ភ្នំពេញ ៖ លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅរួមដំណើរជាមួយលោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៤ខែកញ្ញានេះ បានចុះពិនិត្យទីតាំងដែលកំពុងរងការលិចលង់ដោយជំនន់ទឹកភ្លៀងនិងទឹកទន្លេដើម្បីរកវិធីរំដោះទឹកចេញឲ្យបានលឿនបំផុត។
យោងតាមប្រភពព័តមានពីលោក ញាណ ចាន់សោភា នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅបានឲ្យដឹងថា នៅព្រឹកនេះលោកអភិបាលខណ្ឌច្បារអំពៅនិងលោកប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យមើលទីតាំងដែលកំពុងរងការលិចលង់ដោយទឹកជំនន់ក្នុងសង្កាត់ចំនួន២ គឺសង្កាត់ព្រែកប្រានិងនិរោធ ដើម្បីរកវិធីរំដោះទឹកចេញឲ្យបានលឿនបំផុត។
លោកនាយករងរដ្ឋបាលបានបន្តថា រាល់ថ្ងៃនេះលោកអភិបាលខណ្ឌច្បារអំពៅបានដឹកយកម៉ាស៊ីនបូមទឹកខ្នាតធំ ទៅដាក់បូមសឹងតែគ្រប់សង្កាត់ទាំង៨ ក្នុងខណ្ឌច្បារអំពៅ ហើយនៅសល់ទីតាំងចំនួន២ទៅ៣ កន្លែងទៀត ដែលស្ថិតនៅក្នុងសង្កាត់និរោធនិងព្រែកប្រា ដែលមិនអាចដាក់ម៉ាស៊ីនបូមទឹកបាន ទើបលោកអភិបាលខណ្ឌច្បារអំពៅស្នើទៅលោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនឲ្យជួយសហការទៅតាមជំនាញដើម្បីរំដោះទឹកចេញឲ្យបានលឿនបំផុតការពារកុំឲ្យបងប្អូនប្រជាពលរដ្ឋលោកមានការលំបាករស់នៅអាស្រ័យផល។
ក្នុងពេលពិនិត្យទៅលើទីតាំងដែលកំពុងរងការលិចលង់គឺវិធានការចាំបាច់បំផុតត្រូវបើកគម្របលូដែលមានស្រាប់ឲ្យទឹកហូរបានលឿន ហើយគម្របដែលបើកចំហត្រូវដាក់សញ្ញាសំគាល់ឬ ដាក់កម្លាំងឲ្យយាមជាប្រចាំ ព្រោះបើពុំដូច្នោះទេ អាចមានអ្នកដំណើរជួបគ្រោះថ្នាក់ពេលធ្លាក់ចូលមុខលូដែលបើកឲ្យទឹកហូរ។
ជួបជាមួយបងប្អូនប្រជាពលរដ្ឋដែលមានលំនៅស្ថិតនៅទីតាំងដែលកំពុងរងការលិចលង់នោះលោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅបានបញ្ជាក់ជូនប្រជាពលរដ្ឋថា លោកនឹងខិតខំស្វែងរកគ្រប់វិធីដើម្បីរំដោះទឹកពីចំណុចដែលលិចលង់ឲ្យបានលឿនបំផុតមិនឲ្យលិចលង់រ៉ាំរ៉ៃរាប់ខែនោះឡើយ៕
Source: Kampuchea Thmey Daily
0 Comments