Ad Code

អគ្គិភ័យ​លេប​ត្របាក់​រោងចក្រ​កាត់ដេរ​១​កន្លែង​ ខូចខាត​ស្ទើរតែ​ទាំងស្រុង(Update)

ភ្នំពេញ ៖ រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​១កន្លែង ​យីហោ ស៊ីង​ហាយ​ហ្វេ​ង ហ្គា​មេន​ខេ​បូ​ឌា ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ត្រូវ​ភ្លើង​ឆេះ​បំផ្លាញ​ផលិតផល​សម្រេច និង​សម្ភារៈ​ផ្សេងៗ​ទៀត​ខូច​ខាត​អស់​ស្ទើរតែ​ទាំងស្រុង កាលពី​វេលា​ម៉ោង​៧​យប់​ ថ្ងៃ​ទី​២៤​ខែ​សីហា ឆ្នាំ​២០១៥ ដោយ​មិន​ដឹង​មូលហេតុ​ និង​សង្ស័យ​ថា​ទុស្សេ​ខ្សែភ្លើង។​


តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​ក្រោយ​ពេល​កម្មករ​ចេញ​ពី​ធ្វើការ​អស់ វេលា​ម៉ោង​៦​ល្ងាច ចុះ​ដល់​ម៉ោង​ប្រហែល​៧​យប់ ​ក៏​មាន​ផ្សែង​ហុយ​ចេញពី​ខាងក្នុង​ ប៉ែក​ខាងក្រោយ​នៃ​រោងចក្រ​នេះ​យ៉ាង​ខ្លាំង​ដោយ​ពុំ​ដឹង​មូលហេតុ បន្តិច​ក្រោយ​មក​ទៀត ដោយសារ​គ្មាន​វិធី​ទប់ស្កាត់​ភ្លាមៗ ​ក៏​បណ្ដាល​ឲ្យ​មាន​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​តែម្ដង រហូត​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​បន្ត​កន្ទុយ​គ្នា​មក​ពន្លត់​ក៏​មិន​អាច​សង្គ្រោះ​បាន​ដែរ គឺ​បាន​ត្រឹមតែ​ទប់​

​ស្កាត់​មិន​ឲ្យ​រាលដាល​ឆេះ​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ខាង​នោះ។​


លោក ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ​បាន​មានប្រសាសន៍​ថា អគ្គិភ័យ​នេះ​អាច​បណ្តាល​មកពី​ការ​ទុស្សេ​ខ្សែភ្លើង​ដែល​មាន​ចរន្តអគ្គិសនី។ លោក​បន្ត​ថា នៅ​ក្នុង​ការ​ជួយ​សង្គ្រោះ​នេះ ​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ប្រមាណ​២០​គ្រឿង និង​ប្រើប្រាស់​ទឹក​អស់​ចំនួន​៣០​ឡាន។


លោក​បាន​បញ្ជាក់​ថា មិនទាន់​មាន​របាយការណ៍​ជាក់លាក់​ពី​តំណាង​ប្រធាន​ក្រុមហ៊ុន​នេះ​ថា ទ្រព្យសម្បត្តិ​ដែល​រង​ការបំផ្លាញ​ដោយ​ភ្លើង​ឆេះ​នោះ​មានតម្លៃ​ជា​សាច់​ប្រាក់​អស់​ប៉ុន្មាន​នៅឡើយ​ទេ។​


លោក​ប្រាប់​ថា យើង​បាន​ជួយ​បាញ់​ទឹក​ពន្លត់​ទប់ស្កាត់​ផលិតផល​សម្រេច​បាន​មួយ​ចំនួន​ដែល​ដែល​បាន​វេច​ខ្ចប់​រួច​គ្រោង​បញ្ចូល​ក្នុង​ទូ​កុងតឺន័រ​នោះ តែ​ក្រៅ​ពី​នេះ​ខូច​អស់ទាំង​ស្រុង​ដូចជា​ក្រណាត់ ម៉ាស៊ីន និង​សម្ភារៈ​ផ្សេងៗ​ទៀត។


លោក កែវ សុ​ទ្ឋោ​ធន៍ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ភ្នំពេញ​ថ្មី​បាន​មានប្រសាសន៍ថា រោងចក្រ​នេះ​សង់​អំពី​ដែក​ប្រក់​ស័ង្កសី​មាន​ទំហំ​៥០ គុណ​នឹង​៦០​ម៉ែត្រ មាន​ម្ចាស់​ឈ្មោះ វ៉ា​នី បាន​ជួល​ទីតាំង​នេះ​ទៅ​ឲ្យ​ឈ្មោះ ធៀង ហុង ភេទ​ប្រុស ​អាយុ​៦០​ឆ្នាំ ជនជាតិ​ចិន​តៃវ៉ាន់​ និង​ជា​ថៅកែ​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​នេះ។


តាម​ការ​បំភ្លឺ​របស់​លោក ធៀង ហុង ថៅកែ​រោងចក្រ​នេះ​បាន​ប្រាប់​សមត្ថកិច្ច​ថា ទ្រព្យសម្បត្តិ​នៅ​ក្នុង​រោងចក្រ​នេះ​មាន​កម្មករ​សរុប​២៧០​នាក់​ ក្នុង​នោះ​ប្រុស​៦០​នាក់ និង​មាន​ម៉ាស៊ីន​ដេរ​ចំនួន​៤០០​គ្រឿង។ ទ្រព្យសម្បត្តិ​ទាំង​នេះ​រាប់ទាំង​ផលិតផល​សម្រេច ត្រូវ​បាន​ភ្លើង​ឆេះ​ខូចខាត​អស់​ចំនួន ៩០​ភាគរយ​ទៅ​ហើយ ដែល​មាន​ទឹកប្រាក់​រាប់​សិប​ម៉ឺន​ដុល្លារ ត្រូវ​ខាតបង់​ដោយសារ​អគ្គិភ័យ​ដ៏​គួរ​ឲ្យ​រន្ធត់​ចិត្ត​នេះ​ដោយ​ពុំ​ដឹង​មូលហេតុ​ច្បាស់។


ប៉ូលិស និង​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​ចំណាយ​ពេល​វេលា​ប្រហែល​ជាង​២​ម៉ោង​ក្នុង​ហេតុការ​ណ៍​នេះ​ ដើម្បី​ជួយ​ពន្លត់ភ្លើង​ដែល​ឆាបឆេះ​ចាប់​តាំង​ម៉ោង​ប្រហែល​៧ ដល់​ម៉ោង​៩​យប់ តាម​របាយ​ការណ៍​របស់​ប៉ូលិស​មូលដ្ឋាន​បាន​បញ្ជាក់​ថា មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១៧​គ្រឿង​របស់​ប៉ូលិស​និង​ទាហាន​មក​ជួយ​បាញ់​ពន្លត់​ ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​៣០​ឡាន​ ទើប​ពន្លត់​បាន​ជោគជ័យ​ទាំងស្រុង​ មិន​ឲ្យ​ឆ្លង​រាលដាល​ទៅ​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ជិតខាង​បាន។​


សូម​រំលឹក​ថា កាលពី​សប្ដាហ៍​មុន​នេះ​ ក៏​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​នៅ​ភូមិ​ច្រេស​ សង្កាត់​ភ្នំពេញ​ថ្មី​នេះ​ដែរ ដោយ​បំផ្លាញ​ទីតាំង​សិប្បកម្ម​ផលិត​ក្ដារ​បន្ទះ​កុងប្លាកេរ​១​ខ្នង​ដ៏​ធំ ​ខូចខាត​ទ្រព្យ​សម្បត្តិ​អស់ទាំង​តែម្ដង​។ ហើយ​ក៏​បាន​សង្ស័យ​លើ​ការ​ទុស្សេ​ចរន្តអគ្គិសនី​ដែរ៕
Pisey-2015-08-25-full-P


Pisey-2015-08-25-full-P1


Pisey-2015-08-25-full-P5


Pisey-2015-08-25-full-P8



អគ្គិភ័យ​លេប​ត្របាក់​រោងចក្រ​កាត់ដេរ​១​កន្លែង​ ខូចខាត​ស្ទើរតែ​ទាំងស្រុង(Update)

Post a Comment

0 Comments

Close Menu