បាត់ដំបង ៖ ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ចំនួន១៦០គ្រួសារ និងអ្នកផ្ទុកមេរោគអេដស៍សរុបនៅទូទាំងខេត្តប្រមាណជាង៤.០០០នាក់ ត្រូវបានកាកបាទក្រហមកម្ពុជា រួមជាមួយសាខាកាកបាទក្រហមខេត្តបាត់ដំបងនាំយកអំណោយទៅចែកជូនដល់មូលដ្ឋាននាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥ ដោយចាប់ផ្ដើមមុនគេ គឺទីតាំងស្រុកកំរៀងទើបឆ្ពោះទៅស្រុកដទៃទៀត។
នៅក្នុងពិធីចែកអំណោយនោះដែរ គេសង្កេតឃើញវត្តមានរបស់លោកស្រី ពុំ ចន្ទីនីអគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា លោក អ៊ុក វង្ស ប្រធានក្រុមប្រឹក្សាខេត្ត លោក ប៊ុត គឹមស៊ាន អភិបាលរងខេត្ត និងជាប្រធានគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងប្រតិភូអមដំណើរជាច្រើនរូបផងដែរ។
យោងតាមរបាយការណ៍របស់លោក កង ប៊ន ប្រធានសាខាកាកបាទក្រហមខេត្តបានឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃ គឺនៅថ្ងៃទី២១ ខែកញ្ញានេះ ក្រុមការងារបាននាំយកអំណោយជាច្រើនដើម្បីយកទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ផង និងប្រជាពលរដ្ឋដែលមានផ្ទុកមេរោគអេដស៍នៅទូទាំងខេត្តផង ដោយនៅថ្ងៃនេះគឺធ្វើឡើងចំនួន៥ស្រុកបន្តបន្ទាប់គ្នា។
លោកប្រធានសាខាបានបញ្ជាក់ថា ជាក់ស្ដែងប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅក្នុងស្រុកបវេលមានចំនួន១៦០គ្រួសារ ដោយមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១០កញ្ចប់ ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ និងថវិកាមួយម៉ឺនរៀល ចំណែកអ្នកផ្ទុកមេរោគអេដស៍នៅក្នុងស្រុកបវេលនេះដែរគឺមានចំនួន៣៣៦នាក់ ស្រុកកំរៀងមានចំនួន២១៣នាក់ ស្រុកភ្នំព្រឹកមានចំនួន១៦០នាក់ ស្រុកសំពៅលូនមានចំនួន១៥០នាក់ និងស្រុកថ្មគោលមានចំនួន៨៤៩នាក់ ដោយក្នុងម្នាក់ៗទទួលបាននូវអង្ករ៣០គីឡូក្រាម មី១កេះ ត្រីខ១០កំប៉ុង និងឃីតមួយ ដោយក្នុងនោះមាន មុង ភួយ សារុង ក្រមា។
របាយការណ៍បានបន្តថា នៅថ្ងៃទី២២ ខែកញ្ញាស្អែកនេះ ក្រុមការងារ នឹងបន្តទៅចែកជូនដល់ អ្នកផ្ទុកមេរោគអេដស៍នៅក្នុងស្រុករតនៈមណ្ឌល និងស្រុកបាណន់ ហើយនៅថ្ងៃទី២៣ ខែកញ្ញា និងបន្តទៅកាន់ស្រុកឯកភ្នំ ស្រុកគាស់ក្រឡ ស្រុកមោងឬស្សី និងក្រុងបាត់ដំបងដែលសរុបអ្នកដែលផ្ទុកមេរោគអេដស៍នៅទូទាំងខេត្តមានចំនួន៤.៥០១នាក់។
នេះគឺជាកាយវិការមួយដ៏ល្អសម្រាប់កាកបាទក្រហមកម្ពុជាដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានដែលសម្តេចតែងតែមានគំនិតគិតដល់ប្រជាពលរដ្ឋជាធំ ព្រោះកន្លងមកទីណាមានការលំបាក ទីនោះតែងតែមានវត្តមានកាកបាទក្រហមចុះជួយជានិច្ច ជាក់ស្ដែងដូចក្នុងថ្ងៃនេះជាដើម ដែលសម្ដេចបានចាត់តាំងទីប្រឹក្សាផ្ទាល់នាំយកអំណោយមកចែកជូនដល់ដៃប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្នុងខេត្តបាត់ដំបងដែលធ្វើឲ្យប្រជាពលរដ្ឋមានការសប្បាយចិត្តយ៉ាងក្រៃលែង និងមានជំនឿយ៉ាងមុតមាំដល់ថ្នាក់ដឹកនាំ ក៏ដូចជាប្រមុខនៃរាជរដ្ឋាភិបាលផងដែរ៕
កាកបាទក្រហមកម្ពុជាចុះចែកអំណោយដល់ជនរងគ្រោះដោយទឹកជំនន់ និងអ្នកផ្ទុកមេរោគអេដស៍
0 Comments