កំពង់ឆ្នាំង ៖ នៅក្នុងរបាយការណ៍បូកសរុបរបស់លោក ងិន ហុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ បានឲ្យដឹងថា ប្រជាកសិករនៅក្នុងខេត្តកំពង់ឆ្នាំង ធ្វើស្រែបានចំនួន២២.២៩៩ហិកតា ស្នើនឹង១៨,៣១% លើផែនការ១២១.៨០០ហិកតា តិចជាងឆ្នាំ២០១៤ ចំនួន៦៧. ៦៣៤ហិកតា។
នៅក្នុងរបាយការណ៍នេះបានរាយការណ៍លំអិតឲ្យដឹងទៀតថា ការដាំដុះដំណាំស្រូវនៅក្នុងរដូវវស្សាឆ្នាំ២០១៥នេះគឺ ភ្ជួររាស់ដីបាន៦០.៩៣៧ហិកតា ក្នុងនោះភ្ជួរដោយគោក្របី១៨.១៩៨ហិកតា ភ្ជួរដោយតិចជាងឆ្នាំ២០១៤ ចំនួន៦៧.៦៣៤ហិកតា។ សាបបាន៦.៥៤៩ហិកតា ដាំដុះបាន ២២.២៩៩ហិកតា ព្រោះបាន១៤.៩២៥ហិកតា និងស្ទូងបាន៧.៣៧៤ហិកតា។
ដំណាំស្បៀង និងដំណាំឧស្សាហកម្មរយៈពេលខ្លីមាន ពោត ដំឡូងជ្វា បន្លែ ឪឡឹក ដំឡូងមី សណ្ដែកបាយ អំពៅ ល្ង ថ្នាំជក់ ក្រចៅ និងសណ្ដែកដី សរុបបានចំនួន៥.៨៩៦ហិកតា ស្មើនឹង៧៥,៥៩% លើផែនការ៧.៨០០ហិកតា។
លោកប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងបានឲ្យដឹងទៀតថា ផ្ទៃដីពង្រោះ និងសន្ទូង រងផលប៉ះពាល់ខ្វះទឹកមានចំនួន២.៩២០ហិកតា និងផ្ទៃដីសំណាបប៉ះពាល់មានចំនួន៤៨៧ហិកតា។ កន្លងមកមន្ទីរកសិកម្មខេត្ត សហការជាមួយមន្ទីរធនធានទឹកខេត្ត ដាក់ម៉ាស៊ីនបូមទឹកសង្គ្រោះបានដីសំណាបចំនួន៩៦ហិកតា ដីពង្រោះ និងសន្ទូង៣២៥ហិកតា។ ការងារបន្ត ត្រូវសង្គ្រោះដីសំណាប៣៩១ហិកតា ដីពង្រោះ និងសន្ទូងចំនួន២.៥៩៥ហិកតាទៀត។
ដោយឡែក ស្ថានភាពទឹកភ្លៀងក្នុងសប្ដាហ៍មុននេះក្នុងខេត្តកំពង់ឆ្នាំងទទួលបាន៩,១៩ម.ម បូកយោងពីដើមរដូវ ទទួលបាន៣៥៦,៨៩ម.ម តិចជាងឆ្នាំ២០១៤ ចំនួន៤០២,៨៩ម.ម។
ចំណែកប្រភពទឹកដែលអាចដាក់ម៉ាស៊ីនបូមសង្គ្រោះស្រែបាននៅក្នុងខេត្តនោះមាន៣កន្លែងធំៗគឺ ១.ស្ទឹងបរិបូណ៌ ស្ថិតក្នុងឃុំមេលំ ស្រុកបរិបូណ៌ ,២.ស្ទឹងជ្រៃបាក់ ស្ថិតនៅក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ និង៣-អាងស្តុកទឹកទំនប់គង្គា ស្ថិតនៅក្នុងឃុំតាំងក្រសាំង ស្រុកទឹកផុស។
គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២៩ ខែកក្កដាមក ភ្លៀងបានធ្លាក់ស្ទើរតែគ្រប់មូលដ្ឋានក្នុងខេត្ត ហើយផ្ទៃមេឃបន្តមានសភាពអាប់អួ ដែលគេសន្និដ្ឋានថាទឹកភ្លៀង នឹងបន្តធ្លាក់ជាបន្តទៀត ដែលអាចធ្វើឲ្យប្រជាកសិករយើងធ្វើស្រែបានជាបន្តបន្ទាប់ទៀត៕
ប្រជាកសិករ ធ្វើស្រែវស្សាបាន២២.២៩៩ហិកតា ផ្ទៃដីស្រែអត់ទឹកប៉ះពាល់ចំនួន២.៩២០ហិកតា
0 Comments