ភ្នំពេញ ៖ សម្ពន្ធភាពស្នេហារវាងតារាសម្ដែងសាច់.ស ម៉ដ្ឋរលោងស្ទើរស្រមោចវារលើជ្រុះ កញ្ញា ពេជ្រ អាវីហ្សា និងសង្សារវ័យក្មេង កូនប្រុសអ្នកសម្បូរទ្រព្យសម្បត្តិស្តុកស្តម្ភឈ្មោះ លោក ហេងហាក់ ប្រែប្រួលចម្លែកនារយៈពេលចុងក្រោយនេះ។ ភាពល្អូកល្អិនបានប្រែទៅជាស្ងួតរីងក្រៀមក្រោះគួរឲ្យសង្ស័យ។ អ្នកខ្លះថា ចំណងស្នេហ៍របស់ពួកគេស្ថិតក្នុងសភាពផុយស្រួយ តែខ្លះទៀតយល់ថាពួកគេកំពុងប្រឹងទប់កុំឲ្យជីវិតស្នេហ៍របស់ខ្លួនលាន់ឮដូចគេទូងស្គរចេញទៅខាងក្រៅ…។
ចំណងស្នេហ៍មួយដែលគេរំពឹងថានឹងធ្វើឱ្យតារាសម្តែងស្រីវ័យក្មេងសម្បូរសាច់ដើមទ្រូង នាងពេជ្រ អាវីហ្សា អាចឈានទៅរកសុភមង្គលនៃជីវិតនាពេលអនាគត ពេលនេះបានប្រែទៅជាភាពស្ងប់ស្ងាត់វិញ ប្រៀបដូចជារលកស្ងប់ខ្យល់។ ទន្ទឹមគ្នានេះដែរ ក៏មានការរាយការណ៍ថាប្រហែល២ខែចុងក្រោយនេះ អ្នកទាំងពីរ(មាន អាវីហ្សា- ហេង)បានធ្វើឲ្យគេសម្គាល់ឃើញថា ពួកគេកំពុងនៅឆ្ងាយពីគ្នាដូចមេឃ និងដី ហើយគ្មានការប្រាស្រ័យទាក់ទងគ្នាសោះ សូម្បីតែខ្សែភ្នែកដែលពីមុនធ្លាប់វេញត្របាញ់រកគ្នាក៏ដោយ។
អ្នកសិល្បៈស្និទ្ធស្នាលកញ្ញា ពេជ្រ អាវីហ្សា បានប្រាប់ឱ្យដឹងថា ម្ចាស់ស្នេហ៍ លោក ហេង ដែលគេធ្លាប់ដឹងថា បានចាប់ចិត្តប្រតិព័ទ្ធតារារូបស្រស់ ពេជ្រ អាវីហ្សា ពេលនេះសម្ពន្ធភាពទំនាក់ទងស្នេហារបស់ពួកគេហាក់មានភាពឃ្លាតឆ្ងាយពីគ្នា។ ខណៈថ្មីៗនេះ ក៏មានការបែកធ្លាយដំណឹងថា កំពុងមានអ្នកទី៣ចូលជ្រៀតជ្រែកផ្តាច់ស្នេហ៍របស់ពួកគេទាំងសងខាងផងដែរនោះ។
ប្រភពបានបន្តថា បើតាមការសង្កេត គឺមួយរយៈនេះគូស្នេហ៍គេទាំងពីរនាក់មានភាពខុសប្លែកជាងប៉ុន្មានខែមុន ដែលព័ត៌មានស្នេហានេះមិនទាន់បែកធ្លាយសុសសាយ ហើយគេឧស្សាហ៍ឃើញកញ្ញា ពេជ្រ អាវីហ្សា និងលោក ហេង បណ្ដើរគ្នាទៅណាមកណាដោយស្នាមញញឹម។ មិនត្រឹមតែប៉ុណ្ណោះ គូស្នេហ៍ប្រុសម្នាក់តែងធ្លាប់បង្ហាញការយកចិត្តទុកដាក់ជ្រាលជ្រៅចំពោះនាង ដោយជួយយកអាសាគ្រប់ពេលនាងត្រូវការ។
កម្ពុជាថ្មី នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥នេះ បានព្យាយាមទាក់ទងតាមទូរស័ព្ទដើម្បីសុំការបំភ្លឺពីកញ្ញា ពេជ្រ អាវីហ្សា ដែរជុំវិញការបែកធ្លាយដំណឹងបែកបាក់ស្នេហ៍របស់ពួកគេទាំងពីរខាងលើនេះ ប៉ុន្តែលេខទូរស័ព្ទរបស់នាងប្រព័ន្ធឆ្លើយថា ត្រូវបានបិទ។ ដូច្នេះយើងនឹងស្វែងរកការស្រាយបំភ្លឺពីកញ្ញា ពេជ្រ អាវីហ្សា ជម្រះមន្ទិលនៅពេលក្រោយ។
គួររម្លឹកថា សម្ព័ន្ធស្នេហារវាងតារាសម្តែង កញ្ញា ពេជ្រ អាវីហ្សា និងលោក ហេង បានបែកធ្លាយចេញពីចង្កោមអ្នកសិល្បៈកាលពីចុងឆ្នាំ២០១៣ហើយ ចាប់តាំងពីពេលនោះមក អ្នកទាំងពីរក៏បានផ្តើមមានទំនាក់ទំនងស្និទ្ធស្នាលរហូតបានក្លាយទៅជាគូស្នេហ៍បណ្តើរគ្នាយ៉ាងបើកចំហតែម្តង៕
ពេជ្រ អាវីហ្សា ចំណងស្នេហ៍កាន់តែប្រែប្រួល
0 Comments