Ad Code

ទស្សនៈ ​៖​ មាត់​ត្រីកំភ្លាញ

ប្រជាកសិករខ្មែរ​ពីបុរាណបានកត់សម្គាល់​អំពី​សកម្មភាពនានា របស់សត្វ​ដែល​រស់នៅក្នុង​ធម្មជាតិ​ទុកជា​ការប្រៀបធៀបនឹងសកម្មភាព​មនុស្ស​​សម្រាប់​ជាការ​ដាស់តឿន​ក្រើនរំលឹក​​​​ដល​​​​​់​កូនចៅ​បន្តគ្រប់​ជំនាន់​ឲ្យបាន​ចងចាំ។ ជាក់ស្តែង​ដូច​ជានៅតាមទីកន្លែងដែល​មានទឹក​បើទីនោះមានត្រីគេសម្គាល់តាមរយៈមាត់ត្រី ឬសូរ ចិបចុបៗជាដើម។ ជាពិសេស​គេ​ស្រួល​​​​ចំណាំ​បំផុតចំពោះ កន្លែង​ដែលមាន​ត្រី​កំភ្លាញដែល​បាន​បញ្ចេញសំឡេង​ឲ្យគេ​ដឹងផង និង​មាន​ពុកមាត់ ប៉ប្រះនឹងផ្ទៃទឹកផង។ ហេតុនេះហើយ​ទើបគេ​មានការ​ងាយ​ស្រួល​​ក្នុងការ​ត្រងចាប់យកត្រី​កំភ្លាញ។ យ៉ាង​នេះ​ហើយ​​​ទើបពាក្យចាស់ពោល​ថា កំភ្លាញ ងាប់​​​ពីព្រោះមាត់” នោះ។


ចំពោះ​ហេតុផល​ដែល​ដូនតាបានកត់សម្គាល់​នោះគឺត្រីកំភ្លាញងាប់​ពីព្រោះមាត់។ ទន្ទឹមនេះផង​ដែរក៏មាន​ពាក្យ​ស្លោក​ជាទស្សនៈចាស់បុរាណ​បានបញ្ជាក់បន្តមកទៀតថា “ធម្មតា មច្ឆាងាប់​ព្រោះមាត់,ខ្វែក​បក្សីសត្វ​ងាប់​ព្រោះ​អាចម៍ មនុស្ស​សន្និវាសទោះរាស្ត្រ ស្តេចសម្រេច​​​​លើស្រី​សព្វ​កិច្ចការ”។ ប៉ុន្តែ​យើងធ្វើការ​បង្ហាញតែពីរឿងមច្ឆា​ប៉ុណ្ណោះ ព្រោះ​នៅ​ក្នុង​ទឹកដែលមានមច្ឆានោះគឺ​ផ្ទៃ​ទឹកនោះ​​មិនដែល​​ស្ងាត់​​នោះទេ។ គឺផ្ទៃទឹកនៅទី​នោះតែងមានត្រីហែល​ត្រសងទៅមករកចំណី​របស់វា។ ទន្ទឹមនេះដែរ​ត្រីទាំងឡាយបានហែល​ដោយការភេល ឬហើបមកលើផ្ទៃ​ទឹកត្រៀបត្រា​ដើម្បី​បញ្ចេញសំឡេងហៅថា ឡើងឲ្យទឹក ឬបានបញ្ចេញពពុះមកលើដោយ​មានស្នូរ​ប៊ិក​​ប៊ាក់ៗទៀតផង។ ឃើញយ៉ាងនេះ​អ្នកនេសាទ​គិតថា ទឹកនៅ​ទីនោះ​ប្រាកដជាមាន​ត្រីហើយក៏​បាន​លៃលករក​មធ្យោបាយ​ដើម្បី​ចាប់យកត្រីទៅ​ធ្វើអាហារសម្រាប់​បរិភោគ។ ដោយឡែក​សម្រាប់​ពួក​ត្រីកំភ្លាញវិញក៏គេមាន​ការងាយស្រួល​នេសាទជាងត្រីឯទៀតបំផុត ព្រោះវាហែលនៅ

ក្បែរ​ផ្ទៃទឹកខាងលើ ដោយបាន​បង្ហាញខ្លួនយ៉ាង​ច្បាស់​និងមានការ​បញ្ចេញ​សំឡេង​ឲ្យ​ដឹង​ផង​។



បើនិយាយ​អំពីន័យប្រៀបធៀប​របស់​ដូនតា​ពី​បុរាណ​នោះគឺ មាត់ត្រីកំភ្លាញនេះសំដៅទៅ​មនុស្សដែលគេហៅថា “មាត់គ្មានគម្រប” ព្រោះ​មាត់នេះបាន​បញ្ចេញសម្តីធ្វើឲ្យប៉ះពាល់ដល់​សេចក្តីថ្លៃថ្នូរ​របស់​អ្នកដទៃ ឬគេហៅថា ជាមនុស្ស​មាត់​ដាច។ ដូចពាក្យចាស់ពោលថា “អណ្តាត​ជាអាទិ៍ កន្លងសុខផង ទុក្ខផង ព្រោះអណ្តាត”។ បានសេចក្តីថា មនុស្សដែលនិយាយមិនបាន​គិតពីហេតុផលជុំវិញខ្លួននេះហើយជាមាត់ត្រីកំភ្លាញដោយសារ​ការបញ្ចេញសម្តីតាមតែខ្លួននឹកឃើញ​ហៅថា ជាការស្រឹងទឹកមាត់ដោយឥតមានក្រែង​រអែងអ្វីទាំងអស់​ ឬគេហៅថា ជាសម្តីខ្ពស់យក​មេឃទ្រាប់គូថអង្គុយ ទៀតផង។ ការនិយាយ​ប៉ប៉ាច់ប៉ប៉ោចប៉ាតណា ប៉ាតណី តែពីសតែ​ពាស​ផ្តេសផ្តាសនេះវា​មិនខុសពី​មាត់ត្រីកំភ្លាញ​នោះទេ។ បានសេចក្តីថា ត្រីកំភ្លាញត្រូវទទួល​រងគ្រោះ ព្រោះតែមាត់ខ្លួនឯងពិតប្រាកដ។


​ផ្តើមចេញពី​មាត់ត្រីកំភ្លាញដែលពាក្យចាស់​បានលើកមកធ្វើជាឧបមានវិធីទុកជា​ឧត្តមគតិ​ឲ្យ​កូនចៅបាន​ចងចាំ​គ្រប់ជំនាន់នេះ បើគេ​សង្កេត និងធ្វើការតាមដាន​ទៅសម្តីមេគណបក្ស​ប្រឆាំងឈ្មោះថា គណបក្សសង្គ្រោះជាតិនោះក៏​មិន​ខុសពី​មាត់ត្រីកំភ្លាញនោះដែរ។ តាមពិតមេ​បក្សរូបនេះ​កំពុង​តែជួបនូវ យីអ៊ុនដាក់យ៉ាងខ្លាំង​ព្រោះ​គ្រប់តែការបញ្ចេញសម្តី​របស់​គាត់​ក៏មិន​ខុសពី​ការរុកសំបុក​ឪម៉ាល់​នោះដែរ។ គេអាច​សន្និដ្ឋានថា ប្រាកដជាត្រូវ​ឪម៉ាល់​ទិចជាមិនខាន​ព្រោះសម្តីរបស់មេបក្សនេះ​ម៉ាត់ណាក៏ទោស ម៉ាត់​ណាក៏រឿងរ៉ាវអាក្រក់ឡងទៅវិញជារៀង​រាល់លើក។ ជាពិសេស​គេតែង​និយាយថា មេបក្សនេះ​លាងតែងគូថខ្លួនឯងមិនជ្រះផងគឺផ្ទៃ​ក្នុងនៃគណបក្សកំពុង​បែក​វល់​ខ្ទេចខ្ទាំហើយពួក​អាម៉ីអាថោង​កំពុង​ជាប់​ទោស​និងខ្លះរត់ចោល​ស្រុក​ខ្ចាត់ខ្ចាយ តើមកពីមារយាទរបស់​មេ​បក្ស​មែន​ឬ? ប្រាកដណាស់គឺ​មិនខុសពី​ពាក្យ​ចាស់​ពោល​ថា “កំភ្លាញងាប់​ព្រោះមាត់”នោះ​ឡើយ៕


លី​ ហាក់សេង



ទស្សនៈ ​៖​ មាត់​ត្រីកំភ្លាញ

Post a Comment

0 Comments

Close Menu