Ad Code

កំពុង ចែកចាយ​ថ្នាំញៀន​​តាម​ភូមិ​ សមត្ថកិច្ច​មក​ទាន់​ចាប់បាន​ម្នាក់ ​រត់​រួច​ម្នាក់



កណ្តាល​ ៖ សមត្ថកិច្ច​នគរបាល​ស្រុក​ពញាឮ បាន​ចាប់ខ្លួន​បុរស​ម្នាក់​ពាក់​ព័​ន្ធ​ករណី​ជួញដូរ​ថ្នាំញៀន​ខុសច្បាប់ នៅ​កន្លែង​កើតហេតុ នៅ​ចំណុច​ផ្លូវ​បេតុង​ភូមិ​ភ្នំ​បាត ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល កាលពី​ម៉ោង​១៥​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៩ ខណៈ​ដែល​ជននេះ​កំពុង​ធ្វើ​សកម្មភាព​លក់​ថ្នាំញៀន​ជាមួយ​គូកន​ម្នាក់​ទៀត​រត់​គេច​ខ្លួន​។



ជ​នស​ង្ស័យ​ខាងលើ​ឈ្មោះ ពេជ្រ សួរ ហៅ​ខ្មៅ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ ​ជនជាតិខ្មែរ​ គ្មានមុខរបរ ទីលំនៅ​ភូមិ​សសី ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្តាល​។

មន្ត្រី​នគរបាល​ស្រុក​ពញាឮ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​កម្លាំង​នគរបាល​ស្រុក​បាន​មក​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ភ្នំ​បាត ចុះ​ល្បាត និង​ស្រាវជ្រាវ​រកមុខ​សញ្ញា​ផ្សេងៗ​នៅក្នុង​មូលដ្ឋាន​។ លុះដល់​ចំណុច​កើតហេតុ​ក៏ បាន​ប្រទះឃើញ​ជនសង្ស័យ​ខាងលើ កំពុងតែ​ធ្វើ​សកម្មភាព​ជួញដូរ​ថ្នាំញៀន ទើប​បង្ក្រាប​តែម្តង​ ចាប់​ឃាត់ខ្លួន​បាន​ម្នាក់ ឈ្មោះ ពេជ្រ សួរ ហៅ​ខ្មៅ និង​ចាប់បាន​ថ្នាំ​ញៀន​ចំនួន​២​កញ្ចប់​ធំ​ជា​វត្ថុតាង​។

នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា ថ្នាំ​ញៀន​ដែល​ខ្លួន​យក​មក​លក់​ឲ្យ​គេ​នៅ​ពេល​នេះ គឺ​បក្ខពួក​របស់​ខ្លួន​ម្នាក់​ឈ្មោះ ឌី​ណា ភេទ​ប្រុស ប្រើ​ទូរ​ស័ព្ទ​លេខ ០១៦ ២៣៨ ៧៨៦ រស់នៅ​ក្នុង​ភូមិ​ជាមួយគ្នា​(​ភូមិ​សសី ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្តាល​) បាន​ប្រើ​ខ្លួន​ឲ្យ​យក​ថ្នាំញៀន​នេះ​ចំនួន​២​កញ្ចប់​មក​លក់ ដោយ​តម្រូវ​ឲ្យ​លក់​តម្លៃ​១០០ ០០០៛(​ដប់​ម៉ឺន​រៀល​) ក្នុង​១​កញ្ចប់​
២​កញ្ចប់​តម្លៃ​២០.០០០០​រ (​ម្ភៃ​ម៉ឺន​រៀល​) ប៉ុន្តែ​ខណៈ​កំពុង​លក់​ក៏ត្រូវ​សមត្ថកិច្ច​មក​ចាប់ខ្លួន​តែម្តង​។​

ចំណែក​បក្ខ​របស់គេ​ម្នាក់ ឈ្មោះ ឌី​ណា នោះបាន​រត់គេចខ្លួន​បាត់​ហើយ​សមត្ថកិច្ច​​បាន​ស្រាវជ្រាវ​សវតា​ជាតិ​របស់​ជនសង្ស័យ​ដែល​គេចខ្លួន​ដើម្បី​តាម​ចាប់ខ្លួន​យក​មក​ប្រគល់​ឲ្យ​តុលាការ តាម​ចម្លើយ​សារភាព​បក្ខពួក​របស់​គេ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu