Ad Code

ក្រសួង​ ការងារ​ប្ដឹង​ម្ចាស់​សិប្បកម្ម​ឡឥដ្ឋ​ដែល​បណ្ដាល​ឲ្យ​កុមារី​ម្នាក់​ជួប​គ្រោះថ្នាក់​ដាច់​ដៃ



ភ្នំពេញ​ ៖ ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​កំពុង​កសាង​សំណុំរឿង​ប្តឹង​ម្ចាស់​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​ខេត្តកណ្ដាល​ដែល​បណ្តាល​ឲ្យ​កុមារី​ម្នាក់​ជួប​គ្រោះថ្នាក់​ដាច់​ដៃ។

សូម​រំលឹកថា​កាលពី​ថ្ងៃទី​៩​ខែមីនា​ឆ្នាំ​២០១៩​មាន កុមារី​អាយុ​១០​ឆ្នាំ​ម្នាក់ ដែលជា​កូន​របស់​កម្មករ​ឡឥដ្ឋ បាន​ជួប​គ្រោះថ្នាក់​នៅ​សិប្បកម្ម​ផលិត​ឥដ្ឋ​របស់​ម្ចាស់​ឈ្មោះ​ លាង ស្រ៊ុន ក្នុង​ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​ ដោយ​ធ្វើ​ឲ្យ​កុមារី​រូបនោះ​ បាន​ដាច់​ដៃ​ចូលក្នុង​ម៉ាស៊ីន​ផលិត​ឥដ្ឋ​។​

យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ចុះ​ថ្ងៃទី​១១​ខែមីនា​កន្លងទៅនេះ​បាន​ឲ្យ​ដឹងថា​ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម​ក្រសួង​បាន​ចាត់​ក្រុមអធិការកិច្ច​ការងារ​របស់​ក្រសួង​មន្ត្រី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​និង​មន្ត្រី​មន្ទីរ​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តកណ្តាល​ ចុះ​ធ្វើការ​អង្កេត​និង​ចាត់វិធានការ​ចំពោះ​សិប្បកម្ម​ផលិត​ឥដ្ឋ​នេះ​ដូចខាងក្រោម​គឺ​ទី​១​បានសម្រេច​ពិន័យ​សិប្បកម្ម​ផលិត​ឥដ្ឋ​មួយ​នេះ​ស្របតាម​មាត្រា ៣៦៨​នៃ​ច្បាប់​ការងារ និង​កសាង​សំណុំរឿង​ព្រហ្មទណ្ឌ​លើ​ម្ចាស់​សិប្ប​កម្ម​នេះ អំពី​ករណី​ប្រើប្រាស់​ពលកម្ម​កុមារ និង​ខ្វះ​វិធានការ​ការពារ​សុវត្ថិភាព​កុមារ មិន​ឲ្យ​ចូល​កៀក​ទៅ​កន្លែង​ខ្សែសង្វាក់​ផលិតកម្ម។

ក្រសួង​ការងារ​បាន​ឲ្យ​ដឹង​ទៀតថា កុមារី​រងគ្រោះ​ទទួលបាន​ការគាំទ្រ​ពី​របប​សន្តិសុខ​សង្គម ដូចជា ការព្យាបាល​របួស សេវា​ស្ដារនីតិសម្បទា​ឡើងវិញ ប្រាក់ឧបត្ថម្ភ​សម្រាប់​ការបាត់បង់​សមត្ថភាព​អចិន្ត្រៃយ៍​មួយជីវិត និង​ប្រាក់ឧបត្ថម្ភ​អំឡុងពេល​ព្យាបាល​របួស។

ជាមួយគ្នានេះដែរ​ក្រសួង​បាន​ក្រើនរំលឹក​ដល់​ម្ចាស់​សិប្បកម្ម​ផលិត​ឥដ្ឋ សហគ្រាស គ្រឹះស្ថាន​ទាំងអស់ ត្រូវការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​កុមារ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ប្រកា​សលេខ​៣០៩ ក​.​ប​/​ប្រ​.​ក ចុះ​ថ្ងៃទី​១៤ ​ខែធ្នូ​ ឆ្នាំ​២០០៧ ស្ដីពី​លក្ខខណ្ឌ​ការងារ និង​ជីវភាព​រស់នៅក្នុង​សហគ្រាស​ឡឥដ្ឋ​ហើយ​ការប្រើប្រាស់​កុមារ​អាយុ​ក្រោម​១២​ឆ្នាំ គឺជា​បទល្មើស​ព្រហ្មទណ្ឌ។

ទន្ទឹមនឹងនេះ​ចំពោះ​ការប្រើប្រាស់​ពលកម្ម​កុមារ​អាយុ​ក្រោម​១៨​ឆ្នាំ​នៅតាម​មណ្ឌល​ហប់ ទី​ខ្ពស់ និង​កន្លែង​ដែលមាន​ប្រើប្រាស់​សា​ធាតុគីមី​ត្រូវ​ហាមឃាត់​ ហើយ​ក្រសួង​នឹង​ចាត់វិធានការ​តឹងរ៉ឹង​ទាំង​ផ្នែក​រដ្ឋប្បវេណី និង​ព្រហ្មទណ្ឌ​ចំពោះ​សិប្បកម្ម​ឡឥដ្ឋ សហគ្រាស គ្រឹះស្ថាន​ដែល​ល្មើស​នឹង​ករណី​ខាងលើនេះ៕

​ ​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu