Ad Code

សាលា​ខេត្ត​កណ្ដាល​បញ្ចេញ​ថវិកា​ជាង​៦​ម៉ឺន​ដុល្លារ​ឧបត្ថម្ភ​សិស្ស​ជាប់​បាក់​ឌុប​

កណ្ដាល ៖ បាន​ប្រកាស​បញ្ចេញ​ថវិកា​ចំនួន​ជាង​៦​ម៉ឺន​ដុល្លារ​សម្រាប់​ឧបត្ថម្ភ​សិស្ស​ប្រលង​ជាប់​បាក់​ឌុប​ក្នុង​ឆ្នាំ​សិក្សា​២០១៤-២០១៥​នេះ។ ការប្រកាស​នេះ​ធ្វើឡើង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សិស្ស​ប្រលង​ជាប់​និទ្ទេស​(A) ចំនួន​៣​នាក់ និង​សិស្ស​ប្រលង​ជាប់​បាក់​ឌុប​៤៩៣​នាក់​នៅ​ក្នុង​ក្រុង​តាខ្មៅ រួម​នឹង​លោកគ្រូ​ អ្នកគ្រូ ​និង​ថ្នាក់​ដឹកនាំ​ខេត្ត​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៥​នេះ។


លោក ម៉ៅ ភិ​រុណ អភិបាល ​នៃ​គណៈ​អភិបាល​ខេត្ត​កណ្ដាល​មាន​ប្រសាសន៍​ថា ក្នុង​គោល​នយោបាយ​លើក​កម្ពស់​វិស័យ​អប់រំ និង​លើកទឹកចិត្ត​ដល់​សិស្ស​ដែល​ប្រលង​ជាប់​បាក់​ឌុប​ក្នុង​ឆ្នាំ​សិក្សា​២០១៤​ល​-២០១៥​នេះ សាលាខេត្ត​កណ្ដាល​បាន​បញ្ចេញ​ថវិកា​ចំនួន​៦០,៦៤០​ដុល្លារ ​សហរដ្ឋ​អាមេរិក​ដើម្បី​ឧបត្ថម្ភ​ដល់​សិស្ស​នៅ​ទូទាំង​ខេត្ត​កណ្តាល​ដែល​ប្រលង​បាក់​ឌុប​ជាប់​នៅ​ក្នុង​ឆ្នាំនេះ ដោយ​ម្នាក់ៗ​ត្រូវ​ទទួល​ថវិកា​១០០​ដុល្លារ​សម្រាប់​ការងារ​ដាក់ពាក្យ​ប្រលង​របស់​ខ្លួន​បន្ត​ទៅ​ថ្នាក់​មហាវិទ្យាល័យ ដោយឡែក​សិស្ស​ជាប់​និទ្ទេស​(A)​ចំនួន​៣​នាក់​នៅ​ក្នុង​ក្រុង​តាខ្មៅ​ទទួល​បាន​ម៉ូតូ​SCOPY ស៊េរី​ឆ្នាំ​2015 ម្នាក់​១​គ្រឿង​ អម​ជា​មួយ​នឹង​ថវិកា​១០០​ដុល្លារ​ផង​ដែរ។


លោក​បញ្ជាក់​ថា ថវិកា​នេះ​មិនមែន​ជា​ថវិកា​របស់​រដ្ឋ​នោះ​ទេ ប៉ុន្តែ​ជា​ថវិកា​ដែល​ទទួល​បាន​ពី​ការ​កៀរគរ​ពី​សម្បុរ​សជន​នានា​រួមមាន ​ថ្នាក់ដឹកនាំ​ជុំវិញ​ខេត្ត អ្នក​វិនិយោគិន​មួយ​ចំនួន​ និង​ការ កៀរគរ​ពី​មិត្តភ័ក្ដិ​របស់​លោក​មួយ​ចំនួន​ទៀត​ផង​ដែរ។​


សូម​ជម្រាប​ថា នៅ​ទូទាំង​ខេត្ត​កណ្តាល​មាន​បេក្ខជន​ដាក់ពាក្យ​ប្រលង​ចំនួន​៧,០៨៨​នាក់ ប្រលង​ជាប់​ចំនួន​៣,៤៥១​នាក់ ស្មើនឹង​៤៨,៦៩​ភាគរយ បើ​ធៀប​នឹង​ឆ្នាំមុន​កើន​២១,១២​ភាគរយ ក្នុង​នោះ​និទ្ទេស​A កើន​៣​នាក់ និង​និទ្ទេស​B​កើន​៤៨​នាក់ និទ្ទេស​C​កើន​១១៦​នាក់ និទ្ទេស​D២៧៤​នាក់​និង​និទ្ទេស​E​កើន​៣៣០​នាក់​៕
Pisey-2015-09-23-full-a




សាលា​ខេត្ត​កណ្ដាល​បញ្ចេញ​ថវិកា​ជាង​៦​ម៉ឺន​ដុល្លារ​ឧបត្ថម្ភ​សិស្ស​ជាប់​បាក់​ឌុប​

Post a Comment

0 Comments

Close Menu