បន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ នៅក្នុងវត្តចារថ្មី និងវត្តតាសល់ ស្ថិតក្នុងឃុំគោកបល្លង្គ័ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ លោក ជា សេងអាន នាយករងរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារចុះជួយឃុំគោកបល្ល័ង្គ និងក្រុមការងារជាច្រើននាក់បាននាំយកទៀនវស្សា ទេយ្យវត្ថុ និងថវិកាដែលសរុបជាទឹកប្រាក់មានជិត១លានរៀលយកទៅប្រគេនព្រះសង្ឃគង់ក្នុងវត្តទាំង២ក្នុងស្រុកមង្គលបូរីដែលរង់ចាំព្រះវស្សានាពេលខាងមុខដ៏ខ្លីអស់រយៈពេល៣ខែនេះ។
ក្នុងឱកាសនោះ លោក ជា សេងអាន បានមានប្រសាសន៍ថា សម្រាប់វត្តដែលលោកយកទៀនវស្សាទៅប្រគេននោះមាន២វត្ត គឺវត្តចារថ្មី និងវត្តតាសល់ក្នុងមួយវត្តៗទទួលបានទៀនវស្សាមួយគូ និងស្លាដក១ធុងធំ និងបច្ច័យមានចំនួន១០ម៉ឺនរៀលទៀតផង។
លោកបានបន្តទៀតថា ទីវត្តអារាមមិនត្រឹមតែបម្រើវិស័យព្រះពុទ្ធសាសនាតែមួយនោះទេគឺជាកន្លែងជាទីសក្ការៈបូជាប្រមូលផ្ដុំ និងរក្សានូវប្រពៃណីទំនៀមទម្លាប់វប្បធម៌ និងអរិយធម៌ ហើយក៏ជាកន្លែងអប់រំទូន្មានប្រៀនប្រដៅ ពង្រឹងពង្រីកធនធានមនុស្សឲ្យបានល្អ ដែលជាកត្តាជួយជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិផងដែរ។
លោកបានហៅសកម្មភាពចូលរួមនាំទៀនព្រះវស្សា និងទេយ្យវត្ថុនានាទៅប្រគេនព្រះសង្ឃនេះថាជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់លើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ហើយជះឥទ្ធិពលល្អដល់សង្គម គ្រួសារ ក៏ដូចជា ប្រទេសជាតិទាំងមូលផងដែរ។
នៅចំពោះមុខព្រះសង្ឃ និងពុទ្ធបរិស័ទ ដែលបានធ្វើឡើងនៅវត្តចារថ្មី និងវត្តតាសល់នោះលោកបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលបានជួបប្រទះនូវភាពរាំងស្ងួតខ្វះទឹកហូបនិងខ្វះទឹកធ្វើស្រែក្នុងរដូវវស្សានេះផងដែរ។ ឆ្លៀតក្នុងឱកាសនោះ លោក ជា សេងអានក៏បានលើកឡើងនូវការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចបានដឹកនាំអស់រយៈពេលជិត៣ទសវត្សរ៍កន្លងមកនេះមានការរីកចម្រើនឥតឈប់ឈរនោះ៕
លោក ជា សេងអាន និងក្រុមការងារ បាននាំទៀនវស្សា និងទេយ្យទានយកទៅប្រគេនព្រះសង្ឃ២វត្ត ក្នុងស្រុកមង្គលបូរី
0 Comments