ប្រដាល់ ៖ ព្រឹត្តិការណ៍ប្រកួតប្រដាល់ដណ្ដើមខ្សែក្រវាត់ K-Cement វគ្គ២ លើសង្វៀនSEA-TV នឹងចាប់ផ្ដើមពីថ្ងៃទី០៥ ខែកញ្ញាខាងមុខនេះហើយ។ ថ្លែងក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ ដែលមានការចូលរួមពីលោកឧត្ដមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់កម្ពុជា ,លោក ហេង សុធា ប្រធានទីផ្សារទូរទស្សន៍អាស៊ីអាគ្នេយ៍ ,លោក ឆង យ៉ៅយ៉េន អនុប្រធានសហព័ន្ធ ,លោក គិត គឹមអ៊ន ដែលជាតំណាង K-Cement បញ្ជាក់ថា ការប្រកួតដណ្តើមខ្សែក្រវាត់ខេស៊ីមេន រដូវកាលថ្មីនេះ គឺធ្វើក្នុងប្រភេទទម្ងន់៦៣,៥០០គីឡូក្រាម។
លោក គិត គឹមអ៊ន បានមានប្រសាសន៍ទៀតថា ក្រុមហ៊ុនរបស់លោកដែលទទួលឧបត្ថម្ភផ្ដាច់មុខក្នុងព្រឹត្តិការណ៍ប្រដាល់កំពូលជើងឯកខេស៊ីមេន វគ្គ២នេះ គឺគ្មានអ្វីក្រៅពីចង់ឲ្យវិស័យកីឡាប្រដាល់នៅកម្ពុជារីកចម្រើនរឹងមាំ និងមាននិរន្តរភាព ដើម្បីបន្តរក្សានូវអត្តសញ្ញាណជាតិឲ្យបានគង់វង្ស និងផ្សព្វផ្សាយ អោយកាន់តែទូលំទូលាយថែមទៀតនូវមរតកក្បាច់គុនបុរាណខ្មែរទៅកាន់សកលលោក។
បើតាមលោក គិត គឹមអ៊ន កម្មវិធីប្រដាល់នេះ បាននិងកំពុងមានការគាំទ្រយ៉ាងខ្លាំងដែលជំរុញឱ្យក្រុមហ៊ុនសម្រេចដាក់បន្ថែមការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិពីរសប្ដាហ៍ ជារៀងរាល់ខែ ដោយមួយសប្ដាហ៍ នឹងមានការប្រកួតមិត្តភាពអន្តរជាតិពីរគូ ដើម្បីជាការឆ្លើយតបចំពោះការគាំទ្ររបស់អ្នកស្នេហាវិស័យកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរ ក៏ដូចជាអ្នកគាំទ្រកម្មវិធី កំពូលអ្នកប្រដាល់ជើងឯកខេស៊ីមេន។
សម្រាប់ការប្រកួតវគ្គ២នេះ មានអ្នកប្រដាល់ខ្លាំងៗទម្ងន់ធ្ងន់មធ្យម ចំនួន៨រូបសុទ្ធតែមានប្រភេទទម្ងន់៦៣,៥០០គីឡូក្រាម។ ការប្រកួតចែកជា២ពូល ពូល A មានប្រាក់ រស្មី
ក្លិបតាឯកដំបងឯក – ស៊ូ វណ្ណះ ក្លិបនាគរាជមានជ័យ – ឆៃ សារ៉ា សមាគមកីឡាក្រសួងការពារជាតិ និងតក់ សោភ័ណ្ឌ ក្លិបម្កុដរាជសីហ៍។ ពូល B វិញនោះ មានឯម លីថូ ក្លិបឫទ្ធីពោធិសែនជ័យ-សល់ ពិសិដ្ឋ ក្លិបកុសលកីឡា-ហេង វាសនា ក្លិបព្រៃទទឹងខេត្តបាត់ដំបង និងសេង ស្រឿន ក្លិបព្រះខ័នរាជ។
លោក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់កម្ពុជាប្រកាសពង្រឹងបន្ថែមនូវការអនុវត្តន៍ក្រមសីលធម៌ដល់គណៈកម្មការបច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម និងកីឡាករដែលចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតដណ្ដើមខ្សែក្រវាត់ខេស៊ីមេន ដោយត្រូវយកចិត្តទុកដាក់ឲ្យបានល្អបំផុត ព្រោះនេះជាការប្រកួតក្នុងលក្ខណៈពិសេស។ ក្នុងនោះលោកឧត្ដមសេនីយ៍ឯក បានណែនាំឲ្យកីឡាករគ្រប់ៗរូប ត្រូវតែប្រកួតឲ្យអស់ពីសមត្ថភាព ថែរក្សាទម្ងន់ និងសុខភាព ឲ្យបានល្អ។ ដោយឡែក អាជ្ញាកណ្ដាល ចៅក្រម ត្រូវតែបំពេញការងារដោយធានានូវគុណភាព ធ្វើយ៉ាងណាកាត់ក្ដីឲ្យមានភាពសុចរិតយុត្តិធម៌ ព្រោះនេះជាជាការងារមួយដែលទាំងអស់គ្នាសុទ្ធតែបានទទូលផលប្រយោជន៍។
គួរបញ្ជាក់ថា ការប្រកួតដណ្ដើមខ្សែក្រវាត់K-Cement វគ្គ២នេះ នឹងចាប់ផ្ដើមរៀងរាល់ថ្ងៃសៅរ៍រាល់សប្ដាហ៍ វេលាម៉ោង២រសៀល ចាប់ពីថ្ងៃទី៥ ខែកញ្ញាខាងមុខទៅ។ សម្រាប់អ្នកដែលទទួលបានជាជើងឯក នឹងទទួលបានពានធំ ខ្សែក្រវាត់ និងរង្វាន់ថវិកាអមចំនួន២០លានរៀល ហើយលេខ២បានពានតូច និងរង្វាន់អម១០លានរៀល៕
K-Cement បើករដូវកាលថ្មីខ្សែក្រវាត់ទម្ងន់៦៣,៥០០គីឡូក្រាម វគ្គII
0 Comments