Ad Code

អភិបាលខេត្ត​ស្ទឹងត្រែង​ បញ្ជា​ឱ្យ​សមត្ថកិច្ច​ចុះ​ការពារ​ព្រៃឈើ ​ដែល​នៅ​សេសសល់



ស្ទឹងត្រែង ​៖​ ក្រោម​បញ្ជា​របស់​ឯកឧត្តម​ម៉ុម​សារឿន ​អភិបាលខេត្ត​ស្ទឹងត្រែង​ បាន​បញ្ជា​​​ឱ្យកម្លាំង​សមត្ថកិច្ច​ចុះ​ការពារ​ព្រៃឈើ​ ដែល​នៅ​សេសសល់​នៅក្នុង​រដ្ឋបាល​ខេត្ត​ទាំងមូល។

ក្នុង​ប្រតិបត្តិ​ការ​ចុះ​ការពារ​ព្រៃ​ធម្មជាតិ​ជីវចម្រុះ​នៅក្នុង​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង​រយៈពេល​បី​ខែ​កន្លងមកនេះ​ កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​វ៉ា​សុផាន់​ នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ​បាន​សហការ​ជាមួយ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ ​ចុះ​ឃាត់​រថយន្ត​បា​កុង​ដឹក​ឈើ​ឡាំង​បួន​ជ្រុង​មុខកាត់​ចាប់ពី 50 ទៅដល់ 60 សង់ទីម៉ែត្រ​ដែល​មាន​ប្រវែង​ចាប់ពី 6 ម៉ែត្រ​ទៅ 8 ម៉ែត្រ​ចំនួន 1 រថយន្ត​ប្រមាណ​ជា​ជិត 10 ម៉ែត្រគូប។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​រថយន្ត​ឪរ៉ាល់​បា​កុង​ ដែល​ដឹកឈើ​ឡាំ​បួន​ជ្រុងៗ​ធំ​នេះ បាន​ធ្វើ​សកម្មភាព​ជា​យូរ​ខែ​មក​ហើយ ​ដោយសារ​មាន​ការ​ត្រូវរ៉ូវ​ពី​រដ្ឋបាល​ព្រៃឈើ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ និង​មាន​យោធា​ជា​អ្នក​កាង​ផង​ដែរ។

បន្ទាប់ពី​មាន​បទបញ្ជា​ពី​ឯកឧត្តម​ម៉ុម​សារឿន​អភិបាលខេត្ត​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ​វ៉ា​សុផាន់​ បាន​ចុះ ស្រាវជ្រាវ​លើ​ទីកន្លែង​កំពុង​ធ្វើ​សកម្មភាព​បាន​ជួប​រថយន្ត​បា​កុង​មួយគ្រឿង​កំពុង​ធ្វើ​សកម្មភាព​ដឹក​ចេញពី​ទីតាំង​ដី​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង​ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់ទៅ​កាន់​ខេត្តព្រះវិហារ​ ដែល​គេ​ដឹងថា​ដឹក​យក​ទៅលក់​ឱ្យ​ក្រុមហ៊ុន​មួយ​ឈ្មោះ​ក្រុមហ៊ុន​ឌី​ឌុ​ក​ដែល​មាន​ទីតាំងនៅ​ក្នុងស្រុក​ឆែប។

លោក​វរសេនីយ៍ឯក​នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បានបញ្ជាក់​ថា​ ការចុះ​បង្ក្រាប​និង​ចុះ​ស្រាវជ្រាវ​គ្រប់​ទីតាំង​ធ្វើ​សកម្មភាព​នេះ គឺ​អាជ្ញាធរ​ខេត្ត​បាន​បញ្ជា​កម្លាំង​ដើម្បី​​​រក្សា​ការពារ​ព្រៃឈើ​និង​ធនធានធម្មជាតិ​ដែល​នៅ​សេសសល់​ចុងក្រោយ​ ហើយ​ការចាប់​រថយន្ត​ដឹកឈើ​នៅក្នុង​រដ្ឋបាលខេត្ត​ស្ទឹងត្រែង​នេះ ព្រោះ​ក្រុមហ៊ុន​ដែល​នៅ​ខេត្ត​ផ្សេង​បាន​ចូលមក​កាប់​ធ្វើឱ្យប៉ះពាល់​ដល់​ខេត្ត​ទាំងមូល​ដែល​ខេត្ត​កំពុងតែ​រក្សា​ការពារ​ បែរ​ជា​ឈ្មួញ​នៅ​ខេត្តព្រះវិហារ​បាន​ចូលមក​កាប់​ឈើ​នៅក្នុង​ទឹកដី​ខេត្តស្ទឹងត្រែង​ធ្វើ​ឲ្យ​បាត់បង់​ព្រៃឈើ​ក្នុង​រដ្ឋបាលខេត្ត​កំពុង​រក្សា​ការពារ។

លោក​វរសេនីយ៍ឯក​វ៉ា​សុផាន់​នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បានបញ្ជាក់​ថា ​នៅ​ថ្ងៃទី 12 មីនា​នេះ​ផងដែរ កម្លាំង​របស់លោក​ក៏​កំពុងតែបន្ត​ប្រតិបត្តិការ​នៅតាម​តំបន់​នានា​មួយចំនួន​ដែល​ក្រុម​ឈ្មួញ​កំពុង​ធ្វើ​សកម្មភាព​ដើម្បី​ធ្វើការ​ទប់ស្កាត់​ក្នុងការ​កាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​បន្តទៅទៀត។

លោក​បន្តថា​ រថយន្ត បា​កុង​ដែល​បង្ក្រាបបាន​មាន​ឈើ​ចំនួន 8 ដើម​ប្រវែង​ចាប់ពី 6 ម៉ែត្រ​ទៅ 8​ម៉ែត្រ​នេះ​បច្ចុប្បន្ន​ត្រូវបាន​គេ​បញ្ជូន​មកកាន់​សង្កាត់​សំអាន​ក្នុង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ថា​ឡា​បរិ​វ៉ា​ត់​ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី។

សូមបញ្ជាក់ថា ​ក្រុមហ៊ុន​ឌី​ឌុ​ក​ដែលមាន​ច្បាប់​អនុញ្ញាត​ពី​រដ្ឋាភិបាល​នៅក្នុង​ស្រុក​ឆែប​ដែល​នៅជាប់​ព្រំប្រទល់​ខេត្តស្ទឹងត្រែង​ កំពុងតែ​ធ្វើ​សកម្មភាព​ខុសច្បាប់​ដែល​បំផុស​ឱ្យ​ប្រជាពលរដ្ឋ​កាប់​ឈើ​ពី​តំបន់​នានា​ក្រៅពី​ក្រុមហ៊ុន​ដឹក​យកទៅលក់​ឲ្យ​ខ្លួន​ដើម្បី​ទៅជា​ឈើ​ស្របច្បាប់។ ​បញ្ហា​នេះ​ធ្វើ​ឲ្យ​ព្រៃឈើ​ជាច្រើន​ដែល​នៅក្រៅ​តំបន់​ក្រុមហ៊ុន​ជាពិសេស​នៅក្នុង​រដ្ឋបាលខេត្ត​ស្ទឹងត្រែង ត្រូវបាន​ក្រុម​ឈ្មួញ​កាប់​ដឹកជញ្ជូន​យកទៅលក់​ឲ្យ​ក្រុមហ៊ុន​នោះ​ផងដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu