រដ្ឋមន្ត្រី​ក្រសួងការបរទេស​រុស្ស៊ី លោក Sergey Lavrov បាន​និយាយ​ថា គំនិត​នៃ​ការបែងចែក​ប្រទេស​អ៊ីរ៉ាក់​នឹង​មិន​ត្រូវ​បាន​យល់ព្រម​ដោយ​ទីក្រុង​មូស្គូ​ឡើយ​។ លោក​បាន​សង្កត់​ធ្ងន់​ថា​ឧបាយកល​បែបនេះ​គឺជា​រឿង​ហួស​សម័យ​ហើយ​ប្រទេស​អ៊ីរ៉ាក់​គួរតែ​កំណត់​អនាគត​ដោយ​ខ្លួនឯង​។​



លោក Lavrov បាន​និយាយថា ប្រទេស​រុស្ស៊ី​នឹង​មិន​ទទួលយក​នូវ​សំណើ​បែបនេះ​ដែល​បាន​សម្ដែង​ដោយ​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden បាន​ឡើយ​ដែល​លោក​បាន​និយាយ​ដោយ​ផ្ទាល់​ថា អ៊ីរ៉ាក់​ត្រូវតែ​ពុះ​ចែក​ជា​តំបន់ សៀ និង​ស៊ុន​នី​តាម​អ្វី​ដែល​ពួក​ឃឺដ​ចង់បាន​។​



លោក Lavrov បាន​ចាត់​ទុក​ការ​លើកឡើង​របស់​លោក Biden ថា​ជា “​ការ​មិន​ទទួលខុសត្រូវ​និង​មិន​អាច​ទទួល​យក​បាន​” ។ លោក​បាន​សង្កត់ធ្ងន់​ថា “​យើង​មិន​អាច​ធ្វើ​រឿង​បែបនេះ​បាន​នោះ​ទេ ។ យើង​ជឿ​ថា​ប្រជាជន​អ៊ីរ៉ាក់​ដែល​មាន​ដូចជា សៀ ស៊ុន​នី​និង​ឃឺ​ដ ត្រូវតែ​សម្រេចចិត្ត​ដោយ​ខ្លួនឯង​ពី​វិធី​ដែល​ត្រូវ​រស់នៅ​ជាមួយគ្នា​” ។​



ការកត់សម្គាល់​របស់​លោក Lavrov បាន​ធ្វើឡើង​បន្ទាប់ពី​មាន​សេចក្ដី​រាយការណ៍​ថា អនុ​ប្រធានាធិបតី Joe Biden កំពុង​សម្រេច​ចិត្ត​ថា​តើ លោក​គួរ​ឈរ​ឈ្មោះ​បោះឆ្នោត​ប្រធានាធិបតី​ដែរ​ឬក៏​អត់​។ គំនិត​នៃ​វិសហមជ្ឈការ​ប្រទេស​អ៊ីរ៉ាក់​នេះ​ត្រូវ​បាន​សម្ដែង​ដោយ​លោក Biden នៅ​ដើម​ឆ្នាំ ២០០៦ ក្នុង​អត្ថបទ​ទាក់ទង​នឹង​ប្រទេស​អ៊ីរ៉ាក់​មួយ​ក្នុង​កាសែត New York Times ។​



សហរដ្ឋអាមេរិក​បាន​រួមគ្នា​ជាមួយ​នឹង​ក្រុមចម្រុះ​អន្តរជាតិ​មួយ​ធ្វើសង្គ្រាម​នៅ​ប្រទេស​អ៊ីរ៉ាក់​ក្នុង​ឆ្នាំ ២០០៣ ក្រោម​លេស​ដើម្បី​លុបបំបាត់​អាវុធ​ប្រល័យ​លោក​ដែល​បង្កើត​ឡើង​ដោយ​របប​របស់​លោក សា​ដាំ ហូ​សេន ។ បន្ទាប់ពី​របប​នេះ​បាន​ដួល​រលំ អាវុធ​ប្រល័យ​លោក​មិនដែល​ត្រូវ​បាន​រក​ឃើញ​ឡើយ​ហើយ​អតីត​មេដឹកនាំ​រូប​នេះ​ត្រូវ​បាន​ព្យួរ​ក​ដោយ​អាជ្ញាធរ​អ៊ីរ៉ាក់​ថ្មី​នៅ​ថ្ងៃ​ទី ៣០ ខែ​ធ្នូ​ ឆ្នាំ ២០០៦ ។​



សង្គ្រាម​នៅ​អ៊ីរ៉ាក់​បាន​បន្ត​រហូតដល់​ឆ្នាំ ២០១១ និង​បាន​សម្លាប់​ជីវិត​ជនជាតិ​អ៊ីរ៉ាក់​អស់​ជិត​១,៥ លាន​នាក់​និង​ទាហាន​របស់​ក្រុមចម្រុះ​យ៉ាងហោចណាស់ ៦០០០ នាក់​។​



សង្គ្រាមស៊ីវិល​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​បាន​ចាប់​ផ្ដើម​ភ្លាម​បន្ទាប់ពី​ការ​ដក​កងកម្លាំង​កាន់កាប់​កំពុង​បន្ត​។ មនុស្ស​រាប់​ពាន់​នាក់​បាន​ស្លាប់​នៅ​ក្នុង​ទង្វើ​ភេរវកម្ម​និង​ការ​ប៉ះទង្គិច​គ្នា​។​

​ នា​ពេល​បច្ចុប្បន្ន​នេះ ស្ថានភាព​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​កំពុង​ធ្ងន់ធ្ងរ​យ៉ាង​ខ្លាំង​ដោយ​ការ​រីកចម្រើន​នៃ​រដ្ឋ​ឥស្លាម។ ក្រុម​សកម្ម​ប្រយុទ្ធ​មួយ​នេះ​បាន​ចាប់​យក​ទឹកដី​អ៊ីរ៉ាក់​ជា​បន្តបន្ទាប់​៕


RT




លោក Lavrov រិះគន់​គំនិត​របស់​លោក Biden ដែល​ចង់​ឲ្យ​ប្រទេស​អ៊ីរ៉ាក់​ពុះ​ចែក​ជា​ផ្នែក​