Ad Code

នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​បេឡា​រូស​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុ​ជានា​ដើមឆ្នាំ​២០១៦

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​បេឡា​រូស លោក Mikhail Myasnikovich នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នា​ដើមឆ្នាំ​២០១៦ ខាងមុខ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បន្ទាប់ពី​ជំនួប​រវាង​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង ជាមួយ​លោក វ៉ា ឡឺ​រី សា​ដូ​ខូ (Valery Sadokho) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​បេឡា​រូស​ប្រចាំ​កម្ពុជា ប្រចាំ​កម្ពុជា ដែលមាន​និវេសនដ្ឋាន​នៅ​ហានូយ កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៥។


ឯ​លោក ជុំ សុន្ទរី មន្ត្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន បន្ទាប់ពី​ជំនួប​នោះ​ថា នៅក្នុង​ជំនួប​នោះ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​តំណើ​ទស្សនកិច្ច​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ទៅកាន់​ប្រទេស​បេឡា​រូស កាលពី​ខែមេសា ឆ្នាំ​២០១៤ ដែល​ដំណើរ​ទស្សនកិច្ច​នោះ បាន​បើក​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​មួយ​ក្នុង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ដែល​ពេលនោះ​មាន​ឯកសារ​កិច្ចព្រមព្រៀង និង​អនុស្សរណ៍​ចំនួន​១០ ត្រូវ​បាន​ចុះហត្ថលេខា ដើម្បី​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ​។ លោក​បញ្ជាក់ថា នៅ​កិច្ចសន្ទនា លោក​ឯកអគ្គរដ្ឋទូត​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចំរើន​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ក៍​ដូចជា​ការរីកចំរើន​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​។​


នៅ​ក្នុង​ជំនួប​នោះ លោក វ៉ា ឡឺ​រី សា​ដូ​ខូ ឯកអគ្គរដ្ឋទូត​បេឡា​រូស ក៏​បាន​លើក​ឡើង​ផង​ដែរ​ពី​ការចូលរួម​របស់​ប្រតិភូ​បេឡា​រូស​នៅក្នុង​ពិ​ព័​រណ៍​រោងចក្រ ដែល​រៀបចំ​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ ដោយបាន​នាំមក​នូវ​គ្រឿង​ចក្រ​មួយចំនួន​របស់​បេឡា​រូស​មក​ចូលរួម​ក្នុងការ​តាំង​ពិព័រណ៍​នោះ​ផង​ដែរ ហើយ​ការ​តាំង​ពិ​ព័រណ៍​នោះ គឺ​ដើម្បី​អបអរសាទរ​ខួប​លើក​ទី​២០ នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ។


លោក ជុំ សុន្ទរី បាន​ថ្លែង​ដែរ​ថា នៅក្នុង​ជំនួប​នោះ លោក​ឯកអគ្គរដ្ឋទូត​បាន​លើក​ឡើង​ពី​ជំនួប​រវាង​ផ្នែក​ធុរកិច្ច​របស់​បេឡា​រូស ជាមួយ​មន្ទីរ​ពាណិជ្ជក​ម្ម​របស់​ប្រទេស​កម្ពុជា ដែល​បាន​ពិភាក្សា​គ្នា​អំពី​ការ​ពង្រឹង​ពង្រីក​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ​។ ជាមួយគ្នា​នោះ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៍បាន​ជំរុញ​ឲ្យ​ភាគី​ទាំងពីរ​អនុវត្ត​ឲ្យ​បាន​រឹងមាំ​បន្ថែមទៀត ចំពោះ​កិច្ចព្រមព្រៀង​ដែល​បាន​ធ្វើឡើង​នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ទៅកាន់​ប្រទេស​បេឡា​រូស​នោះ។


នៅក្នុង​ជំនួប​នោះ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏​បាន​ស្នើ​ឲ្យ​បេឡា​រូស​គាំទ្រ​កម្ពុជា ដើម្បី​ចូល​ជា​សមាជិក​របស់​អង្គការ​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​អាស៊ី ពីព្រោះ​ការចូលរួម​របស់​កម្ពុ​ជា​នៅក្នុង​អង្គការ​នេះ នឹងចូលរួម​ចំណែក​នៅ​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​របស់​កម្ពុជា​ទៅ​ក្នុង​តំបន់ និង​អន្តរជាតិ​។ ជាមួយគ្នា​នោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ជំរុញ​ឲ្យ​ភាគី​ទាំងពីរ​ខិតខំ ដើម្បី​រៀបចំ​កិច្ចប្រជុំ​មួយ​របស់​គណៈកម្មការ​អន្តររដ្ឋាភិបាល​ខាង​សហប្រតិបត្តិការ​លើ​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​បាន​ឆាប់ ដើម្បី​ជា​ការ​ចូលរួម​អបអរសាទរ​ដល់​ខួប​លើក​ទី​២០ នៃ​ទំនាក់ទំនង​កា​ទូត​រវាង​ប្រទេស​ទាំងពីរ ហើយក៍​បាន​ជំរុញ​ឲ្យ​មានការ​ពិគ្រោះ​យោបល់​ផ្នែក​នយោបាយ​រវាង​ក្រសួងការបរទេស​នៃ​ប្រទេស​ទាំងពីរ លើ​បញ្ហា​តំបន់ និង​បញ្ហា​អន្តរជាតិ ក៍​ដូចជា​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​បេឡា​រូស​មក​កម្ពុជា​នៅ​ដើមឆ្នាំ​ក្រោយនេះ។


តែ​ទោះជា​យ៉ាងណា​នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​បេឡា​រូស លោក Mikhail Myasnikovich មកកាន់​កម្ពុជា​នោះ នៅ​មិនទាន់​ដឹង​ថា នឹង​មាន​កិច្ចព្រមព្រៀង ឬ​អនុស្សរណ​អ្វីខ្លះ ត្រូវ​ចុះហត្ថលេខា​នោះ​ទេ ដោយសារតែ​ពេលនេះ ក្រុមការងារ​កំពុងតែ​ពិភាក្សា​លើ​បញ្ហា​នេះ ថា​តើ​នឹង​អាច​មាន​បញ្ហា​អ្វីខ្លះ​ត្រូវ​ពង្រឹងពង្រីក​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ៕


T-08-26-15-aa-full


T-08-26-15-a-full



នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​បេឡា​រូស​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុ​ជានា​ដើមឆ្នាំ​២០១៦

Post a Comment

0 Comments

Close Menu