Ad Code

ទាហាន​អាមេរិក​បាត់​ខ្លួន​ក្នុង​សង្គ្រាម​វៀតណាម​ត្រូវ​បាន​រក​ឃើញ​

ភ្នំពេញ ៖ កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៥ ទីភ្នាក់ងារ​ទទួលបន្ទុក​ទាហាន​បាត់​ខ្លួន​របស់​ក្រសួង​ការពារ​ប្រទេស​សហរដ្ឋអាមេរិក (DPAA) បាន​ប្រកាស​ថា អដ្ឋិធាតុ​របស់​ទាហាន​អាមេរិក ដែល​បាន​បាត់​ខ្លួន​នៅក្នុង​សង្គ្រាម​វៀតណាម ត្រូវ​បាន​រកឃើញ ហើយនឹង​ត្រូវ​បាន​បញ្ចុះ​ក្នុង​កិត្តិយស​យោធា​ពេញលេញ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ចុះ​នៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៥ ដែល​ការិយាល័យ​របស់​យើង​ទើប​ទទួល​បាន​កាលពី​វេលា​ម៉ោង​៥ និង​១៥ នាទី​មុននេះ។


ស្ថានទូត​បញ្ជាក់​ថា លោក​វរសេនីយ៍ត្រី Dale W. Richardson អាយុ​២៨ ឆ្នាំ មកពី Mount Sterling រដ្ឋ Illinois នឹង​ត្រូវ​បាន​បញ្ចុះ​នៅ Mountain View ក្នុង​រដ្ឋ Arkansas ។ Richardson បំរើ​នៅក្នុង​កងវរសេនាតូច​ទី ២ ក្នុង​កង​វរសេនាធំ​រថ​ពាស​ដែក​ទី​២៤ នៃ​កងពលធំ​ជើងគោក​ទី​១ ហើយ​ជា​អ្នកដំណើរ​នៅក្នុង​ឧទ្ធម្ភាគចក្រ Huey ដែល​កំពុង​ហោះ​ទៅកាន់​មូលដ្ឋាន​ផ្តល់​ជំនួយ Kantum នៅ​ប្រទេស​វៀតណាម​ខាងត្បូង តែ​ឧទ្ធម្ភាគចក្រ​នោះ ត្រូវ​បង្វែរ​ទិស​ដោយសារ​អាកាសធាតុ​មិនល្អ។


បន្ទាប់ពី​ហោះ​ចូល​ដែនអាកាស​នៃ​ប្រទេស​កម្ពុជា ឧទ្ធម្ភាគចក្រ​នោះ​បាន​រង​ការ​បាញ់​យ៉ាង​ខ្លាំង​ពីក្រោម ដែល​បណ្តាល​ឲ្យ​អ្នក​បើក​ត្រូវ​ធ្វើការ​ចុះចត​ជាបន្ទាន់ នៅ​ខេត្តកំពង់ចាម។


នាវិក​ទាំង​៤ នាក់ និង​អ្នកដំណើរ​ទាំង​៤ នាក់​នៅ​លើ​ឧទ្ធម្ភាគចក្រ​នោះ​នៅ​រស់​ជីវិត​បន្ទាប់ពី​ការ​ចុះចត​។ នាវិក​ម្នាក់​បាន​រួចខ្លួន​ពី​ការ​ចាប់ខ្លួន​របស់​សត្រូវ ហើយ​បាន​វិល​មកដល់​ខ្សែត្រៀម​របស់​ខាង​ខ្លួន​។ នាវិក​៣ នាក់​ទៀត និង​អ្នកដំណើរ​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​។ នាវិក​២ នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន ត្រូវ​បាន​ដោះលែង​វិញ​ដោយ​វៀតណាម​នៅក្នុង​ឆ្នាំ​១៩៧៣ ហើយ​អដ្ឋិធាតុ​របស់​បុរស​២ នាក់​ទៀត ដែល​ត្រូវ​បាន​ចាប់ខ្លួន ត្រូវ​បាន​ប្រគល់​ឲ្យ​សហរដ្ឋ​អាមេរិក នៅក្នុង​ទសវត្ស​ឆ្នាំ ១៩៨០ ហើយ​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​កម្ម​។ Richardson បាន​ស្លាប់​នៅ​កន្លែង​ចុះចត នៅ​ក្នុង​ពេល​បាញ់​ត​គ្នា​ជាមួយ​កំលាំង​សត្រូវ​។ អិដ្ឋ​ធាតុ​របស់​គាត់​មិន​ត្រូវ​បាន​គេ​យក​មក​ទេ បន្ទាប់ពី​ការ​ប្រយុទ្ធ​គ្នា​នោះ។


តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​បាន​ឲ្យ​ដឹង​ដែរ​ថា ពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ ២០០៨ ក្រុម​ស្រាវជ្រាវ​រួមគ្នា កម្ពុជា-អាមេរិក​បាន​ធ្វើ​ការ​ស៊ើបអង្កេត​ទីតាំង​នោះ តែ​មិនបាន​ជោគជ័យ​ទេ​។ នៅ​ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០០៩ ក្រុម​ស្រាវជ្រាវ​រួមគ្នា​មួយ​បាន​សម្ភាសន៍​សាក្សី​នៅ​ស្រុក​មេមត់ ដែល​បាន​អះអាង​ថា បានដឹង​ពី​ការបាត់បង់​នោះ​។ សាក្សី​នោះ​បាន​ប្រាប់​ពី​កន្លែង​កប់​សព។ ក្រុម​នោះ​បាន​កកាយ​កន្លែង​កប់​សព តែ​នៅតែ​រក​មិនឃើញ​អដ្ឋិធាតុ​។ ពី​ថ្ងៃ​ទី ១៦ ខែមករា ដល់​ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១១ ក្រុម​ស្រាវជ្រាវ​រួមគ្នា​កម្ពុជា-អាមេរិក​បាន​គាស់​កកាយ​កន្លែង​នោះ តែ​រក​មិនឃើញ​អិដ្ឋ​ធាតុ​របស់​នាវិក​នោះទេ។


នៅ​ខែកុម្ភៈ ឆ្នាំ ២០១២ ក្រុម​ស្រាវជ្រាវ​រួមគ្នា កម្ពុជា-អាមេរិក​មួយ​ក្រុម​ទៀត បានធ្វើការ​សម្ភាសន៍ម្ត​ង​ទៀត​ជាមួយ​សាក្សី ២ នាក់ ដែល​បាន​ប្រាប់​កន្លែង​កប់​ទី ២ នៅ​ក្បែរ​កន្លែង​កាយ​លើក​មុន​។ ក្រុម​ស្រាវជ្រាវ​នោះ​ក៏បាន​រក​ឃើញ​អិដ្ឋ​ធាតុ​មនុស្ស និង​គ្រឿង​ប្រដាប់​យោធា​ពី​ក្នុង​ផ្នូរ​តែមួយ។


នៅក្នុង​ការកំណត់​អត្តសញ្ញាណ​កម្ម​របស់ Richardson អ្នកវិទ្យាសាស្ត្រ​របស់ DPAA និង​មន្ទីរពិសោធន៍​កំណត់​ឌី​អិន​អេ​របស់​កងទ័ព (AFDIL) បាន​វិភាគ​លើ​ភស្តុតាង​ដែល​សំអាង​លើ​ហេតុការណ៍ ហើយ​បាន​ប្រើ​ឧបករណ៍​កំណត់​កោសល្យ​វិច័យ ហើយ​បាន​កំណត់​ថា ឌី​អិន​អេ​នៃ​អិដ្ឋ​ធាតុ​នោះ​ត្រូវ​គ្នា​ជាមួយនឹង​ឌី​អិន​អេ​របស់​ប្អូនស្រី​គាត់។


នៅ​ថ្ងៃទី​៣១ ខែ​មិនា ឆ្នាំ ២០១៥ DPAA បានប្រកាស​អិដ្ឋ​ធាតុ​នៃ​យុទ្ធជន ២ នាក់​ទៀត​ត្រូវ​បាន​រកឃើញ​នៅ​កន្លែង​តែមួយ ក្នុងស្រុក​មេមត់ ក្នុង​ខេត្ត​ត្បូងឃ្មុំ ដែល​ពីមុន ស្ថិត​ក្នុង​ខេត្តកំពង់ចាម​។ ពល​បាល Bunyan D. Price អាយុ ២០ ឆ្នាំ មកពី​តំបន់ Monroe ក្នុង​រដ្ឋ North Carolina និង​ពល​បាល Rodney L. Griffin អាយុ ២១ ឆ្នាំ មកពី​ក្រុង Mexico នៃ​រដ្ឋ Missouri ដែល​បំរើ​នៅក្នុង​កងវរសេនាតូច​ទី ២ ក្នុង​កង​វរសេនាធំរ​ថ​ពាស​ដែក​ទី ៣៤  នៃ​កងពលធំ​ថ្មើ​ជើង​ទី ២៥ កំពុង​ធ្វើ​ដំណើរ​តាម​ឧទ្ធម្ភាគចក្រ Huey ជាមួយ Richardson។ Price ត្រូវ​បាន​បញ្ចុះ​នៅ​ថ្ងៃទី ១១ មេសា នៅ Belmont រដ្ឋ North Carolina ហើយ Griffin ត្រូវ​បាន​បញ្ចុះ​នៅ​ថ្ងៃទី ២៥ មេសា នៅ​ក្រុង Mexico រដ្ឋ Missouri ក្នុង​កិតិ្តយស​យោធា​ពេញលេញ​សំរាប់​អ្នក​ទាំងពីរ​។ នៅ​ពេល​នេះ មាន​ទាហាន​អាមេរិក​ចំនួន ១៦២៩ នាក់​នៅ​បាត់​ខ្លួន​នៅឡើយ ក្នុង​សង្គ្រាម​វៀតណាម​៕



ទាហាន​អាមេរិក​បាត់​ខ្លួន​ក្នុង​សង្គ្រាម​វៀតណាម​ត្រូវ​បាន​រក​ឃើញ​

Post a Comment

0 Comments

Close Menu