ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវរថយន្តធុនធំបើកបុកពីក្រោយ និងកិនបណ្ដាលឲ្យក្បាលធ្លាយខួរស្លាប់ទាំងព្រឹក ខណៈពេលដែលស្ត្រីរងគ្រោះធ្វើ ដំណើរទៅទិញអីវ៉ាន់សម្រាប់ធ្វើបុណ្យខួបគម្រប់មួយឆ្នាំនៃសពឪពុកបង្កើត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅតាមបណ្តោយផ្លូវព្រះមុន្នីរ៉េតមុខធនាគារអេស៊ីលីដា ស្ថិតនៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យសមត្ថកិច្ចដឹងថា នៅវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី១២ខែមីនានេះ គេបានឃើញស្ត្រីពីរនាក់ ជិះម៉ូតូម៉ាកធូដេ ពណ៌ត្រួយចេកគ្មានស្លាកលេខ ដោយធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុន្នីរ៉េតដែលទើបនឹងចេញពីផ្សារស្ទឹងមានជ័យថ្មី។ លុះចេញពីផ្សារបានបន្តិចក៏ស្រាបតែមានរថយន្តធុនធំមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌សសណ្ដោងកន្ទុយរ៉ឺម៉កមកពីក្រោយ បានបុកកន្ទុយម៉ូតូស្ត្រីទាំងពីរនាក់ បណ្តាលឲ្យស្ត្រីដែលជិះពីក្រោយធ្លាក់ពីលើម៉ូតូចូលក្រោមកង់រថយន្តកិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗមួយរំពេច។ ដោយឡែកអ្នកបើកបរម៉ូតូមិនមានគ្រោះថ្នាក់នោះទេ។
សាក្សីបាននិយាយថា រថយន្តបង្កបើកបរលឿនហើយម្យ៉ាងទៀតនៅលើផ្លូវចង្អៀតទៀតផងទើបជួបគ្រោះថ្នាក់បែបនេះ។ ចំណែកអ្នកបើកបររថយន្តបង្កហេតុត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើឃាត់ខ្លួនប្រគល់ឲ្យនគរបាលចរាចរណ៍ចាត់ការតាមនីតិវិធីច្បាប់។
អ្នកបើកបររថយន្តត្រូវបានគេស្គាល់ឈ្មោះហិន យុទ្ធា ភេទប្រុស អាយុ២៩ឆ្នាំ មានស្រុកកំណើតភូមិរំលង ឃុំកន្តោលដុំ ស្រុកច្បារមន ខេត្តកំពង់ស្ពឺ។ ដោយឡែកស្ត្រីដែលគ្រោះថ្នាក់ដល់បាត់បង់ជីវិតនោះ ឈ្មោះអ៊ូ ស៊ូ អាយុ៥៥ឆ្នាំ មានស្រុកកំណើតភូមិសំដី ឃុំឈ្លក ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
ប្រជាពលរដ្ឋបានសំណូមពរដល់សមត្ថកិច្ចនគរបាលចរាចរណ៍ដែលឈរជើងតាមដងផ្លូវសូមអនុវត្តន៍តាមសេចក្តីជូនដំណឹងពីសាលារាជធានីភ្នំពេញដែលហាមឃាត់រថយន្តធំចូលក្រុងក្នុងម៉ោងហាមឃាត់ផង ឬមួយមើលមិនឃើញ បែរជាឃើញអ្នកបើកបរម៉ូតូអត់ពាក់មួកការពារសុវត្ថិភាពប៉ុណ្ណឹងទេដឹង៕
Source: Kampuchea Thmey Daily
0 Comments