Ad Code

គ្រួសារ​យោធិន​ពិការ ​ទទួល​បាន​អណ្តូង​ទឹកស្អាត ពី​លោកស្រី ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​



បន្ទាយមានជ័យ ​៖ គ្រួសារ​យោធិន​ពិការ នៅក្នុង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧ តេ​ជោ​ភ្នំ​ឆ័​ត្រ ស្ថិតនៅក្នុង​ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ទទួលបាន​អណ្តូងទឹក​ចំនួន​១០ និង​ប្រជាពលរដ្ឋ​នៅ ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី នៃ​ខេត្តបន្ទាយមានជ័យ​ ទទួលបាន​ចំនួន​២ ពី​លោកស្រី ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត កាលពី​ថ្ងៃទី​៩ ខែមីនា​២០១៩ ដែលជា​អំណោយ​មូលនិធិ​មាតាបិតា​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹ​ទ្ធ​បណ្ឌិត​សម្រាប់​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ជាពិសេស​នៅ​រដូវ​ទឹក​អំណត់​នេះ។

ជាក់ស្តែង​នៅក្នុង​ឱកាស​នោះ ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ទាំង​២​ខាងលើនេះ ពិត​ជាមាន​ក្តីរំភើប សប្បាយរីករាយ លាយឡំ​នឹង​ទឹកភ្នែក ដោយ​ទទួលបាន​អណ្តូង​ទឹកស្អាត ជា​លើក​ទី​២ ពី​លោកស្រី ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត សម្រាប់​ជួយ​សម្រួល​ដល់​ជីវភាព​គ្រួសារ។

ក្នុង​ពិធី​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​ប្រគល់​អណ្តូង​ទឹកស្អាត ដល់​ប្រជាពលរដ្ឋ នៅក្នុង​ស្រុក​ខាងលើ លោកស្រី ពេ​ជ ចន្ទ​មុន្នី​បានអោយដឹងថា ដោយ​មើលឃើញ​តំបន់​នេះ​មានការ​ខ្វះ​ខាត​ទឹកស្អាត​ប្រើប្រាស់ ពិសេស​នៅ​រដូវប្រាំង សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត បាន​ចាត់​អោយ​ក្រុមការងារ ធ្វើ​ជូន​លោកយាយ លោកតា និង​គ្រួសារ​យោធិន​ពិការ​នៅទីនេះ បាន​ប្រើប្រាស់​តាម​តម្រូវការ។

លោកស្រី​អោយដឹងថា អ្វីដែល​ពិសេស​នៅក្នុង ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក​នេះ គឺ​ភាគច្រើន​ជា​អតីត​យោធិន ដែល​បាន​ពលី​ជីវិត ការពារ​ទឹកដី​នៅ​តំបន់​នេះ កាលពី​សម័យ​សង្គ្រាម​។ ហេតុ​ដូច្នេះហើយ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹ​ទ្ធ​បណ្ឌិត លោក​ទាំងពីរ​តែងតែ​គិតគូរ​ពី​សុខទុក្ខ និង​ជីវភាព​របស់​បងប្អូន​យោធិន​ពិការ​នៅទីនេះ​ជានិច្ច ដោយ​មិន​ទុក​នរណាម្នាក់​ចោល។

លោកស្រី ពេ​ជ ចន្ទ​មុន្នី បន្តថា ដើម្បី​ឆ្លើយតប នឹង​តម្រូវការ​ជាក់ស្តែង របស់​គ្រួសារ​យោធិន​ពិការ និង​ប្រជាពលរដ្ឋ​នៅទីនេះ លោកស្រី​បាន​ចាត់​អោយ​ក្រុមការងារ ចុះមក​ធ្វើ​អណ្តូង​ថែម​ជូន​ជា​លើក​ទី​២​តាម​តម្រូវការ ដោយ​ក្នុងនោះ​មាន​អណ្តូង​លោកតា ហ៊ុន នាង លោកយាយ ឌី ប៉ុក ចំនួន​៧​អណ្តូង និង​អណ្តូង​លោកយាយ ប៊ុន ស៊ា​ង​លី លោកតា លីន គ្រី ចំនួន​៥​អណ្តូង។

គ្រួសារ​យោធិន​ពិការ និង​ប្រជាពលរដ្ឋនៅក្នុង​តំបន់​ខាងលើ បាន​សំដែង​នូវ​ក្ដីសប្បាយ​ត្រេកអរ​ជា​ពន់ពេក និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ ចំពោះ​ម្ចាស់​អណ្តូង ជាពិសេស​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែលជា​និច្ចកាល​លោក​ទាំងពីរ តែង​គិតគូរ​ពី​ទុក្ខលំបាក របស់​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា គ្រប់​ទិស​ទី។

សូមជម្រាបថា ក្នុងឱកាស​នោះដែរ លោកស្រី​ប្រធាន​មូលនិធិ ក៏បាន​ដឹកនាំ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) មក​ពិនិត្យ​ពិគ្រោះ និង​ផ្តល់​ថ្នាំសង្កូវ​ព្យាបាល​ជំងឺ​ស្រាលៗ ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ផងដែរ។ រីឯ​អ្នក​ជំងឺ ដែលមាន​សភាព​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូនមក​ភ្នំពេញ ដើម្បី​ព្យាបាល រាល់​ការ​ចំណាយ​ទាំងអស់ គឺ​ស្ថិតក្រោម​ការឧបត្ថម្ភ​ទាំងស្រុង​ពីស​ម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹ​ទ្ធ​បណ្ឌិត​ផ្ទាល់​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu