ភ្នំពេញ ៖ ដោយសារតែស្រវឹងខ្លាំងពេកមន្ត្រីយោធាម្នាក់បានបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកMAZDA ពាក់ស្លាកលេខ(ខ.ម) បោះពួយយ៉ាងលឿនតាមបណ្ដោយផ្លូវនរោត្តមបួងចង្កូតបត់កេលតាមរង្វង់មូលវត្តភ្នំមិនទាន់ក៏ជ្រុលហោះទៅបុកដើមគគីរនៅខាងមុខនាឡិកាពេញទំហឹងកៀបជាប់បណ្ដាលឲ្យខ្ទេចរថយន្ត និងរងរបួសធ្ងន់ធ្ងរខ្លួនឯងកាលពីវេលាម៉ោង២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកMAZDA BT-50 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ខេមរភូមិន្ទ2 2-9698 បើកបរដោយមន្ត្រីយោធាម្នាក់មានអាការៈស្រវឹងស្រាជោកជាំ ដែលទើបចេញពីផឹកស៊ីបានបើកបោះពួយយ៉ាងលឿន និងរេពេញបណ្ដោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចរង្វង់មូលវត្តភ្នំដែលជាចំណុចផ្លូវកោងមិនបន្ថយល្បឿន បួងចង្កូតបត់កេលមិនទាន់ក៏ហោះទៅបុកដើមគគីរពេញទំហឹងបណ្ដាលឲ្យរថយន្តរងការខូចខាតខ្ទេចមួយកំណាត់មុខ។ រីឯអ្នកបើកបររថយន្តរូបនោះដោយមានការធ្វេសប្រហែសមិនបានពាក់ខ្សែក្រវាត់ការពារសុវត្ថិភាព ក៏បានបោកក្បាលនឹងចង្កូត រួមទាំងកញ្ចក់រងរបួសធ្ងន់ធ្ងរ ហើយត្រូវបានគេហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗដែរ។
ប្រភពព័ត៌មានបានបន្តទៀតថា ក្នុងហេតុការណ៍នោះដែរ កម្លាំងសមត្ថកិច្ចមូលដ្ឋានដែលចុះមកអន្តរាគមន៍កន្លែងកើតហេតុបានសហការជាមួយជំនាញធ្វើការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយនាពេលក្រោយ បន្តទៀត ពីព្រោះរថយន្តនោះបានបង្កឲ្យខូចខាតរបងដែកដែលសាលារាជធានីភ្នំពេញជួញជុលថ្មី និងប៉ះពាល់ដើមគគីរទៀតផង៕
យោធាម្នាក់ចេញពីផឹកស្រវឹងធ្លាក់ភ្នែកបើករថយន្តហោះបុកដើមគគីរវត្តភ្នំរងរបួសធ្ងន់ខ្លួនឯង
0 Comments