ភ្នំពេញ ៖ កម្មករមានវ័យ២៥ឆ្នាំ ភេទប្រុស កំពុងតែឈរនៅមុខរោងចក្រកាត់ដេរយីហោS.L ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ ក្នុងភូមិឫស្សីសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ស្រាប់តែក្អួតធ្លាក់ឈាមទាំងថ្លុក បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក។
យោងតាមប្រភពពី លោក សេង វ៉ាន់ថា ចៅរងទី១ សង្កាត់ស្ទឹងមានជ័យទី២ បានឲ្យកម្ពុជាថ្មីដឹងថានៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៨មីនានេះ សាក្សីបានឃើញកម្មករម្នាក់ ភេទប្រុស ក្នុងវ័យ២៥ឆ្នាំ បានឈរនៅក្បែររោងចក្រកាត់ដេរយីហោSL តាមបណ្ដោយផ្លូវ៣៧១ ក៏ស្រាប់តែក្អួតធ្លាក់ឈាមពេញលើទ្រូងផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើល ដោយពេលនោះក៏មានប្រជាពលរដ្ឋនាំគ្នាចូលទៅជួយ និងទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាន់មន្ទីរពេទ្យ សម្ដេចឪ ដឹកយកទៅសង្គ្រោះភ្លាមៗ។
លោកចៅសង្កាត់រងបានបន្តថា ជនរងគ្រោះមានជំងឺប្រចាំកាយជាយូរឆ្នាំមកហើយ និងធ្លាប់ធ្លាក់ឈាមនៅពេលដែលជនរងគ្រោះខំប្រឹងក្អួត។ ទោះជាយ៉ាងណា ក៏មិត្តភ័ក្ដិជនរងគ្រោះមិនបង្ហាញអត្តសញ្ញាណជនរងគ្រោះឡើយ ព្រោះគេប្រញាប់យកទៅមន្ទីរពេទ្យ៕
Source: Kampuchea Thmey Daily
0 Comments