សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) បានបើកការធ្វើតេស្តយុវជនអាយុក្រោម១៥ឆ្នាំ(U15) មកពីតាមសាលាតម្រង់ទិស ២៥រាជធានី-ខេត្ត ដែលកំពុងប្រកួតក្នុងលីគយុវជនអាយុក្រោម១៥ឆ្នាំដើម្បីចម្រាញ់យកអ្នកឆ្នើមជាងគេ ចូលរួមហ្វឹកហាត់ជាក្រុមមួយ ដើម្បីចូលរួមនៅសាលាបាល់ទាត់ជាតិបាទី ត្រៀមប្រកួតពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខ។
ថ្មីៗនេះស.ប.ក បានចេញលិខិតស្នើសុំទៅកាន់មន្ទីរអប់រំ យុវជន និងកីឡា ពី២៥រាជធានី-ខេត្ត ដែលជាអាណាព្យាបាលលើក្រុមសាលាតម្រង់ទិសទាំង ២៥រាជធានី-ខេត្ត បញ្ជូនកីឡាករក្នុង១ក្រុម ចំនួន៣នាក់ និងអ្នកចាំទី ១នាក់ ដែលឆ្នើមជាងគេមានឆ្នាំកំណើត ២០០៤-២០០៥ ទៅបោះជំរំធ្វើតេស្ត ជ្រើសរើសចូលស្នាក់នៅ និងហ្វឹកហាត់នៅក្នុងមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិបាទី ត្រៀមកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ( SEA Games 2023 ) ដែលកម្ពុជាជាម្ចាស់ផ្ទះ។
ការបោះជំរំធ្វើតេស្តនេះ ធ្វើឡើងរយៈពេល២ថ្ងៃ គឺចាប់ផ្ដើមនៅថ្ងៃទី០៨ រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិបាទី ខណៈអ្នកជំនាញរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងជ្រើសរើសយកកីឡាករឆ្នើមជាងគេដើម្បីចូលហ្វឹកហាត់ក្នុងក្រុមជំនាន់ទី៣ នៅសាលាបាល់ទាត់ជាតិបាទីតែម្តង ដែលទទួលបានការស្នាក់នៅ ហូបចុក ហ្វឹកហាត់ សិក្សាជុំគ្នាក្រោមការគ្រប់គ្រងរបស់ស.ប.ក។
កន្លងមកសាលាបាល់ទាត់ជាតិមានយុវជន២កម្រិតគឺអាយុក្រោម១៥ឆ្នាំ និងអាយុក្រោម១៨ឆ្នាំ បង្កើតឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សហការជាមួយភាគីពាក់ព័ន្ធនានាដូចជា ក្រសួងអប់រំយុវជននិងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបណ្ដុះបណ្ដាលពង្រឹងធនធានកីឡាករបាល់ទាត់របស់កម្ពុជា នៅថ្ងៃអនាគត ជាពិសេសត្រៀមទទួលធ្វើម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមក្នុងឆ្នាំ ២០២៣ ខាងមុខ។ សាលានេះមានទីតាំងនៅមជ្ឍមណ្ឌលជាតិទន្លេបាទី ក្នុងខេត្តតាកែវ៕
Source: Kampuchea Thmey Daily
0 Comments