Ad Code

ភូមិ​របស់​ស្ត្រី​សញ្ជាតិ​ឥណ្ឌូនេស៊ី​បាន​អបអរ​សេរីភាព​ថ្មី​របស់​នាង



សាច់ញាតិ​និង​អ្នកជិតខាង​របស់​ស្ត្រី​ឥណ្ឌូនេស៊ី​ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​សម្លាប់​បងប្រុសរ​បស់​មេដឹកនាំ​កូរ៉េខាងជើង​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​កំពុង​រៀបចំ​ពិធី​ទទួល​ស្វាគមន៍​ដ៏​រំជើបរំជួល​មួយ​បន្ទាប់ពី​ការចោទប្រកាន់​ប្រឆាំងនឹង​នាង​ត្រូវបាន​ទម្លាក់ចោល។

នៅក្នុង​ភូមិ Rancasumur ដែលជា​ភូមិ​ជ្វា​និង​ជា​កន្លែង​ដែល​នាង Siti Aisyah ធំធាត់​ឡើង​, អ្នកភូមិ​បាន​និយាយថា ពួកគេ​បាន​យំ​ដោយ​ក្តីរំភើប​នៅពេល​ពួកគេ​បាន​ឮថា នាង​ត្រូវបាន​ដោះលែង​។​

កាលពី​ថ្ងៃ​អង្គារ មីង​របស់​នាង​ឈ្មោះ Siti Sudarmi បានរៀបចំ​ម្ហូបអាហារ​សាច់គោ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ដែល​នាង Aisyah ចូលចិត្ត​ខណៈពេលដែល​អ្នកកាសែត​កំពុង​រង់ចាំ​នៅ​ខាងក្រៅ​ផ្ទះ​គ្រួសារ​ហើយ​កុមារ​ដែលមាន​ភាព​រីក​រាយ​បាន​រត់​ជុំវិញ​ភូមិ​ដោយ​ស្រែកថា “Kim Jong Nam” ដែលជា​ឈ្មោះ​របស់​ជនជាតិ​កូរ៉េខាងជើង​ដែល​បាន​ស្លាប់​។​

នៅ​រាត្រី​មុន​នោះ ភូមិ​ដ៏​តូច​មួយ​នេះ​បាន​ប្រារព្ធ​ពិធី​សូត្រធម៌​ដើម្បី​អរគុណ​ដល់​ព្រះ​ជា​ម្ចាស់​ចំពោះ​សេរីភាព​របស់​នាង Aisyah។

អាជ្ញាធរ​នៅ​ប្រទេស​ម៉ាឡេស៊ី​ដែលជា​កន្លែង​នាង Aisyah ត្រូវបាន​ឃុំខ្លួន​អស់​រយៈពេល​ពីរ​ឆ្នាំ​ហើយ​ប្រឈមមុខ​នឹង​ការកាត់ទោស​ប្រហារជីវិត​គឺ​បាន​ដោះលែង​នាង​កាលពី​ថ្ងៃ​ចន្ទ​បន្ទាប់ពី​ការបញ្ចុះ​បញ្ចូល​ដោយ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី។

ព្រះរាជអាជ្ញា​បាន​ចោទប្រកាន់ថា នាង Aisyah និង​ស្ត្រី​វៀតណាម​ម្នាក់​ឈ្មោះ Doan Thi Huong ត្រូវបាន​បង្ហាត់បង្រៀន​ឲ្យ​សម្លាប់​ដោយ​ប៉ាត​សារធាតុ​គីមី VX លើ​មុខ​របស់លោក Kim Jong Nam នៅឯ​ព្រលានយន្តហោះ​ម៉ាឡេស៊ី​ក្នុង​ឆ្នាំ​២០១៧​។​

ទោះបីជា​យ៉ាងណាក៏ដោយ ស្ត្រី​ទាំងពីរ​ដែលមាន​បទពិសោធ​តិចតួច​ក្នុង​ពិភពលោក​ខាងក្រៅ​បាន​និយាយថា ពួកគេ​គិតថា ពួកគេ​កំពុង​ចូលរួម​ក្នុង​កម្មវិធី​ពញ្ញាក់​អារម្មណ៍​របស់​ទូរទស្សន៍​។​

ចាប់តាំងពី​ដើម​មក ក្រុមមន្ត្រី​ឥណ្ឌូនេស៊ី​បាន​អះអាងថា នាង Aisyah គឺជា​មនុស្ស​មិនសូវ​ចេះ​គិត​ហើយ​មិនដឹង​ខ្លួន​ថា​ជា​កូនអុក​របស់​ភ្នាក់ងារ​កូរ៉េខាងជើង​។ វា​មិន​ច្បាស់​ទេ​ថា​តើ​ម៉ាឡេស៊ី​ក៏​នឹង​ទម្លាក់​ការចោទប្រកាន់​ប្រឆាំងនឹង​នាង Huong ដែរ​ឬ​យ៉ាងណា​៕ AP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu