Ad Code

ចោរ​ប្រដាប់​អាវុធ​ពីរ​នាក់​ជិះ​ម៉ូតូ​មក​កៀរ ​ភ្ជង់​ប្លន់​យក​ម៉ូតូ​ពី​យុវជន​ម្នាក់​បានសម្រេច​

ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​បាន​ជនសង្ស័យ​ពីរ​នាក់​ជិះ​ម៉ូតូ​មក​កៀរ​ ឲ្យ​ឈប់​រួច​ដក​កាំភ្លើងខ្លី​មក​ភ្ជង់​ប្លន់​យក​ម៉ូតូ​បានសម្រេច​ហើយ​នាំគ្នា​ជិះ​គេច​ខ្លួន​បាត់​ ដោយ​សុវត្ថិភាព ​តែ​មិន​មាន​ធ្វើ​ឲ្យ​ជនរងគ្រោះ​រង​របួស​នោះ​ឡើយ។


ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៩​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៣​ខែកញ្ញា​ឆ្នាំ​២០១៥​ស្ថិត​នៅតាម​បណ្តោយ​ផ្លូវ​បេតុង​ក្នុងភូមិ​ព្រៃ​ព្រីង​ ខាងជើង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ ជនរងគ្រោះ​មានឈ្មោះ​ម៉ុង លីដា​ ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​មុខរបរ​ជា​ជាងសំណង់​បច្ចុប្បន្ន​ស្នាក់​ភូមិ​គោក​ឃ្លាង​ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​​ជិះ​មួយ​គ្រឿង​ម៉ាក ស៊ុយ​សុ​គី​ស្មាស់​វី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ១CB2881


ជនសង្ស័យ​មាន​គ្នា​ពីរ​នាក់​ជិះ​ម៉ាក​វ៉េវ​មួយ​គ្រឿង​ គ្មាន​ស្លាក​លេខ​ប្រដាប់​ដោយ​កាំភ្លើងខ្លី​១​ដើម​មិន​ស្គាល់​ម៉ាក។ តាម​ប្រភព​ពី​សមត្ថកិច្ច​បានឲ្យ​ដឹង​ថា មុនពេល​កើតហេតុ​បាន​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​ចេញពីផ្ទះ​មិត្តភក្ដិ​នៅ​ម្ដុំ​រោងចក្រ​ ឃ្យូ​អឹម​អាយ​ក្បែរ​កន្លែង​កើតហេតុ​នោះ​ដែរ​ខណៈ​មកដល់​ចំណុច​កើតហេតុ​ខាងលើ​ស្រាប់​មាន​ជនសង្ស័យ​ពីរ​នាក់​មិនដឹង​ជា​ចេញ​មកពី​ចំណុច​ណា​ទេ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាកវ៉េវ​អត់​ស្លាក​លេខ​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម​ មិន​ស្គាល់​ម៉ាក​ជិះ​មក​កៀរ​ជន​រងគ្រោះ​ឲ្យ​ចូល​កៀន​ចិញ្ចើម ផ្លូវ ​ហើយ​ដក​កាំភ្លើង​ភ្ជង់​ប្លន់​យក​ម៉ូតូ​ពី​ជនរងគ្រោះ​បានសម្រេច​រួច​ជិះ​ម៉ូតូ​ត្រឡប់​ក្រោយ​វិញ​គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព។


ក្រោយពី​កើតហេតុ​ជនរងគ្រោះ​បាន​រត់​ទាំង​ភ័យ​ស្លន់ស្លោ​ចូលក្នុង​ប៉ុស្តិ៍​ចោមចៅ​ ដើម្បី​មក​ដាក់ពាក្យ​បណ្តឹង​ក្រែង​ថ្ងៃ​ណាមួយ​អាច​តាម​ចាប់​ជនជាប់សង្ស័យ​មក​បាន។ គេ​សង្កេត​ឃើញថា ​ឲ្យ​តែ​មាន​កម្មវិធី​បុណ្យទាន​ប្រពៃណី​ធំៗ​ដូចជា​ពេល​បុណ្យចូលឆ្នាំ ​ឬ​បុណ្យ​ភ្ជុំបិណ្ឌ​ជាដើម​ក្រុម​ជន​ខិល​ខូច​តែងតែ​ឆក់​ឱកាស​ធ្វើ​សកម្មភាព​យ៉ាង​ងងើល​ហាក់​គ្មាន​កោតខ្លាច​សមត្ថកិច្ច​ឡើយ​៕


Nita-23-A-1-full


Nita-23-A-2-full


 



ចោរ​ប្រដាប់​អាវុធ​ពីរ​នាក់​ជិះ​ម៉ូតូ​មក​កៀរ ​ភ្ជង់​ប្លន់​យក​ម៉ូតូ​ពី​យុវជន​ម្នាក់​បានសម្រេច​

Post a Comment

0 Comments

Close Menu