Ad Code

ការ​កាត់ទោស​បព្វជិត​កាឌីណាល់​សញ្ជាតិ​អូស្ត្រាលី​ នឹង​ត្រូវ​ផ្សាយ​ផ្ទាល់



ការ​ផ្តន្ទាទោស​បព្វជិត​កាឌីណាល់​អូស្ត្រាលី George Pell ពីបទ​ឧក្រិដ្ឋកម្ម​ផ្លូវភេទ​លើ​កុមារ ​នឹងត្រូវ​ផ្សាយ​ផ្ទាល់​នៅ​ថ្ងៃ​ពុធ​នេះ​ នៅក្នុង​ករណី​ដ៏​កម្រ​មួយ​ដោយ​តុលាការ​ក្នុង​តំបន់។

លោក Pell ដែលជា​បព្វជិត​កាតូលិក​ជាន់ខ្ពស់​បំផុត​ដែល​ត្រូវបាន​រកឃើញថា​មានទោស​ពីបទ​រំលោភ​ផ្លូវភេទ​កុមារ​គឺ​ត្រូវ​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​អតិបរមា​៥០​ឆ្នាំ​ពីបទ​រំលោភបំពាន​លើ​ក្មេងប្រុស​ពីរ​នាក់​នៃ​ក្រុម​ចម្រៀង​មួយ​ក្នុង​មហាវិហារ​ក្រុង​មែ​ល​ប៊​ន​ក្នុង​ឆ្នាំ​១៩៩៦-៩៧។

បុរស​សញ្ជាតិ​អូស្ត្រាលី​វ័យ​៧៧​ឆ្នាំ​រូបនេះ​ត្រូវបាន​រកឃើញ​ពិរុទ្ធភាព​ដោយ​គណៈវិនិច្ឆ័យ​មួយ​កាលពី​ខែធ្នូ​ប៉ុន្តែ​ការបង្គាប់បញ្ជា​ពី​ប្រធាន​ចៅក្រម​តុលាការ​តំបន់​លោក Peter Kidd បាន​រារាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មិន​ឲ្យ​រាយការណ៍​អំពី​រឿងក្តី​នេះ​រហូតដល់​ចុងខែ​កុម្ភៈ​នៅពេលដែល​ព្រះរាជអាជ្ញា​ដកចេញ​នូវ​ផែនការ​ដើម្បី​ធ្វើការ​ជំនុំជម្រះ​ជា​លើក​ទី​ពីរ។

បទបញ្ជា​ដ៏​ចម្រូងចម្រាស​នេះ​បាន​ហាមឃាត់​ការរាយការណ៍​ណាមួយ​អំពី​ករណី​របស់លោក Pell ចាប់តាំងពី​ខែមិថុនា​ឆ្នាំ​២០១៨​មក។

នៅក្នុង​ការគាំទ្រ​ដល់​គោលការណ៍​នៃ “​យុត្តិធម៌​បើកចំហ​”, តុលាការក្រុង​មែ​ល​ប៊​ន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ខ្លួន​នឹង​អនុញ្ញាត​ឲ្យ​មានការ​បង្ហាញ​វីដេអូ​ដែល​ចៅក្រម Kidd អាន​សេចក្តីថ្លែងការណ៍​អំពី​ការកាត់ទោស​របស់គាត់។

គ្មាន​នរណាម្នាក់​នៅក្នុង​បន្ទប់​សវនាការ​នឹងត្រូវ​បាន​ថត​ទេ​រួមទាំង​លោក Pell ផងដែរ​ដែល​បច្ចុប្បន្ន​កំពុង​ជាប់​ឃុំឃាំង។

គួរ​បញ្ជាក់ថា សាល​សវនាការ​អូស្ត្រាលី​កម្រ​អនុញ្ញាត​ឲ្យ​មានការ​ផ្សាយ​បន្ត​ផ្ទាល់​នៃ​ដំណើរការ​នីតិវិធីតុលាការ​ណាស់​ហើយ​នេះ​ត្រូវបាន​គេ​ជឿថា​ជា​លើកទីមួយ​ហើយ​ដែល​តុលាការ​តំបន់​ក្នុង​ទីក្រុង​មែ​ល​ប៊​ន​អនុញ្ញាត​ឲ្យ​មានការ​ធ្វើបែបនេះ។

លោក Pell បានដាក់​ពាក្យបណ្តឹងរ​បស់​គាត់​រួចទៅហើយ​ដើម្បី​ប្តឹង​ឧទ្ធរណ៍​ចំពោះ​សាលក្រម​នេះ​ខណៈ​សវនាការ​នៅ​សាលាឧទ្ធរណ៍​គ្រោង​នឹងត្រូវ​បាន​គេ​ប្រកាស​នៅ​ថ្ងៃទី​៥-៦​ខែមិថុនា​។​

សាលក្រម​នេះ​បាន​បង្ក​ឲ្យ​មានការ​ពិភាក្សា​ជា​សាធារណៈ​អំពី​ការដោះស្រាយ​របស់​សាសនា​កាតូលិក​ចំពោះ​ការចោទប្រកាន់​ពី​ការរំលោភបំពាន​ផ្លូវភេទ​កុមារ៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu