Ad Code

សាធារណរដ្ឋ​បេឡារូស​គ្រោង​ពង្រីក​ខ្លួន​ជាមួយ​នឹង​ផ្នែក​កសិកម្ម​ និង​បច្ចេកទេស​នៅ​កម្ពុជា

ភ្នំពេញ​ ៖ ​នេះ​ជា​ការ​បញ្ជាក់​របស់​ឯក​អគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​បេឡា​រូស​ប្រចាំ​កម្ពុជា ដែល​បាន​ថ្លែង​នៅក្នុង​បទសម្ភាសន៍​ដាច់ដោយឡែក​ជាមួយ​បណ្តាញ​ព័ត៌មាន​ឈានមុខ​គេ​ចំនួន​៣ នៅ​កម្ពុជា ដែល​មាន​ទូរទស្សន៍​ជាតិ​កម្ពុជា រស្មី​កម្ពុជា និង​កម្ពុជា​ថ្មី​កាលពី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១៥ ​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា រាជធានី​ភ្នំពេញ។


លោក​​វ៉ា ឡឺ​រី សា​ដូ​ខូ (Valery Sadokho) បាន​លើកឡើងថា មកដល់ពេលនេះ លោក​បាន​មកដល់​ប្រទេស​កម្ពុជា​ចំនួន​៦ លើក​រួចមកហើយ ដែល​ក្នុងនោះ​លើក​ទី​១​កាលពី​ឆ្នាំ​២០១១ ហើយ​នៅពេលនេះ​លោក​បានឃើញ​ពី​ការ​រីកចម្រើន​យ៉ាងខ្លាំង​របស់​ប្រទេស​កម្ពុជា។ លោក​បន្ត​ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក៏​ធ្លាប់បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​បេឡា​រូស​កាលពី​ឆ្នាំមុន ដែល​ដំណើរ​ទស្សនកិច្ច​នេះ​បានធ្វើ​ឲ្យ​ប្រទេស​ទាំងពីរ​មាន​ទំនាក់ទំនង​កាន់តែ​ល្អ ហើយ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ​ក៏បាន​រីកចម្រើន​ខ្លាំង​ផងដែរ។


លោក​ឯកអគ្គរដ្ឋទូត​បាន​លើក​ឡើង​ទៀត​ថា ដោយសារតែ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ កាន់​តែមាន​ភាព​ប្រសើរ​ឡើង​នេះ បេឡា​រូស​បាន​ដំឡើង​រោងចក្រ​ត្រាក់ទ័រ​នៅ​ប្រទេស​កម្ពុជា ហើយ​ការដំឡើង​រោងចក្រ​នេះ ដោយសារតែ​កម្ពុជា​ជា​ប្រទេស​កម្ពុជា​កសិកម្ម ដូច្នេះ​បេឡា​រូស​ចង់​ឲ្យ​ប្រទេស​កម្ពុ​ជាមាន​ភាពងាយស្រួល​នៅក្នុង​ការធ្វើ​កសិកម្ម​។ លោក​បន្តថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេច​ក៏បាន​ទៅ​មើល​រោងចក្រ​ដំឡើង​ត្រាក់ទ័រ ហើយ​នៅ​ពេលដែល​ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​លើ​វិស័យ​កសិកម្ម ដែលមាន​ដំណាំ​កៅស៊ូ​ និង​អង្ករ​ជាដើម បេឡា​រូស​នឹង​សុំទិញ​នាំ​ចូលទៅ​ប្រទេស​របស់ខ្លួន។


ជាមួយនឹង​ការលើកឡើង​ខាងលើនេះ លោក Valery Sadokho បាន​អះអាង​ថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​នា​ពេល​នេះ លោក​បាន​ជួប​ជាមួយ​ក្រុមហ៊ុន​ជាច្រើន ហើយ​ដែល​អាច​នឹង​ធ្វើការ​ជាមួយគ្នា​នាពេលខាងមុខ​។ លោក​បន្តថា ឆ្នាំ​២០១៥​នេះ ទំនាក់ទំនង​បេឡា​រូស និង​កម្ពុជា​មាន​រយៈពេល​២០​ឆ្នាំ​ហើយ ដែល​ទំនាក់ទំនង​នេះ​ក៏បាន​ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​មុខមាត់​យ៉ាង​ច្រើន ក៏ដូចជា​ធ្វើ​ឲ្យ​ប្រទេស​ទាំង​ពីរ​មាន​ទំនាក់ទំនង​ផ្លាស់ប្ដូរ​រលើ​ទំនិញ​ផ្សេងៗ​លើ​វិស័យ​ពាណិជ្ជកម្ម។ លោក​ឯកអគ្គរដ្ឋទូត​បាន​លើក​ឡើង​ទៀត​ថា ប្រទេស​ទាំងពីរ​អាស្រ័យ​ទៅ​លើ​យុវជន​ជំនាន់​ក្រោយ ហើយ​នៅ​បេឡា​រូស​មាន​សាលា​ឧ​ត្ត​មសិ​ក្សា​ជាច្រើន​សម្រាប់​ទទួល​សិស្ស​ពី​កម្ពុជា ប៉ុន្តែ​ឧ​ត្ត​មសិ​ក្សា​នៅ​បេឡា​រូស​មិន​សម្រាប់​ទទួល​តែ សិស្ស និស្សិត​ទៅ​ពី​កម្ពុជា​ទេ ក៏​សម្រាប់​សិស្ស​មកពី​ទូទាំង​ពិភពលោក​ផងដែរ។ លោក​បន្តថា នៅ​បេឡារូស​មាន​ជំនាញ​ខាង​បច្ចេកទេស​ជាច្រើន ជាពិសេស​ខាង​គ្រឿងយន្ត​កសិកម្ម ដូច្នេះ​បេឡា​រូស​នឹង​បើក​សាលា​ជំនាញ អាយ​ធី​មួយ​នៅ​កម្ពុជា ដើម្បី​ឲ្យ​យុវជន​និង​សិស្ស និស្សិត​បាន​ចូលរៀន​សាលា​ជំនាញ​នេះ។


បើ​តាម​ឯកអគ្គរដ្ឋទូត​បានបញ្ជាក់​ថា សាលា​ជំនាញ​នេះ​ប្រើ​រយៈពេល​តែ​៥-៦ ខែ​ប៉ុណ្ណោះ និង​អាច​យក​ទៅ​ប្រើការ​បាន​។ តាម​លោក​ឯកអគ្គរដ្ឋទូត​លើកឡើង​ដែរ​ថា ប្រទេស​បេឡា​រូស​ជា​ប្រទេស​មាន​ស្ថិរភាព​នយោបាយ ដូច្នេះ​បេឡា​រូស​រង់ចាំ​ជួយ​ និង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​កម្ពុជា​ជានិច្ច​។ បេឡា​រូស គឺជា​ប្រទេស​មួយ​ស្ថិត​នៅ​ក្នុង​សហភាពសូវៀត ហើយ​នៅ​ឆ្នាំ​១៩៩០​បេឡា​រូស​ទទួល​បាន​ឯករាជ្យ​ពី​សហភាពសូវៀត ហើយ​នៅ​ពេល​នោះ ព្រះករុណា​ ព្រះមហាវីរក្សត្រ​បាន​ផ្តល់​មេដាយ​ដល់​បេឡា​រូស​នា​ពេល​នោះ ដែល​ធ្វើ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ចាប់ផ្ដើម​រីកចម្រើន​ជា​រៀង​រហូត។


អ្វីដែល​ធ្វើ​ឲ្យ​ប្រទេស​ទាំងពីរ​មាន​ទំនាក់ទំនង​កាន់តែ​ល្អ និង​រីកចម្រើន​ទៀត​នោះ​គឺ​ចាប់ផ្តើម​ឡើង​នៅ​ពេល​មានដំណើរ​ទស្សនកិច្ច​របស់​ប្រធានរដ្ឋសភា ​និង​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន​ទៅ កាន់​បេឡា​រូស ដែល​ដំណើរ​ទស្សនកិច្ច​ទាំងនោះ​បាន​ធ្វើ​ឲ្យ​បេឡា​រូស​ឈាន​ដល់​ការ​បង្កើត​រោងចក្រ​នៅ​ថ្ងៃនេះ។ លោក​បញ្ជាក់​ដែរ​ថា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុ​ជានា ពេលនេះ​ដែរ លោក​ក៏បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ដោយ​បាន​ពិភាក្សា​គ្នា​ទៅលើ​ការ​ធ្វើ​ឲ្យ​រីកចម្រើន​ខាង​វិស័យ​កសិកម្ម ហើយ​ក្នុង​នោះ បេឡា​រូស​បាន​ត្រៀម​រួចជាស្រេច ដើម្បី​ផលិតផល​មួយ​ចំនួន​ពី​កម្ពុជា ដូចជា​កៅស៊ូ និង​អង្ករ​ជាដើម។


ទាក់ទង​ទៅដល់​វិស័យ​ទេសចរណ៍ ​លោក​Valery Sadokho បាន​បញ្ជាក់​ថា លោក​បាន​ទៅដល់​ខេត្តសៀមរាប​នៃ​ប្រទេស​កម្ពុជា​រួចហើយ និង​បាន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅលើ​តំបន់​ទេសចរណ៍ ជាពិសេស​សម្បត្តិ​វប្បធម៌​ដ៏​អស្ចារ្យ​របស់​កម្ពុជា ដូច្នេះ​លោក​នឹង​ជំរុញ​ឲ្យ​មាន​ជើង​ហោះហើរ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ប្រទេស​បេឡា​រូស​បាន​ធ្វើដំណើរ​ងាយស្រួល​មក​ទេសចរណ៍ នៅ​ប្រទេស​កម្ពុជា​។ ដោយឡែក​ខាង​វិស័យ​ឧស្សាហកម្ម លោក​ឯកអគ្គរដ្ឋទូត​បាន​បញ្ជាក់​ថា ចង់​ឲ្យ​មាន​ការ​នាំ​ក្រណាត់​ពី​ប្រទេស​កម្ពុជា​ទៅ​ដេរ​នៅ​ប្រទេស​បេឡា​រូស ដើម្បី​ផលិត​នាំ​ចេញទៅ​អឺរ៉ុប​ខាងកើត។


ទាក់ទង​ទៅដល់​ការដំឡើង​រោងចក្រ​កសិកម្ម​ផ្សេងៗ​នៅ​ប្រទេស​កម្ពុជា លោក​ឯកអគ្គរដ្ឋទូត​បាន​ថ្លែង​បញ្ជាក់​ថា នឹង​ដំឡើង​នៅ​ឆ្នាំក្រោយ ដោយសារតែ​ខាង​ក្រសួងកសិកម្ម​តម្រូវ​ឲ្យ​រាយ​ឈ្មោះ​រោងចក្រ​ដែល​ត្រូវ​ដំឡើង​នោះ​។ តែ​ទោះជា​យ៉ាងណា​ក៏​នៅ​មាន​ការកំណត់​តម្លៃ​ផ្សេងៗ​នៅ​ពេលដែល​រោងចក្រ​ផលិត​បាន ថា​តើ​ប្រជាពលរដ្ឋ​កម្ពុជា​អាច​មាន​លទ្ធភាព​ទិញ​យក​ទៅ​ប្រើប្រាស់​បាន​ដែរ​ឬទេ៕


M25-08-15-m1


 



សាធារណរដ្ឋ​បេឡារូស​គ្រោង​ពង្រីក​ខ្លួន​ជាមួយ​នឹង​ផ្នែក​កសិកម្ម​ និង​បច្ចេកទេស​នៅ​កម្ពុជា

Post a Comment

0 Comments

Close Menu