Ad Code

សហរដ្ឋអាមេរិក​គាំទ្រ​កម្មវិធី​បណ្តុះបណ្តាល​យុវជន​ស្ម័គ្រចិត្ត​អាស៊ាន​នៅ​កម្ពុជា

ភ្នំពេញ ៖ ដោយ​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សំរាប់​ការអភិវឌ្ឍន៍​អន្តរជាតិ (USAID) និង​ដោយ​ត្រូវ​បាន​អនុវត្ត​តាមរយៈ​ភាពជា​ដៃគូ​រវាង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​សាកលវិទ្យាល័យ University Kebangsaan Malaysia កម្មវិធី​អ្នកស្ម័គ្រចិត្ត​យុវជន​អាស៊ាន​នឹង​បិទ​សកម្មភាព​រយៈពេល​មួយ​ខែ ក្នុ​ងការ​ពង្រឹង​ជំនាញ​ជា​អ្នកដឹកនាំ​ផ្នែក​បរិស្ថាន និង​ជា​អ្នកស្ម័គ្រចិត្ត​នៅ​ភ្នំពេញ នៅ​ថ្ងៃ​សុក្រ ទី​២៨ ខែសីហា ឆ្នាំ​២០១៥។


តាម​សេចក្តីប្រកាស​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ចុះ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៥ ដែល​ទើប​ទទួលបាន​កាលពី​វេលា​ម៉ោង​៦ និង​១៥ នាទី មុននេះ បាន​ឲ្យ​ដឹងថា អ្នកសារព័ត៌មាន​ត្រូវបាន​អញ្ជើញ​អោយចូល​រួម​នៅក្នុង​ពិធី​បិទ នៅ​ថ្ងៃ​សុក្រ​ទី​២៨ ខែសីហា វេលា​ម៉ោង ២:៣០ រសៀល នៅ​សាលប្រជុំ​នៃ​វិទ្យាស្ថាន​បច្ចេកទេស​នៃ​កម្ពុជា តាម​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុង​រាជធានី​ភ្នំពេញ​។ ក្នុងចំណោម​វាគ្មិន​ដែល​ថ្លែង​នៅក្នុង​ពិធី​នោះ មាន​លោកស្រី Julie Chung ភារធារី​នៃ​ស្ថានទូត​សហរដ្ឋអាមេរិក នៅ​រាជធានី​ភ្នំពេញ លោក​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក​បណ្ឌិត Datuk បណ្ឌិត Noor Azlan Ghazali អនុប្រធាន​សាកលវិទ្យាល័យ University Kebangsaan Malaysia និង​បណ្ឌិត ឱម រមនី អគ្គនាយក​នៃ​វិទ្យា​បច្ចេកទេស​នៃ​កម្ពុជា​។​


ស្ថានទូត​បញ្ជាក់ថា នៅក្នុងពេល​រៀនសូត្រ យុវជន​ស្ម័គ្រចិត្ត​អាស៊ាន​ចំនួន​៤៩ នាក់ រួមទាំង ១១ នាក់​មកពី​ប្រទេស​កម្ពុជា បាន​រៀន​ជំនាញ​ស្តីពី​ភាពជា​អ្នកដឹកនាំ​របស់គេ តាមរយៈ​សកម្ម​ភាពជាក់​ស្តែង ដើម្បី​ស្វែងយល់ថា តើ​យុវជន​អាស៊ាន​អាច​ដើរតួ​បាន​យ៉ាងដូចម្តេច នៅក្នុង​សហគមន៍​របស់គេ ពិសេស ដោយ​ការពារ​បរិស្ថាន​។ ជា​ផ្នែក​មួយ​នៃ​សកម្មភាព​របស់គេ គេ​ចូលរួម​ជាមួយ​សហគម​ន៍​នៅ​ភូមិ​បណ្តែត​ទឹក​ក្រគ​នៃ​ខេត្តពោធិសាត់ នៅក្នុង​គំរោង​អនាម័យ​ទឹក និង​អនាម័យ​ខ្លួនប្រាណ​។ ពិធី​នៅ​ថ្ងៃ​សុក្រ​នឹង​មានការ​ថ្លែង​សុន្ទរកថា​របស់​មេឃុំ​ដែល​មកពី​ភូមិ​បណ្តែត​ទឹក ព្រមទាំង​ការ​បញ្ចាំង​វីដេអូ​ឯកសារ​ល្អ​បំផុត ដែល​ផលិត​ដោយ​អ្នកស្ម័គ្រចិត្ត​។​


សូមបញ្ជាក់ថា កម្មវិធី​អ្នកស្ម័គ្រចិត្ត​យុវជន​អាស៊ាន​ធ្វើការ​ជាមួយ​សហគមន៍​ដើម្បី​រកមើល​ដំណោះស្រាយ​ថ្មីៗ ចំពោះ​បញ្ហា​ប្រឈម​ផ្នែក​បរិស្ថាន សេដ្ឋកិច្ច វប្បធម៌ និង​សង្គម នៅក្នុង​តំបន់ ដោយ​ទន្ទឹមនឹងនោះ បណ្តុះ​ស្មារតី​នៃ​អត្តសញ្ញាណ​អាស៊ាន​៕



សហរដ្ឋអាមេរិក​គាំទ្រ​កម្មវិធី​បណ្តុះបណ្តាល​យុវជន​ស្ម័គ្រចិត្ត​អាស៊ាន​នៅ​កម្ពុជា

Post a Comment

0 Comments

Close Menu