ភ្នំពេញ ៖ មន្ទីរពេទ្យជោរៃភ្នំពេញ កាលពី៣សប្ដាហ៍មុននេះបានអនុវត្តករណីវះកាត់ក្រពេញទីរ៉ូអ៊ីត (Thyroid )តាមប្រព័ន្ធចោះឆ្លុះដោយទទួលជោគជ័យដល់ស្ត្រីអ្នកជំងឺរស់នៅទីក្រុងភ្នំពេញ ដោយប្រើបច្ចេកទេសចោះឆ្លុះបន្សល់ស្នាមរបួសវះកាត់តូច(Minimally invasive)។ នេះ គឺជាករណីអនុវត្តបច្ចេកទេសវះកាត់តាមប្រព័ន្ធចោះឆ្លុះក្រពេញទីរ៉ូអ៊ីតលើកដំបូងនៅកម្ពុជា។
វេជ្ជបណ្ឌិតឯកទេសវះកាត់ ឈ្មោះប៊ុយ កុងថាញ់ បានឲ្យដឹងនៅល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ថា មន្ទីរពេទ្យជោរៃភ្នំពេញ បានអនុវត្តករណីវះកាត់ក្រពេញទីរ៉ូអ៊ីតតាមប្រព័ន្ធចោះឆ្លុះដោយជោគជ័យដល់ស្ត្រីអ្នកជំងឺឈ្មោះ ទ.ធ.ស អាយុ៤៦ឆ្នាំ មានទីលំនៅនៅទីក្រុងភ្នំពេញដោយបច្ចេកទេសវះកាត់ចោះឆ្លុះដោយស្នាមរបួសតូចនៅដើមទ្រូង។
មុនពេលមកទទួលការព្យាបាលនៅមន្ទីរពេទ្យជោរៃភ្នំពេញ ៦ ខែ អ្នកជំងឺមានអារម្មណ៍ថា ផ្នែក ក ខាងស្តាំធំជាងផ្នែកកខាងឆ្វេង។ ពីមួយថ្ងៃទៅមួយថ្ងៃ កកាន់តែធំឡើង អ្នកជំងឺបានសម្រេចចិត្តមកពិនិត្យនៅមន្ទីរពេទ្យជោរៃភ្នំពេញ។
លោកវេជ្ជបណ្ឌិតបន្តថា ក្រោយពេលពិនិត្យធ្វើតេស្តពិសោធន៍ផ្សេងៗ រួចមកធ្វើការវិនិច្ឆ័យថា “មានដុំនៅក្លែបខាងស្តាំក្រពេញទីរ៉ូអ៊ីត” និងចេញវេជ្ជបញ្ជាវះកាត់ក្រពេញទីរ៉ូអ៊ីតតាមប្រព័ន្ធចោះឆ្លុះ។
គុណសម្បត្តិធំបំផុតនៃបច្ចេកទេសវះកាត់តាមប្រព័ន្ធចោះឆ្លុះនេះ គឺស្លាកស្នាមមុខរបួសចោះឆ្លុះតូច ដែលជួយរក្សាបានសោភ័ណភាព (ស្នាមមុខរបួសចោះឆ្លុះប្រមាណ ១,៥ – ២ ស.មប៉ុណ្ណោះ ប្រៀបធៀបទៅនឹងស្នាមមុខរបួសវះកាត់តាមរបៀបចាស់ ពី៥ -៦ ស.ម), ឈឺចាប់តិច និងក្នុងពេលវះកាត់វេជ្ជបណ្ឌិតវះកាត់បានប្រើឧបករណ៍ឃាត់ឈាមទំនើបហៅថា Ultrasonic Coagulation Device ដែលអត្រាជំងឺវិវត្តន៍អាក្រក់ក្រោយពេលវះកាត់ទាបជាងធៀបនឹងវិធីវះកាត់ចាស់។
ក្រោយវះកាត់ចោះឆ្លុះ៣-៤ថ្ងៃ អ្នកជំងឺអាចចេញពីមន្ទីរពេទ្យបាន ដែលជួយកាត់បន្ថយបានថ្លៃសម្រាកព្យាបាល។
កាលពីពេលមុន សម្រាប់អ្នកជំងឺមានដុំនៅក(ដុំក្រពេញទីរ៉ូអ៊ីត), ជំងឺមុខងារក្រពេញទីរ៉ូអ៊ីតកើនលើសធម្មតា គឺត្រូវវះកាត់បើកចំហនៅតំបន់ក ដែលបន្សល់នៅស្លាកស្នាមមុខរបួសវះកាត់ធំ និងត្រូវការថែទាំក្រោយពេលវះកាត់យូរ ជាពិសេស នៅតំបន់ក្រពេញទីរ៉ូអ៊ីតមានសរីរៈសំខាន់ៗផ្សេងទៀតជាច្រើន ដូចជា សរសៃប្រសាទឡារាំងហ្សេរ៉េគួរ៉ង់ (Laryngeal Recurrent Nurses), ខ្សែសម្លេង(Vocal cords)….. ដែលងាយបង្កជាផលវិបាកដូចជា និយាយមិនចេញ,កន្ត្រាក់សាច់ដុំដៃជើង។
ការវះកាត់ក្រពេញទីរ៉ូអ៊ីតដោយប្រព័ន្ធចោះឆ្លុះ គឺជារបត់រីកចម្រើនថ្មីសម្រាប់ការព្យាបាលជំងឺនានាពាក់ព័ន្ធនឹងក្រពេញទីរ៉ូអ៊ីត។ អ្នកជំងឺភាគច្រើនមានការបារម្ភពីស្លាកស្នាមមុខរបួសវះកាត់នៅក ដែលជាហេតុនាំឲ្យអ្នកជំងឺមានការអល់អែកក្នុងការសម្រេចចិត្តទទួលការវះកាត់ឲ្យបានភ្លាមៗ។
ផលវិបាកនៃការទុកឲ្យក្រពេញទីរ៉ូអ៊ីតរីកកាន់តែធំឡើង, ដុំមហារីកក្រពេញទីរ៉ូអ៊ីតរីករាលដាលទៅកន្លែងផ្សេង យូរថ្ងៃទើបសម្រេចចិត្តធ្វើការវះកាត់ គឺយឺតពេលទៅហើយ។ សម្រាប់ករណីបែបនេះ គឺគួរឲ្យសោកស្តាយ។ ជាមួយនឹងបច្ចេកវិជ្ជាថ្មី ធ្វើឲ្យអ្នកជំងឺមានទំនុកចិត្ត និងជំរុញឲ្យអ្នកជំងឺមកទទួលការវះកាត់តាមប្រព័ន្ធចោះឆ្លុះបានទាន់ពេលវេលា ជំងឺឆាប់ជាសះស្បើយ និងឆាប់វិលទៅបំពេញការងារបានធម្មតា, មិនបន្សល់ស្លាកស្នាមមុខរបួសនៅក នាំឲ្យអ្នកជំងឺមានទំនាក់ទំនងទៅនឹងសង្គមតាមធម្មតាដោយគ្មានខ្មាសអៀន។
បច្ចុប្បន្ននេះ មន្ទីរពេទ្យជោរៃភ្នំពេញបានអនុវត្តការវះកាត់ក្រពេញទីរ៉ូអ៊ីតតាមប្រព័ន្ធចោះឆ្លុះសម្រាប់ករណីដុំស្លូត(ដុំមិនមែនមហារីក)១ក្លែប (Benign Tumor) ឬដុំច្រើនក្លែបមានទំហំតូចជាង៥សង់ទីម៉ែត្រ(ស.ម)។ លោកសង្ឃឹមថា នៅថ្ងៃអនាគត ក្រុមវេជ្ជបណ្ឌិតឯកទេសវះកាត់នឹងស្រាវជ្រាវបន្ថែមឈានទៅវះកាត់ក្រពេញទីរ៉ូអ៊ីតតាមប្រព័ន្ធចោះឆ្លុះដែលមានដុំទំហំធំជាង៥ស.ម និងដុំមហារីកក្រពេញទីរ៉ូអ៊ីត (Malignant Tumor) ៕
អនុវត្តបច្ចេកទេសវះកាត់ក្រពេញទីរ៉ូអ៊ីតតាមប្រព័ន្ធចោះឆ្លុះ(ស្នាមមុខរបួសវះតូច)ដោយជោគជ័យលើកដំបូងបង្អស់នៅកម្ពុជា
0 Comments