Ad Code

ICC​ ៖​ បុគ្គល​ ដែល​ទទួលខុសត្រូវ​ចំពោះ​អំពើ​ឃោរឃៅ​លើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​នឹង​ត្រូវ​ប្រឈមមុខ​នឹង​យុត្តិធម៌



មន្ត្រី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា មនុស្ស​ដែល​ទទួលខុសត្រូវ​ចំពោះ​អំពើ​ឃោរឃៅ​ដែល​បាន​បង្ខំ​ឲ្យ​ប្រជាជន​មូស្លីម​រូ​ហ៊ីង​យ៉ា​រាប់ពាន់នាក់​ភៀសខ្លួន​ចេញពី​រដ្ឋ​រ៉ា​ក់​ឃី​ន​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​គឺ​នឹងត្រូវ​ឃុំខ្លួន។

បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​មួយ​ទៅ​ជំរំ​ជនភៀសខ្លួន​បង់​ក្លា​ដែ​ស​, លោក Phakiso Mochochoko នៃ ICC បាន​និយាយថា​ការពិត​ដែលថា​ប្រទេស​មី​យ៉ាន់​ម៉ា​មិនមែនជា​ហត្ថលេខី​នៃ​តុលាការអន្ដរជាតិ​ដែលមាន​មូលដ្ឋាន​នៅ​ទី​ក្រុងឡាអេ​នោះ​គឺ​នឹង​មិនមាន​ឧបសគ្គ​អ្វី​ដល់​ការស៊ើបអង្កេត​ទេ។

នាយក​តុលាការ​រូបនេះ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ក្នុង​រដ្ឋធានី​ដា​កា​ថា “​វា​អាច​បង្ហាញ​ពី​បញ្ហា​ប្រឈម​បន្តិចបន្តួច​សម្រាប់​យើង​ក្នុងការ​ស៊ើបអង្កេត​ប៉ុន្តែ​យើង​បាន​ប្រឈមមុខ​នឹង​ស្ថានការណ៍​បែបនេះ​រួចទៅហើយ​កាលពី​អតីតកាល​ហើយ​យើង​អាច​ដោះស្រាយ​វា​បាន”។

លោក Mochochoko បានធ្វើ​អត្ថាធិប្បាយ​បែបនេះ​បន្ទាប់ពី​បាន​ដឹកនាំ​គណៈប្រតិភូ​ទៅកាន់​ស្រុក Cox's Bazar ភាគ​អាគ្នេយ៍​របស់​ប្រទេស​បង់​ក្លា​ដែ​ស​ដែលជា​ជំរំ​ផ្ទុក​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ប្រហែល​មួយ​លាន​នាក់។

ទោះបីជា​យ៉ាងណាក៏ដោយ គណៈប្រតិភូ​បានបញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​រប​ស់​ខ្លួន​ទៅកាន់​ជំរំ​នេះ​មិនមែនជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​ណាមួយ​នោះទេ​ប៉ុន្តែ​ដើម្បី​ស្វែងរក​នូវ​ការយល់ដឹង​អំពី​ការវាយតម្លៃ​ជា​បន្ត​បន្ទាប់ពី​ការិយាល័យ​របស់​រដ្ឋអាជ្ញា Fatou Bensouda ថា​តើ​ត្រូវ​ធានា​ឲ្យ​មានការ​ស៊ើបអង្កេត​ពេញលេញ​មួយ​ឬក៏​យ៉ាងណា។

ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ប្រហែល​៧៤០,០០០​នាក់​បាន​ភៀសខ្លួន​ចេញពី​រដ្ឋ​រ៉ា​ក់​ឃី​ន​ទៅកាន់​ប្រទេស​បង់​ក្លា​ដែ​ស​ចាប់តាំងពី​ខែសីហា​ឆ្នាំ​២០១៧​មក​បន្ទាប់ពី​ការបង្ក្រាប​ដ៏​ឃោរឃៅ​ដោយ​យោធា​ដែល​ត្រូវបាន​មន្ត្រី UN ពណ៌នា​ថា​ជា “​ការ​បោសសម្អាត​ជនជាតិភាគតិច​”​។ មនុស្ស​រាប់ពាន់នាក់​ទៀ​ត​បានមក​ដល់​នៅ​ប៉ុន្មាន​ឆ្នាំមុនៗ​បន្ទាប់ពី​មាន​អំពើហិង្សា​ប្រឆាំង​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា។

លោក Mochochoko បាន​និយាយថា ការស៊ើបអង្កេត​បឋម​នេះ​នឹង​ផ្តោតទៅលើ​ការទទួលខុសត្រូវ​រប​ស់បុ​គ្គល​។ លោក​លើកឡើងថា “​វា​ផ្តោតលើ​អ្នក​ដែល​ទទួលខុសត្រូវ អ្នក​ដែល​បង្រៀន អ្នក​ដែល​បញ្ជា អ្នក​ដែល​ធ្វើ​អ្វី​ផ្សេងទៀត​និង​អ្នក​ដែល​ជួយ​សម្រួល​ដល់​ការប្រព្រឹត្ត​បទឧក្រិដ្ឋ​”​។​

គួរ​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ចៅក្រម​កាលពី​ឆ្នាំមុន​បានសម្រេច​ថា បើទោះបីជា​ប្រទេស​មី​យ៉ាន់​ម៉ា​មិនបាន​ចុះហត្ថលេខា​លើ ICC ដែលមាន​មូលដ្ឋាន​នៅ​ទី​ក្រុងឡាអេ​ក៏ដោយ​ក៏​តុលាការ​នៅតែមាន​យុត្តាធិការ​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ព្រោះ​ប្រទេស​បង់​ក្លា​ដែ​ស​គឺជា​សមាជិក៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu