Ad Code

ឡុង សុ​ភី ក្លាយ​ជា​ម្ចាស់​ខ្សែក្រវាត់​ខា​រ៉ា​បាវ

*Rareung បាន​លេខ​៣

*វ៉ន វីវ៉ា ចាញ់​ស៊ុយអែត​ទឹក​១

ប្រដាល់ ៖ ឡុង សុ​ភី អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា បាន​ក្លាយ​ជា​ជើងឯក​ម្ចាស់​ខ្សែក្រវាត់​ខា​រ៉ា​បាវ​ទម្ងន់​៦៩​គីឡូក្រាម ក្រោយពី​រូបគេ​បាន​ផ្ដួល​អ្នក​ប្រដាល់​ជើង​ខ្លាំង​ កែវ រំ​ចង់ ក្លិប​កងពលតូច​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ មិន​ឲ្យ​ឡាំប៉ា​បាន​ដូច​មុនៗ ក្នុង​ការប្រកួត​ផ្ដាច់ព្រ័ត្រ កាលពី​យប់​ថ្ងៃអាទិត្យ​ទី​២១​ ខែ​មិថុនា ឆ្នាំ​២០១៥​នេះ នៅ​លើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។

កែវ រំ​ចង់ វាយ​ចាញ់​ សុ​ភី​ ដាច់​តែម្ដង ក្នុង​ការប្រកួត​ផ្ដាច់ព្រ័ត្រ ដណ្ដើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ​ដែល​មាន​ប្រាក់​រង្វាន់​រហូតដល់​៥,០០០​ដុល្លារ​អាម៉េរិក​នេះ។

រំ​ចង់ ចាញ់​ កណ្ដាប់ដៃ​របស់​រំ​ចង់​លែង​មាន​ប្រសិទ្ធភាព​ទៀតហើយ ពោល​គឺ​ពុំ​អាច​ធ្វើ​អ្វី ​សុ​ភី​បាន​ឡើយ ផ្ទុយទៅវិញ​ត្រូវ​កណ្ដាប់ដៃ កែង​ និង​ជង្គង់​របស់​ ឡុង សុ​ភី វាយ​ចូល​ពេញៗ ចាប់​តាំង​ពី​ការ​ប្រកួត​ក្នុង​ទឹក​ទី​១ ដល់​ទឹក​ទី​៤​នេះ។​

រំ​ចង់ បាន​បោះបង់ចោល​ការប្រកួត​ក្នុង​ទឹក​ទី​៤ បន្ទាប់ពី​ត្រូវ​មួយ​កែង​ឆ្វេង​របស់​ សុ​ភី ចំ​ប្រជុំ​ចិញ្ចើម​ហូរ​ឈាម​ខ្លាំង ដែល​មិន​អាច​បន្ត​ការប្រកួត​ទៀត​បាន​នោះ។ ជ័យជំនះ​នេះ​បាន​ធ្វើ​ឲ្យ ​ឡុង សុ​ភី ក្លាយ​ជា​ជើងឯក​ម្ចាស់​ខ្សែក្រវាត់​ខា​រ៉ា​បាវ​ ទម្ងន់​៦៩​គីឡូក្រាម និង​ជា​ម្ចាស់​ប្រាក់​រង្វាន់​៥,០០០​ដុល្លារ​អាម៉េរិក។ ឯ កែវ រំ​ចង់ ចាញ់​ក៏​អស់ចិត្ត​ដែរ ដោយ​បាន​ចំណាត់ថ្នាក់​លេខ​២ បាន​ទទួល​ប្រាក់​រង្វាន់​ចំនួន​៣,០០០​ដុល្លារ​អាម៉េរិក។​

ចំពោះ​អ្នក​ប្រដាល់​ថៃ Rareung Luk.Champacha គេ​បាន​ទទួល​ចំណាត់ថ្នាក់​លេខ​៣ ក្រោយពី​ផ្ដួល​យកឈ្នះ​មិត្ត​រួម​ជាតិ​របស់​គេ គឺ Tilek Pithakmeunkan ក្នុង​ទឹក​ទី​៣​នោះ។

Rareung Luk.Champacha ទទួល​បាន​ប្រាក់​រង្វាន់​១,២០០​ដុល្លារ ហើយ Tilek Pithakmeunkan​បាន​៨០០​ដុល្លារ។​

វ៉ន វីវ៉ា អ្នក​ប្រដាល់​ជើង​ខ្លាំង​ក្លិប​ព្រះខ័ន​រាជ ត្រូវ​អ្នក​ប្រដាល់​Carl Petchsaman ជនជាតិ​ស៊ុយ​អែត ហ្វឹកហាត់​នៅ​ក្នុង​ក្លិប​GYM​ប្រទេស​ថៃ ទាត់​ឲ្យ​ខូចដៃ​ឆ្វេង​មិន​អាច​បន្ត​ការប្រកួត​ទៀត​បាន​ក្នុង​ទឹក​ទី​១។

Carl Petchsaman អ្នក​ប្រដាល់​ជនជាតិ​ស៊ុយអែត​នេះ គេ​ទាត់​សង​មួយ​ជើង​ស្តាំ​ទៅលើ ​វ៉ន វីវ៉ា ហើយ ​វីវ៉ា​ បាន​យកដៃ​រង​ទម្ងន់​ជើង​ដ៏​ខ្លាំង​របស់​អ្នក​ប្រដាល់​ស៊ុយអែត​នេះ បណ្ដាល​ឲ្យ​ប៉ោង​កំភួនដៃ ធ្វើ​ឲ្យ​ប្រកួត​លែងកើត។

ជា​លើក​ទី​១​ហើយ ដែល​គេ​ឃើញ ​វ៉ន វីវ៉ា ចាញ់​គូប្រកួត ដោយ​ប្រកួត​មិនទាន់​ក្ដៅ​សាច់​ផង​នោះ៕

Post a Comment

0 Comments

Close Menu