទ្របទ ឆ្នាំច ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ លោកជំទាវសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច និងថ្នាក់ដឹកនាំសមាជិក សមាជិកាខុទ្ទកាល័យគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងមន្ត្រីអ្នកមុខអ្នកការ ព្រមទាំងពុទ្ធបរិស័ទ ជិតឆ្ងាយ អញ្ជើញសូត្រមន្តកាន់បិណ្ឌវេនទី១ នៅវត្តបទុមវតី្ត។
ក្នុងពិធីនោះថ្នាក់ដឹកនាំបានបូជាទៀនធូបផា្កភ្ញី ចំពោះព្រះរតនត្រៃសមាទានសីល ធ្វើកិច្ចនមស្សការបង្សុកុល ព្រមទាំងបាននាំយកនូវបច្ច័យទេយ្យទានគ្រឿង ឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើ បាយសំឡ នំចំណី ជាច្រើនមុខទៅវេរប្រគេនព្រះសង្ឃរាប់បាតបង្សុកូល នមសការព្រះរតនត្រ័យ ឧទ្ទិសនូវផល្លារអានិសង្ឃ ជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតាជីដូនជីតាញាតិការទាំង៧សណ្ដាន។ ជាមួយគ្នានេះក៏ជាឱកាសដើម្បីឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ របស់ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាជំន ពីរបបណានិគមចាស់ថ្មី និងពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយជាពិសេសជាងនេះទៅទៀត គឺប្រជាជនស្លូតត្រង់ ដែលទទួលទុក្ខទារុណកម្មយ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៌ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដោយសូមឲ្យដួងវិញាណក្ខន្ធ អ្នកទាំងអស់ឲ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
សូមរំលឹកផងដែរថា បុណ្យភ្ជុំបិណ្ឌត្រូវបានពុទ្ធសាសនិកខ្មែរ ធ្វើឡើងរៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ (ចន្លោះខែ កញ្ញា)។ ប្រជាពុទ្ធសាសនិកខ្មែរធ្វើបុណ្យនេះ ដោយការយកទេយ្យទានផ្សេងៗ មានអាហារជាដើមទៅផ្គត់ផ្គង់ ព្រះសង្ឃនៅក្នុងវត្ត ដែលកំពុងគង់ចាំវស្សារយៈពេល១៥ថ្ងៃគត់។
ដោយហេតុពុទ្ធសាសនិក មានការមមាញឹកចំពោះកិច្ចានុកិច្ចប្រចាំថ្ងៃ និង ដើម្បីធានាថា ព្រះសង្ឃត្រូវបានផ្គត់ផ្គង់ ជាទៀងទាត់នោះ ទើបគេចែកជាក្រុមៗ ដាក់វេនគ្នា យកទេយ្យទានទៅប្រគេនព្រះសង្ឃរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃ១រោចដល់ថ្ងៃ១៤រោចខែភទ្របទ ហើយឲ្យឈ្មោះថា វេណទី ដល់ វេណទី១៤។ រយៈពេល១៤ថ្ងៃនេះ ឲ្យឈ្មោះថា បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌ។
ចំណែកថ្ងៃ ១៥រោច ដែលជាថ្ងៃចុងក្រោយនោះ ពុទ្ធសាសបរិស័ទ គ្រប់វេនទាំងអស់បានមកជួបជុំគ្នា ធ្វើទានចំពោះសង្ឃជាមួយគ្នា ដើម្បីបញ្ចប់បុណ្យកាន់បិណ្ឌ។ ថ្ងៃទី១៥ ត្រូវនឹងថ្ងៃ ១៥រោចខែភទ្របទ ដែលជាថ្ងៃចុងក្រោយនេះឲ្យឈ្មោះថា ភ្ជុំបិណ្ឌ ឬ ថ្ងៃភ្ជុំបិណ្ឌតែម្ដង៕
Source: Kampuchea Thmey Daily
0 Comments