Ad Code

សង្វៀន​ជល់​មាន់​ដុះ​ស្លែ​មួយកន្លែង សមត្ថកិច្ច​អត់​ខ្វល់​បង្ក្រាប

បាត់ដំបង ៖ ទីតាំង​ជល់​មាន់​មួយ​កន្លែង ដែល​ស្ទើរតែ​ដុះ​ស្លែ​ទៅ​ហើយ​នោះ កំពុងតែ​សំងំ​សុខ​យ៉ាង​រំភើយ គ្មាន​ខ្វល់​ពី​រឿង​អ្វី​ទាំងអស់ គឺ​គេ​គិតតែ​ប្រមូល​ផ្តុំគ្នា​ស្រែក​ហ៊ោ​កញ្ជ្រៀវ​ដើម្បី​ដេញថ្លៃ​គ្នា​ទៅលើ​សត្វ​មាន់ ដែល​កំពុង​ប្រជល់​គ្នា​តែប៉ុណ្ណោះ រីឯ​សមត្ថកិច្ច​ក៏​អត់​ខ្វល់​ឬ​ឈឺក្បាល​នឹង​ការ​បង្ក្រាប។


ទីតាំង​នេះ គឺ​គេ​បើក​ដំណើរការ​នៅ​រៀងរាល់ថ្ងៃ​ច័ន្ទ អង្គារ និង​សុក្រ ស្ថិតនៅ​ក្នុងភូមិ​កោង​កាង​​ឃុំ​បន្សាយ​ត្រែង ស្រុក​ថ្មគោល ខេត្តបាត់ដំបង ដោយ​ម្ចាស់​សង្វៀន​នេះ​មានឈ្មោះ ម៉ៅ​ដែល​ត្រូវជា​ពូជពង្ស​វង្ស​ត្រកូល របស់​លោក​សាន ដែល​អតីត​គឺជា​មេស​ង្វៀន​ជល់​មាន់​ដ៏​ធំ​ប្រចាំ​ឃុំ​បន្សាយ​ត្រែង ស្រុក​ថ្មគោល​នេះ។


ប្រភព​ជាច្រើន​បាន​និយាយ​ថា បន្ទាប់ពី​ឪពុកមា​របស់​គេ​ឈប់​លេង​ប្រហែល​មួយឆ្នាំ​រួចមក​ក្មួយ​របស់​គេ​បាន​ចាប់​ផ្តើម​បន្ត គឺ​មានន័យថា​ស្នង​ត្រកូល​បន្ត​ពី​ឪពុកមា ដោយ​គេ​បាន​បើក​លេង​យ៉ាង​សប្បាយ​គ្មាន​ខ្វល់​នឹង​ការ​បង្ក្រាប​របស់​សមត្ថ​កិច្ច​ឡើយ នេះ​ទំនងជា​មានការ​ត្រូវរ៉ូវ​គ្នា​ផង​ក៏​មិនដឹង បានជា​គេ​មាន​សិទ្ធិ​បើក​យ៉ាង​ចំហ​បែបនេះ។


នៅ​តាម​ផ្លូវ​ចូល​កាត់​តាម​ចំការ​មុននឹង​ទៅដល់​សង្វៀន​ជល់​មាន់ គឺ​មាន​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់​នៅ​អង្គុយ​ចាំ​យក​លុយ ដោយ​ម្នាក់ៗ​ត្រូវ​បង់​ចំនួន​៤​ពាន់​រៀល ដើម្បី​ចូល​ទៅ​ទស្សនា​ឬក៏​ចូល​ទៅ​ភ្នាល់​គ្នា​ជាដើម ដោយ​គេ​មាន​ថែម​ទឹក​សុទ្ធ​មួយ​ដប​ផង ដែល​ជា​ការ​លើកទឹកចិត្ត​ដល់​អ្នក​ដែល​ចូល​ទៅ​ទស្សនា ក្នុង​បរិវេណ​ចំការ​ចេក​នេះ។


ប្រភព​ជាច្រើន​កំពុង​តែ​ធ្វើការ​រិះគន់​ថា តើ​ពេលនេះ​សមត្ថកិច្ច​ទៅណា​បាត់​អស់ហើយ​ឬមួយ​ក៏​កំពុងតែ​ដេកលក់ បានជា​មិនបាន​ដឹង​ថា មាន​គេ​បើក​សង្វៀន​ជល់​មាន់​ដ៏​ធំ​នៅ​ក្បែរ​ក្លៀក​បែបនេះ ហើយ​ជើងកាង ដែល​ជា​ម្ចាស់​សង្វៀន​នោះ​មានឈ្មោះ ម៉ៅ ត្រូវជា​ក្មួយ​លោក​សាន នៅក្នុង​ភូមិ​កោង​កាង នេះ​សោះ​អញ្ចឹង​? បើ​យ៉ាង​ដូច្នេះ​មែន ប្រាកដជា​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព ទៅជា​គ្មាន​សុវត្ថិភាព​វិញ​ជាមិនខាន៕



សង្វៀន​ជល់​មាន់​ដុះ​ស្លែ​មួយកន្លែង សមត្ថកិច្ច​អត់​ខ្វល់​បង្ក្រាប

Post a Comment

0 Comments

Close Menu