Ad Code

លោក Guaido អំពាវនាវ​ឲ្យ​មាន​បាតុកម្ម​ថ្មី​ ខណៈ​សមាជិកសភា​ប្រកាស “​ភាព​អាសន្ន​”



មេដឹកនាំ​គណបក្សប្រឆាំង​វេ​ណេ​ហ្ស៊ូ​អេ​ឡា​លោក Juan Guaido កាលពី​ថ្ងៃ​ចន្ទ​ បាន​អំពាវនាវ​ឲ្យ​មាន​មហា​បាតុកម្ម​ថ្មី​មួយ ​ខណៈ​ការ​ដាច់​ចរន្តអគ្គិសនី​របស់​ប្រទេស​ដែល​ប៉ះពាល់​ដល់​មនុស្ស​រាប់លាន​នាក់​បាន​ឈានចូល​ថ្ងៃទី​ប្រាំ។

លោក Guaido បាន​និយាយ​នៅក្នុង​សុន្ទរកថា​មួយ​ទៅកាន់​សភាជាតិ​ថា “​ថ្ងៃស្អែក​នៅ​ម៉ោង​បី​រសៀល ប្រជាជន​ជន​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ទាំងអស់​នឹង​ស្ថិតនៅលើ​ដងផ្លូវ​ដើម្បី​តវ៉ា​ប្រឆាំងនឹង​លោក​ប្រធានាធិបតី Nicolas Maduro”។

ស្របពេល​ជាមួយគ្នានេះដែរ សភា​បាន​ទទួលយក​សំណើ​របស់​បុរស​វ័យ​៣៥​ឆ្នាំ​រូបនេះ​ដែល​សុំ​ឲ្យ​មានការ​ប្រកាស “​រដ្ឋ​ក្នុង​ភាពអាសន្ន​” ដើម្បី​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការ​ផ្តល់ជំនួយ​អន្តរជាតិ​ដែល​ជំនួយ​២៥០​តោន​ត្រូវបាន​ជាប់គាំង​អស់​រយៈពេល​មួយខែ​មកហើយ​នៅ​ព្រំដែន​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ជាមួយ​ប្រទេស​កូ​ឡុំ​ប៊ី​និង​ប្រេ​ស៊ី​ល។

ទោះបីជា​យ៉ាងណាក៏ដោយ លោក Guaido និង​អង្គនីតិបញ្ញត្តិ​ដែល​គ្រប់គ្រង​ដោយ​គណបក្សប្រឆាំង​គឺ​មិនមាន​មធ្យោបាយ​ដើម្បី​អនុវត្ត​វា​ទេ​ដោយសារតែ​លោក Maduro បាន​ត្រួតត្រា​យោធា​និង​សេវា​សន្តិសុខ​ដែល​កំពុង​រារាំង​មិន​ឲ្យ​ជំនួយ​ចូលក្នុង​ប្រទេស​។​

លោក Guaido ដែល​ត្រូវបាន​ទទួលស្គាល់​ជា​ប្រធានាធិបតី​បណ្ដោះអាសន្ន​របស់​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ពី​ប្រទេស​ជាង​៥០​បាន​អំពាវនាវ​ឲ្យ​យោធា​និង​សេវា​សន្តិសុខ​កុំ​ទប់ស្កាត់​ឬ​រារាំង​ការតវ៉ា​ថ្ងៃ​អង្គារ​។​

ដោយ​រៀបរាប់​ស្ថានភាព​ថា​ជា “​គ្រោះមហន្តរាយ​”, លោក​បាន​និយាយថា ការ​ដាច់​ភ្លើង​ដ៏​អាក្រក់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​អាមេរិក​ឡាទីន​មួយ​នេះ​បាន​ឆក់យក​ជីវិត​មនុស្ស​រាប់សិប​នាក់​ចាប់តាំងពី​វា​បានចាប់ផ្តើម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​មក។

អគ្គិសនី​ត្រូវបាន​ស្តារឡើងវិញ​នៅតាម​តំបន់​មួយចំនួន​ក្នុងប្រទេស​កាលពី​ចុង​សប្ដាហ៍​ប៉ុន្តែ​សេវា​មិន​រលូន​ទេ​ហើយ​អគ្គិសនី​មាន​រយៈពេល​តែ​ពីរ​បី​ម៉ោង​ប៉ុណ្ណោះ​មុនពេល​ដាច់​ជាថ្មី​ម្តងទៀត​។​

សូម្បីតែ​សម័យប្រជុំ​បន្ទាន់​របស់​រដ្ឋសភា​ក៏បាន​ក្លាយជា​ជនរងគ្រោះ​នៃ​ការ​ដាច់​ភ្លើង​ផងដែរ​នៅពេលដែល​ការផ្គត់ផ្គង់​អគ្គិសនី​ត្រូវបាន​កាត់ផ្តាច់​ក្នុង​រយៈពេល​មួយ​ម៉ោង​អំឡុង​ការប្រជុំ​។​

អាជីវកម្ម​និង​សាលារៀន​មួយចំនួន​នៅតែ​បន្ត​បិទទ្វារ​តាម​បញ្ជា​របស់លោក Maduro​។ ក្នុង​ករណីខ្លះ កង្វះខាត​នៃ​ការដឹកជញ្ជូន​សាធារណៈ​បាន​បណ្តាល​ឲ្យ​ការធ្វើដំណើរ​មាន​ភាពលំបាក​បើទោះបីជា​នៅក្នុង​ទីក្រុង Caracas ក៏ដោយ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu