Ad Code

កាន់តែ​ក្តៅ​ហើយ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី ជា សុផារ៉ា បង្កើត​ក្រុមការងារ ចុះ​ពិនិត្យ​ស្ថានភាព​ទំនាស់​ដីធ្លី នៅ​ខេត្ត​ព្រះសីហនុ ពាក់ព័ន្ធ​សាលដីកា​តុលាការ​កំពូល



ភ្នំពេញ ៖ លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ កាលពី​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៩ បានសម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ដើម្បី​ចុះ​ត្រួតពិនិត្យ និង​ស្រាវជ្រាវ​ករណី​វិវាទ​ដីធ្លី ស្ថិត​ក្នុង​តំបន់​ពយ​ម៉ា​ចូ​វ និង​តំបន់​ព្រែក​ទឹកសាប​ក្បាលឆាយ ខេត្ត​ព្រះសីហនុ ដែល​ជា​តំបន់​មាន​បញ្ហា​វិវាទ​ដី​ដ៏​ក្តៅគគុក និង​ធ្វើ​ឲ្យ​អភិបាលរង​ខេត្ត​ចំនួន​២​រូប របូត​តំណែង​កាលពី​ថ្មីៗ​នេះ តាម​ចំណាត់ការ​អនុវត្ត​អភិក្រម​ទី​៥​របស់​រាជរដ្ឋាភិបាល​។

យោង​តាម​សេចក្ដីសម្រេច​របស់​លោក ជា សុផារ៉ា ក្រុមការងារ​ចំពោះ​កិច្ច​នេះ មាន​លោក សៀក វណ្ណា អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា​ប្រធាន និង​មាន​លោក ឡោ ដា​វុ​ធ អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​សុរិយោដី និង​ភូមិសាស្ត្រ ជា​អនុប្រធាន លោក ប៉ែន ច័ន្ទ​សុង​ខេមរា ជា​អនុប្រធាន​អចិន្ត្រៃយ៍ និង​មាន​សមាជិក​ចំនួន​៩​រូប​ទៀត​។



ក្រុមការងារ​នេះ​ មាន​ភារកិច្ច ពិនិត្យ​ស្ថានភាព​វិវាទ​ដីធ្លី​ពាក់ព័ន្ធ​នឹង​សាលដីកា​លេខ​៣៤៨ ឈ ចុះ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧ របស់​តុលាការ​កំពូល មាន​ទីតាំង​ស្ថិតនៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ។ កំណត់​អត្តសញ្ញាណ​កម្ម​ដី និង​អត្តសញ្ញាណ​កម្ម​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​ដី ដែល​រាជរដ្ឋាភិបាល​បាន​កាត់​ចេញពី​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង ព្រែក​ទឹកសាប​ក្បាលឆាយ ស្ថិតនៅ​ភូមិ​១ សង្កាត់​២ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។ សហការ​ជាមួយ​អាជ្ញាធរ​ដែនដី រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​ស្ថាប័ន​ពាក់ព័ន្ធ ពិនិត្យ​ស្រាវជ្រាវ​ករណី​វិវាទ​ដីធ្លី​ខាងលើ​ធ្វើ​របាយការណ៍​អំពី​លទ្ធផល​ការងារ​ខាងលើ ដាក់ជូន​ក្រសួង ដើម្បី​ពិនិត្យ​សម្រេច ហើយ​ក្រុមការងារ​នេះ អាច​ប្រើប្រាស់​មន្ត្រីក្រោម​ឱវាទ​ក្រសួង​ឲ្យ​ជួយ​ការងារ​តាម​ការចាំបាច់​។

សូម​បញ្ជាក់​ថា ពាក់ព័ន្ធ​សំណុំរឿង​ខាងលើ​នេះ កាលពី​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០១៩ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ចប់​តំណែង​អភិបាលរង​ខេត្ត​ព្រះសីហនុ​ចំនួន​២​រូប គឺ​លោក លោក ស្រ៊ុន ស្រ៊ន់ និង​លោក ផៃ ប៊ុន​វណ្ណៈ ដែល​ការសម្រេច​បញ្ចប់​តំណែង​អភិបាលរង​ខេត្ត​ព្រះសីហនុ​ចំនួន​២​រូប​ខាងលើ​នេះ ក្រោយពី​មន្ត្រី​ទាំង​ពីរ​រូប​នេះ បាន​ដឹកនាំ​កម្លាំង​ចុះ​អនុវត្ត​សាលដីកា លើ​ករណី​ដីធ្លី នៅ​ភូមិ​គគី ឃុំ​បិត​ត្រាង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដើម្បី​យក​ដី​ឲ្យ​លោក​ឧកញ៉ា ស៊ីវ គង់​ទ្រី​វ ដោយ​យក​កម្លាំងយោធា​ចូលរួម ហើយ​បង្ក​ជា​អំពើ​ហិង្សា​រវាង​កម្លាំងចំរុះ ជាមួយ​ប្រជាពលរដ្ឋ​បណ្តាល​ឲ្យ​មាន​របួសធ្ងន់ និង​ស្រាល​។

ទាក់ទង​បញ្ហា​នេះ​ដែរ នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆមាស​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ កាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ចេញ​បញ្ជា​ឲ្យ​ធ្វើការ​សិក្សា ដក​មេ​យោធា​ខេត្ត​ព្រះសីហនុ លោក សា​វិ​ន វិបុល និង​អភិបាលរង​ខេត្ត​២​នាក់​ទៀត ហើយ​សម្តេច​តេ​ជោ ក៏បាន​បញ្ជា​យ៉ាង​ដាច់​ណាត់ មិន​អនុញ្ញាត​ឲ្យ​យក​កងទ័ព ដែល​មិនមែន​ជា​មន្ត្រី​អនុវត្ត​ច្បាប់ ទៅ​អនុវត្ត​សាលដីកា​ឡើយ ហើយ​សម្តេច​បាន​ស្នើ​ឲ្យ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ពិនិត្យ​ទៅលើ​ករណី​ប្រធាន​យោធា​ខេត្ត​ព្រះសីហនុ ប្រសិនជា​មានការ​ខុស​ឆ្គង និង​វិន័យ​នោះ ស្នើ​ឲ្យ​មាន​វិធានការ​ទៅតាម​ផ្លូវច្បាប់​។ ជាមួយ​នេះ សម្តេច​ក៏បាន​ស្នើ​ឲ្យ​មានការ​រឹបអូស​យក​ដី​ទំនាស់​នោះ​ត្រឡប់មកវិញ ព្រោះ​វា​ជា​ដី​របស់​រដ្ឋ ដើម្បី​រក្សាទុក​ធ្វើជា​ដី​សម្បទាន​សម្រាប់​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ដី ហើយក៏​មិន​ឲ្យ​អាជ្ញាធរ​លូកដៃ​ចូលក្នុង​ការបែងចែក​ដី​សម្បទាន​សង្គមកិច្ច ដោយ​ដាក់ឈ្មោះ ទៅ​ទទួលយក​ដី​សម្បទាន​ទាំង​នោះឡើយ​។

កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩ មាន​មាន​អំពើ​ហិង្សា​មួយ​បាន​កើត​ឡើង ខណៈពេល​អាជ្ញាធរ និង​ព្រះរាជអាជ្ញា​បាន​ចុះ​អនុវត្ត​សាលដីកា​តុលាការ​កំពូល លើ​ករណី​ដីធ្លី នៅ​ភូមិ​គគី ឃុំ​បិត​ត្រាង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​ការអនុវត្ត​ពេលនោះ ត្រូវ​បាន​មន្ត្រី​អះអាងថា មាន​កម្លាំង​យោធា​ចូលរួម​យ៉ាងច្រើន​ផង​ដែរ ហើយ​សកម្មភាព​បង្ក្រាប​ដោយ​ហិង្សា របស់​កងកម្លាំង​ចម្រុះ​ខេត្ត​ព្រះសីហនុ នា​ពេល​នោះ គឺ​បាន​កើតឡើង​បន្ទាប់ពី​ក្រុម​ប្រជាពលរដ្ឋ បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​ដុត​កង់ឡាន គប់​ដុំថ្ម និង​គប់​ដប​សាំង​ទៅលើ​កម្លាំង​សមត្ថកិច្ច ដែល​ឲ្យ​ចុះទៅ​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល ក្រោម​ការ​បញ្ជា​ផ្ទាល់​អភិបាលរង​ខេត្ត គឺ​លោក ផៃ ប៊ុន​វណ្ណៈ និង​ក្រោម​ការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​រង​អម​សាល​ដំបូង​ខេត្ត គឺ​លោក ហួត វិច​ត្រ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu