សមាជិកក្នុងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្រោមអាយុ១៩ឆ្នាំ (U-19) ចំនួន ៥ នាក់មិនអាចត្រឡប់មកចូលរួមប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បានវិញឡើយ ព្រោះពួកគេជាប់ ជួយក្រុមប្រកួតប្រជែងក្នុងពានរង្វាន់យុវជនប្រចាំតំបន់អាស៊ាន AFF U-16 Championship 2015 ដែលកំពុងតែរៀបចំនៅឯប្រទេសឡាវ។
យោងតាមប្រភពមកថ្នាក់ដឹកនាំក្រុម U-19 កម្ពុជា ដែលកំពុងតែនៅទីក្រុងវៀងចន្ទន៍ បានប្រាប់ថាកីឡាករទាំង ៥ នាក់នោះមាន កីឡាករ ទូច រ៉ូម៉ា មកពីក្លិបក្រសួងការពារជាតិ កីឡាករ ម៉ែន មុន្នីរ៉ា កីឡាករ ជាម រតនា កីឡាករ គីម ហាប់ មកពីក្លិបស្វាយរៀងអែហ្វស៊ី និងកីឡាករ ចិន វណ្ណៈ មកពីក្លិបណាហ្គា។
លោក រស់ សាលីន អ្នកនាំពាក្យរបស់ក្រសួងអប់រំយុវជននិងកីឡាធ្លាប់បានលើកឡើងប្រាប់សារព័ត៌មានក្នុងស្រុកថា មានបេក្ខជនប្រមាណ ១២៨៦នាក់ ក្នុងនារី ៤៧៧ ស្មើនឹង ១,៤ភាគរយ មិនបានចូលរួមប្រឡងបាក់ឌុបនៅឆ្នាំនេះ ចំណោមបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ៨៨.៤៨៨នាក់ ក្នុង ១៥០មណ្ឌល នៅទូទាំង ២៥រាជធានី ខេត្ត ចាប់ប្រឡងពីថ្ងៃច័ន្ទ ទី ២៤ ដល់ ថ្ងៃអង្គារ ទី ២៥ ខែសីហា ឆ្នាំ ២០១។
នៅមិនទាន់មានព័ត៌មានច្បាស់ការណាមួយមកពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឬ ក្រសួងអប់រំយុវជននិងកីឡា ថានឹងមានចំណាត់ការបែបណាទៅលើកីឡាករទាំង ៥ រូបខាងលើនោះទេ។ ប៉ុន្ដែគេធ្លាប់ចាំបានថា មានតែកីឡាការិនី ស៊ន សៀវម៉ី វិញ្ញាសាកីឡាតេក្វាន់ដូ WTF ម្នាក់ប៉ុណ្ណោះត្រូវបានឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា សម្រេចឱ្យប្រឡងជាប់បាក់ឌុបដោយស្វ័យប្រវត្តិ ក្រោយពេលរូបនាងដណ្ដើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីឆ្នាំ២០១៤ (Asian Games 2014) ដែលរៀបចំនៅប្រទេសកូរ៉េខាងត្បូង។
ក្រុមបាល់ទាត់ U-15កម្ពុជា បានប្រកួតបើកឆាកពូល A នៃពានរង្វាន់ AFF U-19 Championship 2015 កាលពីថ្ងៃទី ២២ ខែសីហា កន្លងទៅស្មើគ្នា ០ ទល់ ០ ជាមួយក្រុមម្ចាស់ផ្ទះឡាវ ហើយបន្តយកឈ្នះក្រុម U-19ប្រ៊ុយណេ ដោយលទ្ធផល ៥ ទល់ ១ កាលពីថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៥ ថ្មីៗនេះ។ នៅថ្ងៃទី ២៨ ខែសីហា ស្អែកនេះក្រុម U-19កម្ពុជា ត្រូវបន្តប្រកួតជាមួយក្រុមហ្វីលីពីន ហើយនៅថ្ងៃទី ៣០ ខែ សីហា ត្រូវប្រកួតបិទពូលជាមួយក្រុមខ្លាំង U-19ថៃ។
ក្រុម U-19កម្ពុជា ដែលមានសមាជិកចំនួន ២៣ នាក់ដឹកនាំដោយលោក រិទ្ធ ឌីកា ជាជាអ្នកចាត់ការក្រុម ព្រមទាំងលោក ហុក សុជីវ័ន្ត ជាគ្រូបង្វឹក។ ក្រៅពីនោះក៏មាន លោក ខេន សុខុម, លោក ភា វិភព, លោក ពាស សុធី និងលោក កៅ គីរី ជាគ្រូជំនួយ ហើយលោក សួង ភារម្យ មកពីក្លិបក្រសួងការពារជាតិជាគ្រូអ្នកចាំទី និងលោក សេង ប៉ុណ្ណា ជាពេទ្យប្រចាំក្រុមផងដែរ។
បើនិយាយពីពាន AFF U-19 Youth Championship 2015នេះវិញរៀបចំនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ នឹងចាប់ពីថ្ងៃទី ២២ ខែ សីហា ដល់ ៤ ខែ កញ្ញា ឆ្នាំ ២០១៥ ដោយមានក្រុមចូលរួមចំនួន ១០ ចែកជា ២ ពូល។ សម្រាប់ពូល A មាន ថៃ, ប្រ៊ុយណេ, ហ្វីលីពីន, កម្ពុជា និង ម្ចាស់ផ្ទះ ឡាវ ហើយពូល B មាន វៀតណាម, មីយ៉ាន់ម៉ា, សិង្ហបុរី, ទីម័រខាងកើត និង ម៉ាឡេស៊ី៕
កីឡាករ U-19 កម្ពុជា ៥ រូបមិនអាចមកប្រឡងបាក់ឌុប វិញបានព្រោះជាប់ប្រកួតពានអាស៊ាន នៅឡាវ
0 Comments