សៀមរាប ៖ បទល្មើសនេសាទប្រភេទឆ្នុក ត្រូវបានគេសង្កេតឃើញមានពាសពេញផ្ទៃបឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកជីក្រែង និស្រុកសូទ្រនិគម នៃខេត្តសៀមរាប នៅក្រោមការគ្រប់គ្រងផ្ទាល់ពីសំណាក់លោកព្រិន្ទ សាវិន នាយខណ្ឌរដ្ឋបាលជលផលដុះស្លែប្រចាំខេត្តសៀមរាប។
នាពេលថ្មីៗនេះប្រមុខនៃរាជរដ្ឋាភិបាល និងក្រសួង កសិកម្ម បានដាក់បទបញ្ជាឲ្យលុបបំបាត់ចោលទាំងស្រុង នូវបទល្មើសដាក់ឆ្នុក ដែលជាបទល្មើសដាក់អំពូលភ្លើងនៅពីលើទឹក ដើម្បីឲ្យសត្វល្អិត មករោម ហើយធ្លាក់ចូលទឹក ត្រីក៏មកស៊ីសត្វល្អិត ក្រោយមកឆ្នុកដែលជាឧបករណ៍នេសាទហាមឃាត់នេះ ប្រៀបបានទៅនឹងមុងចងផ្ងារជើងឡើងលើ បានលើកឧបករណ៍នោះ ចាប់ត្រីតូចធំ គ្រប់ប្រភេទ ក្នុងមួយថ្ងៃរាប់សិប តោន ដើម្បីយកត្រីទាំងនោះ មកកិនជាចំណីត្រីឆ្ដោរ។
ជាក់ស្តែង រដូវត្រីពងកូន ឧបករណ៍នេសាទខុសច្បាប់គ្រប់ប្រភេទ ស្ថិតនៅ ស្រុកជីក្រែង មានការប្រើប្រាស់ឧបករណ៍នេសាទប្រភេទស្បៃមុង និងបរមានសាច់រ៉ាវ ត្រូវបានក្រុមឈ្មួញយកកូនត្រីទាំងនេះទៅចែកចាយ ឲ្យអ្នកចិញ្ចឹមកូនត្រីឆ្ដោរ តាមបែរត្រីឆ្ដោរ និងតាមស្រះចិញ្ចឹមកូនត្រីឆ្ដោរយ៉ាងរលូន។
លោក យឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលអន្លង់សំណរឲ្យដឹងថា លោកមិនទាន់បានបង្ក្រាប និងទប់ស្កាត់ ឧបករណ៍នេសាទប្រភេទស្បៃមុង និងឧបករណ៍នេសាទខុសច្បាប់ផ្សេងៗ នៅតាមមាត់វាលស្រូវប្រាំងនៅឡើយទេ ព្រោះលោកកំពុងបង្ក្រាបបទល្មើស នេសាទតាមមាត់ទន្លេសាប ជាពិសេស ការចាក់បំផ្លាញកូនត្រីឆ្ដោរជាដើម។ លោកបន្តថា ករណីចិញ្ចឹមកូនត្រីឆ្តោរនេះ ខាងលោកកំពុងរៀបចំកម្លាំងចុះហើយនាពេលឆាប់ៗនេះ។
ចំណែកលោក ព្រិន្ទ សាវិន នាយខណ្ឌ រដ្ឋបាលជលផលខេត្តសៀមរាប កម្ពុជាថ្មី មិនអាចសុំការបំភ្លឺពីលោកបានទេនៅរសៀលថ្ងៃទី២១នេះ ដោយហៅទូរស័ព្ទទៅលោកជាច្រើនដងតែគ្មានអ្នកទទួល។
ទាក់ទិនទៅនិងករណីនេះដែរ មហាជនបានរិះគន់យ៉ាងខ្លាំងចំពោះលោក ព្រិន សាវិន នាយខណ្ឌរដ្ឋបាលជលផល សៀមរាបថា លោកបង្ក្រាបបានតែប្រជាពលរដ្ឋដាក់ស្បៃមុង បួន ដប់ម៉ែត្រទេ។ ចំណែកឈ្មួញដាក់ចាប់ពីរាប់រយម៉ែត្រ និងបែរត្រីឆ្ដោររាប់រយកន្លែងមិនហ៊ានបង្ក្រាបនោះទេ ដូច្នេះ ប្រជាពលរដ្ឋសំណូមពរថា បើចាប់គឺត្រូវចាប់ទាំងអស់ មិនត្រូវមានការលើកលែងនោះទេឬក៏ទុកសម្រាប់ចិញ្ចឹមឆ្នាំងបាយនោះទេ។
សូមរំលឹកថា បទល្មើសនេសាទដែលកើតមានច្រើនជាងគេនៅក្នុងខេត្តសៀមរាបគឺនៅក្នុងផ្នែកចុងឃ្នៀស ផ្នែកពោធិទ្រាយ និងផ្នែកសូទ្រនិគមហើយផ្នែកទាំងនោះគឺនៅក្រោមការគ្រប់គ្រងនិងក្តោបក្តាប់ របស់លោកព្រិន្ទ សាវិន ជានាយខណ្ឌរដ្ឋបាលជលផលខេត្ត ហើយក៏មានលោកខេត្តរងម្នាក់ជួយគ្រប់គ្រងបន្តផងដែរ៕
បទល្មើសនេសាទប្រភេទឆ្នុកកំពុងផុសផុលនារដូវត្រីបិទនេសាទនៅស្រុកជីក្រែង
0 Comments