Ad Code

និយតករ​អាមេរិក ​បញ្ជា​ឲ្យ​មានការ​កែ​លម្អ​យន្តហោះ ​Boeing ​បន្ទាប់ពី​ការ​ធ្លាក់



និយតករ​អាមេរិក​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន Boeing ធ្វើការ​កែលម្អ​ជាបន្ទាន់​ដល់​យន្តហោះ​ប្រភេទ 737 Max 8 ដ៏​មាន​ប្រជាប្រិយភាព​របស់ខ្លួន​ប​ន្ទា​ប់​ពី​គ្រោះថ្នាក់​សម្លាប់​មនុស្ស​ជា​លើក​ទី​ពីរ​ក្នុង​រយៈពេល​ពីរ​បី​ខែ​បាន​ជំរុញ​ឲ្យ​មានការ​ផ្អាក​ការហោះហើរ​នៅ​ទូទាំង​ពិភពលោក។

កាលពី​ថ្ងៃ​អង្គារ ប្រទេស​សិង្ហ​បុរី​បាន​ហាមឃាត់​ការប្រើប្រាស់​យន្តហោះ​មាន​បច្ចេកវិទ្យា​ខ្ពស់​នៅក្នុង​ដែនអាកាស​របស់ខ្លួន​ហើយ​បាន​ក្លាយជា​ប្រទេស​ចុងក្រោយ​គេ​បង្អស់​ក្នុង​បញ្ជី​ដែន​យុត្តាធិការ​ដែល​កំពុងមាន​ការព្រួយបារម្ភ​អំពី​សុវត្ថិភាព​របស់​យន្តហោះ។

កាលពី​ថ្ងៃអាទិត្យ យន្តហោះ Boeing 737 MAX 8 របស់​ក្រុមហ៊ុន​អាកាសចរណ៍​អេ​ត្យូ​ពី​បាន​ធ្លាក់​បន្ទាប់ពី​ហោះហើរ​បាន​ប៉ុន្មាន​នាទី​ឆ្ពោះទៅកាន់​ទីក្រុង Nairobi ដោយបាន​សម្លាប់​មនុស្ស​ទាំងអស់​១៥៧​នាក់​នៅលើ​យន្តហោះ​។ វា​បាន​កើតឡើង​បន្ទាប់ពី​យន្ដហោះ​ម៉ាក​ដូចគ្នា​របស់​ក្រុមហ៊ុន Lion Air បាន​ធ្លាក់​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ខែតុលា​ដោយបាន​សម្លាប់​មនុស្ស​ចំនួន​១៨៩​នាក់។

ក្រុម​អ្នកស៊ើប​អង្កេត​បាន​រក​ឃើញ​ប្រអប់​ខ្មៅ​របស់​យន្តហោះ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​អេ​ត្យូ​ពី​ដែល​បាន​ធ្លាក់​នៅក្បែរ​ទីក្រុង Addis Ababa ហើយ​កំពុង​ដឹក​អ្នកដំណើរ​និង​អាកាសយានិក​មកពី ៣៥​ប្រទេស​រួមទាំង​បុគ្គលិក​អង្គការសហប្រជាជាតិ​ជាច្រើន​នាក់​ផងដែរ។

រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​អាមេរិក (FAA) បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន Boeing ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​កម្មវិធី​ប្រឆាំង​ការ​គាំងម៉ាស៊ីន​យន្តហោះ​និង​ប្រព័ន្ធ​បញ្ជា​របស់​ម៉ូ​ឌែ​ល​នេះ​ដោយ​ផ្តល់​ពេល​ឲ្យ​ក្រុមហ៊ុន​នេះ​រហូតដល់​ចុងខែ​មេសា​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​។​

ប៉ុន្តែ​ស្ថាប័ន​នេះ​បានសម្រេច​ផ្អាក​ការហោះហើរ​សម្រាប់​ពេលនេះ។ ស្ថាប័ន​នេះ​បាន​និយាយថា ការស៊ើបអង្កេត​ទើបតែ​ចាប់ផ្តើម​ប៉ុណ្ណោះ​ហើយ​រហូតមក​ដល់ពេលនេះ​គ្មាន​ទិន្នន័យ​ណាមួយ​ត្រូវ​បានផ្តល់​ឲ្យ​ដើម្បី​ធ្វើការ​សន្និដ្ឋាន​ឬ​ចាត់វិធានការ​ណាមួយ​ឡើយ។

ស្ថាប័ន​នេះ​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ប្រសិនបើ​យើង​កំណត់​បាន​បញ្ហា​ដែល​ប៉ះពាល់​ដល់​សុវត្ថិភាព​, FAA នឹង​ចាត់វិធានការ​ភ្លាមៗ​និង​សមស្រប​”​។​

គួរ​បញ្ជាក់ថា ការប្រកាស​របស់​និយតករ​សិង្ហ​បុរី​ថា យន្តហោះ MAX គ្រប់​ប្រភេទ​ទាំងអស់​ត្រូវបាន​ហាមឃាត់​ពី​ដែនអាកាស​របស់ខ្លួន​គឺ​បាន​ធ្វើឡើង​បន្ទាប់ពី​ប្រទេស​ចិន​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​ផ្អាក​ប្រតិបត្តិការ​ពាណិជ្ជកម្មរ​បស់​យន្តហោះ MAX 8 ហើយ​ប្រទេស​ឥណ្ឌូនេស៊ី​បាន​ផ្អាក​យន្ដហោះ​ទាំងអស់​របស់ខ្លួន​សម្រាប់​ការត្រួតពិនិត្យ។

ក្រុមហ៊ុន​អាកាសចរណ៍​អេ​ត្យូ​ពី​បាន​ផ្អាក​យន្តហោះ MAX 8 ដែល​នៅ​សេសសល់​របស់ខ្លួន​ខណៈ​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងប្រទេស​អាហ្វ្រិក​ខាងត្បូង ប្រេ​ស៊ី​ល​និង​ម៉ិ​ក​ស៊ិ​កបាន​ដក​យន្តហោះ​ប្រភេទ​នេះ​ពី​ការហោះហើរ​ហើយ​អាកាសយានិក​មកពី​ក្រុមហ៊ុន Aerolineas Argentinas របស់​ប្រទេស​អា​ហ្ស​ង់​ទីន​បាន​បដិសេធ​ហោះហើរ។

រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​បញ្ជា​ឲ្យ​ពិនិត្យឡើងវិញ​ជាបន្ទាន់​នូវ​ការបញ្ជាទិញ​យន្តហោះ MAX ជាច្រើន​គ្រឿង​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu