ពោធិ៍សាត់ ៖ គ្រាន់តែរយៈពេល២ថ្ងៃសោះមានករណីគ្រោះថ្នាក់ចរាចរក្នុងស្រុកក្រគរនៅលើផ្លូវជាតិលេខ៥ដល់ទៅបីករណីបណ្ដាលឲ្យមានមនុស្ស២នាក់ស្លាប់និងកន្លែងយ៉ាងអាណោចអធ័មដោយសាររថយន្តបើកល្បឿនលឿនបុកពីក្រោយហើយគេចបាត់ ឯមួយករណីទៀតសំណាងណាស់រថយន្តក្រុងដឹកអ្នកដំណើរបែកកង់ធ្លាក់ទៅស្រែពុំមានអ្នករបួស។
បើតាមលោក ឈិត វណ្ណា នាយរងប៉ុស្តិ៍នគរបាលត្នោតជុំបានឲ្យដឹងថា មានរថយន្តមួយគ្រឿងធ្វើចរាចរតាមផ្លូវជាតិលេខ៥ស្របទិសគ្នាជាមួយម៉ូតូយោធាម្នាក់ហើយរថយន្តនោះបានបើកលឿនបានបុកម៉ូតូមន្ត្រីយោធានោះពីក្រោយស្លាប់តែម្តង។ លោកបន្តឲ្យដឹងថា មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកដែលគេអះអាងថា ជាប្រភេទរថយន្តក្រុង បានធ្វើដំណើរពីកើតទៅលិចពេលដែលទៅដល់ត្រង់ស្ពានស្រង់ធំ ត្រង់ចំណុចគីឡូម៉ែត្រ១៧៧-១៧៨ នៅក្នុងភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក៏បានបុកម៉ូតូមន្ត្រីយោធាម្នាក់ឈ្មោះ ឃុន ទ្រី នៅឃុំកើតហេតុកំពុងជិះម៉ូតូសេ១២៥ពណ៌ខ្មៅម្នាក់ឯង ពីក្រោយស្លាប់ភ្លាមៗហើយរថយន្តនោះបង្កើនល្បឿនបើកគេចបាត់។
លោកបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៥និង៥២នាទីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥ ត្រង់ចំណុចភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក ឈិត វណ្ណា ក៏បានបន្តទៀតថា ករណីគ្រោះថ្នាក់លើកទី១ទើបតែប្រគល់សពជូនក្រុមគ្រួសារជនរងគ្រោះ ស្រាប់តែនៅវេលាម៉ោង៨និង១៥នាទីយប់នៅថ្ងៃដដែលនោះ ក្នុងភូមិឃុំដដែលខុសគ្នាមួយគីឡូដីត្រង់ចន្លោះគីឡូម៉ែត្រលេខ១៧៥និង១៧៦ ក៏មានរថយន្តក្រុងរបស់ក្រុមហ៊ុនកាពីតូមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3B-76626 ចំណុះ៤៥កៅអីដែលផ្ទុកមនុស្សជិះលើនោះចំនួន៣២នាក់បានធ្វើចរាចរពីទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនពេលដែលមកដល់ចំណុចកើតហេតុខាងលើ ក៏បានបែកកង់ខាងស្តាំផ្នែកខាងមុខ ធ្វើឲ្យរថយន្តទេសចរណ៍នោះបានវេចង្កូតទៅខាងឆ្វេងផ្លូវបើករះចិញ្ចើមបាន ប្រវែង៤០ទៅ៥០ម៉ែត្រធ្វើឲ្យអ្នកជិះនោះព្រលឹងចុងសក់ តែមិនក្រឡាប់ ហើយក៏វេចេញពីផ្លូវជាតិទៅខាងជើងផ្លូវជាតិលេខ៥ ប្រមាណជា៥ទៅ៦ម៉ែត្រនៅឈរឆ្ងក់ ដោយសំណាងល្អមិនក្រឡាប់ ហើយមនុស្សក៏មិនមានរងរបួសដែរ ចំណែកតៃកុងឡានបានរត់គេចខ្លួនបាត់។
បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍កាលពីក្បាលព្រលប់ពីករណីខាងលើថ្ងៃទី២១កញ្ញារួចហើយ នៅវេលាម៉ោង៣និង៤០នាទីទៀបភ្លឺថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ នៅក្នុងភូមិប៉ប៉ិត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក៏មានករណីគ្រោះថ្នាក់ចរាចរមួយករណីទៀតបានកើតឡើងមួយករណីទៀត។ បើតាមលោក សេង គឹមហ៊ួ នាយប៉ុស្តិ៍រដ្ឋបាលឃុំអន្លង់ត្នោតឲ្យដឹងថា មានបុរសម្នាក់ត្រូវរថយន្តមិនស្គាល់ភិនភាគបុកបន្តបន្ទាប់គ្នា បណ្ដាលឲ្យដាច់រាងកាយជាបំណែកៗខ្ចាយពេញផ្លូវ មើលសឹងមិនស្គាល់អត្តសញ្ញាណ ហើយព្រឹកឡើងទើបបង្កការភ្ញាក់ផ្អើល។
លោកក៏បានបន្តថា លុះដល់ម៉ោង៦និង៣០នាទីព្រឹកទើបមានការភ្ញាក់ផ្អើល ហើយខាងរដ្ឋបាលប៉ុស្តិ៍ក៏ធ្វើការស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះទើបដឹងថា បុរសម្នាក់នោះមានឈ្មោះឃុត វុធ មានទីលំនៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយមានការអះអាងរបស់ក្រុមគ្រួសារជនរងគ្រោះបញ្ជាក់ថា ជនរងគ្រោះជាមនុស្សវិកលចរិត ហើយបច្ចុប្បន្នសពត្រូវបានគេប្រមូលយកទៅឲ្យក្រុមគ្រួសារទៅធ្វើបុណ្យតាមប្រពៃណី៕
រយៈពេល២ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ដល់ទៅបីករណីលើផ្លូវជាតិលេខ៥ក្នុងស្រុកក្រគរបណ្ដាលឲ្យស្លាប់២នាក់
0 Comments